អាមេរិក ជប៉ុន និងកូរ៉េខាងត្បូងជួបពិភាក្សាត្រីភាគីដើម្បីដោះស្រាយ «បញ្ហាប្រឈមសំខាន់ៗក្នុងសតវត្សទី២១»

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក​លោក អាន់តូនី ប្លីងឃិន​ បាន​ជួប​ជាមួយ​នឹង​សមភាគី​របស់​លោក​គឺ លោក ហាយ៉ាស៊ី យ៉ូស៊ីម៉ាសា (Hayashi Yoshimasa) រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន និង​លោក​ ឈុង អឹយុង (Chung Eui-yong) រដ្ឋមន្ត្រី​ការបរទេស​កូរ៉េ​ខាង​ត្បូង​ កាល​ពី​ថ្ងៃ​សុក្រ​កន្លង​ទៅ នៅ​ឯ​កោះ​ហាវ៉ៃ សហរដ្ឋ​អាមេរិក​។

ជំនួប​រវាង​រដ្ឋមន្ត្រី​ទាំង​ ៣រូប​នេះ​បាន​ចេញ​នូវ​សេចក្ដីថ្លែងការណ៍​រួម​មួយ ដោយ​ក្នុង​ឯកសារ​នោះ​ដែរ​បាន​ឱ្យ​ដឹង​ថា ប្រមុខ​ការទូត​នៃ​ប្រទេស​សម្ព័ន្ធមិត្ត​ត្រីភាគី​នេះ​ពិភាក្សា​ស្វះស្វែង​រក​ដំណោះស្រាយ​សម្រាប់​ «បញ្ហា​ប្រឈម​សំខាន់ៗ​នៅ​ក្នុង​សតវត្ស​ទី២១»​ នេះ​។

ក្នុង​ជំនួប​នោះ​ដែរ ប្រទេស​ទាំង​ ៣បាន​លើក​យក​ពី​បញ្ហា​នៃ​ការ​បាញ់​មីស៊ីល​របស់​កូរ៉េ​ខាង​ជើង បញ្ហា​នៅ​អ៊ុយក្រែន វិបត្តិ​នៅ​មីយ៉ាន់ម៉ា ព្រម​ទាំង​បញ្ហា​ផ្សេងៗ​ទៀត​ដូច​ជា​ ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ-១៩ វិបត្តិ​អាកាសធាតុ បញ្ហា​សេដ្ឋកិច្ច​នានា ក៏​ដូច​ជា​បញ្ហា​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ ជា​ដើម។

ទន្ទឹម​នឹង​នេះ​ដែរ សម្ព័ន្ធមិត្ត​នេះ​បាន​បង្ហាញ​ពី​គោលជំហរ​ណា​​​ប្រឆាំង​នឹង​សកម្មភាព​ឯកតោភាគី​ណា​មួយ​ ដែល​ប៉ុនប៉ង​ផ្លាស់ប្ដូរ​បច្ចុប្បន្នភាព​ និង​បង្កើន​ភាព​តានតឹង​នៅ​ក្នុង​តំបន់។ អស់​លោក​ទាំង ៣ សង្កត់​ធ្ងន់​ពី​សារៈសំខាន់​នៃ​ច្បាប់​អន្តរជាតិ ក៏​ដូច​ជា​សន្តិភាព​នៅ​តំបន់​ច្រកសមុទ្រ​តៃវ៉ាន់។

ជាមួយ​គ្នា​នេះ​ដែរ រដ្ឋមន្ត្រី​ទាំង​ ៣ ប្ដេជ្ញា​នឹង​បន្ត​សហប្រតិបត្តិការ​លើ​គុណតម្លៃ​រួម និង​ការពារ​សន្តិភាព ស្ថិរភាព និង​វិបុលភាព​របស់​តំបន់ ហើយ​សន្យា​ថា​នឹង​បន្ត​ជួប​គ្នា​ឱ្យ​បាន​ទៀងទាត់​ ដើម្បី​ពិគ្រោះ​យោបល់​លើ​បញ្ហា​ប្រឈម​សំខាន់ៗ​នៅ​ក្នុង​តំបន់ និង​ពិភពលោក៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner