ច្រកព្រំដែនកាណាដា-អាមេរិកបើកឡើងវិញ បន្ទាប់ពីប៉ូលិសដកអ្នកតវ៉ាចេញ

ផ្លូវ​ពាណិជ្ជកម្ម​ដ៏​សំខាន់​ដែល​ជា​ព្រំដែន​​កាណាដា-សហរដ្ឋ​អាមេរិក​ ត្រូវ​បាន​បើក​ឡើង​វិញ​ក្រោយ​ប៉ូលីស​ចេញ​ចំណាត់​ការ​ បន្ទាប់​ពី​បិទ​អស់​រយៈ​ពេល​មួយ​សប្ដាហ៍​ដោយ​​​អ្នក​បើកបរ​ឡាន​ដឹក​ទំនិញ​ ​និង​អ្នក​ផ្សេង​ទៀត​ ដែល​ធ្វើ​បាតុកម្ម​តវ៉ា​ប្រឆាំង​នឹង​វិធាន​ការ​កូវីដ​។​

ស្ពាន​ Ambassador ​ដែល​ជា​ច្រក​ឆ្លង​កាត់​ព្រំដែន​ដ៏​មមាញឹក​បំផុត​នៅ​អាមេរិក​ខាង​ជើង​ ​ត​ភ្ជាប់​ទីក្រុង​ Windsor ​ខេត្ត​ Ontario ​របស់​កាណាដា ​និង​ទីក្រុង​ដេត្រយ​នៃ​រដ្ឋមីឈីហ្គែន​ ​ត្រូវ​បាន​បិទ​ដោយ​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នឹង​កាតព្វកិច្ច​វ៉ាក់សាំង​​។ ​ក្រុម​ហ៊ុន​ Detroit International Bridge Co ​ដែល​​ជា​​​ម្ចាស់​​ស្ពាន​​និយាយ​​កាល​​​ពី​​ថ្ងៃ​​អាទិត្យ​​ថា​​ ខ្លួន​​​បើក​​​ស្ពាន​​  ដោយ​​អនុញ្ញាត​​ឱ្យ​​មាន​​លំហូរ​​ពាណិជ្ជកម្ម​​ដោយ​​សេរី​ឡើង​វិញ​។​​

អភិបាល​ក្រុង​ Windsor ​លោក ​Drew Dilkens  ​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​មុន​ពេល​បើក​ស្ពាន​​​ថា​៖​ «​ថ្ងៃ​នេះ ​វិបត្តិ​សេដ្ឋកិច្ច​ជាតិ​របស់​យើង​នៅ​ស្ពាន​ Ambassador ​បាន​ដល់​ទី​បញ្ចប់​។​ ការ​ឆ្លង​កាត់​ព្រំដែន​នឹង​បើក​ឡើង​វិញ​នៅ​ពេល​ដែល​វា​មាន​សុវត្ថិភាព​​ ហើយ​ខ្ញុំ​សូម​ពន្យាពេល​ដល់​ប៉ូលីស​ និង​ភ្នាក់ងារ​ព្រំដែន​ដើម្បី​ធ្វើ​ការ​សម្រេច​ចិត្ត​នោះ​»​។​

បើ​តាម​លោក​ Dilkens ​ដដែល​ ស្ពាន​ Ambassador ​​​ជា​ច្រក​ពាណិជ្ជកម្ម​ដែល​ធ្វើ​ការ​ដឹក​ជញ្ជូន​ទំនិញ​ច្រើន​ជាង​ ១/៤ ​​រវាង​កាណាដា ​និង​សហរដ្ឋ​អាមេរិក​  ដែល​ស្មើ​នឹង​ជាង​ ៣៦០ ​លាន​ដុល្លារ​​នៃ​​ពាណិជ្ជកម្ម​ប្រចាំ​ថ្ងៃ​រវាង​ប្រទេស​ទាំង​ពីរ​។​​

​ទិន្នន័យ​របស់​ IHS Markit ​ដែល​ប៉ាន់​ប្រមាណ​លើកា​រ​ខាត​បង់​ដែល​គិត​តាម​លំហូរ​ប្រចាំ​ថ្ងៃ​ឆ្នាំ​ ២០២១ ​នៅ​ក្នុង​យាន​ជំនិះ​ និង​គ្រឿង​បន្លាស់​មាន​ចំនួន ​១៤១,១ ​លាន​ដុល្លារ​ក្នុង​មួយ​ថ្ងៃ​បង្ហាញ​ថា​ ​ការ​ខាត​បង់​​​ពី​ការ​រាំង​ស្ទះ​ដល់​ឧស្សាហកម្ម​រថយន្ត​តែ​មួយ​​​ខ្ពស់​រហូត​ដល់​​ ៨៥០ ​លាន​ដុល្លារ​។​

បាតុកម្ម​នៅ​កាណាដា​ចាប់​ផ្តើម​កាល​ពី​ចុង​ខែ​មុន​ ដោយ​ដើមឡើ​យ​ចេញ​ពី​អ្នក​បើក​ឡាន​ដឹក​ទំនិញ​ ដែល​ដង្ហែរ​ក្បួន​ពី​ភាគ​ខាង​លិច​ទៅ​កាន់​រដ្ឋ​ធានី​អូតាវ៉ា​ ដើម្បី​តវ៉ា​នឹង​ច្បាប់​ថ្មី​ដែល​បង្ខំ​ឱ្យ​អ្នក​ដឹក​ទំនិញ​ឆ្លង​កាត់​ព្រំដែន​អាមេរិក-កាណាដា​ ចាក់​វ៉ាក់សាំង​ការពារ​កូវីដ​ ឬ​ប្រឈម​មុខ​នឹង​ចត្តាឡីស័ក​១៤​ថ្ងៃ​នៅ​ពេល​ត្រឡប់​ចូល​កាណាដា។​ ​

ការ​តវ៉ា​នេះ​​ ធ្វើ​ឱ្យ​បាតុកម្ម​ផ្ទុះ​ឡើង​ទូទាំង​ប្រទេស​ប្រឆាំង​នឹង​វិធានការ​កូវីដ​ផ្សេង​ទៀត​ រួម​ទាំង​ការ​រឹត​បន្តឹង​លើ​ការ​ជួប​ជុំ​ និង​កាតព្វកិច្ច​ពាក់​ម៉ាស់​ជាពិ​សេស​នៅ​ក្នុង​សាលារៀន​ ហើយ​​លោក​នាយក​​រ​ដ្ឋ​មន្ត្រី ​Justin Trudeau ​​​បាន​​ក្លាយ​ទៅ​​​ជា​​គោល​ដៅ​​ចម្បង​​នៃ​​កំហឹង​​របស់​​បាតុករ​។​ ក្រៅ​ពី​​បិទ​ស្ពាន​ Ambassador ​ក្រុម​អ្នក​តវ៉ា​បាន​ឡោម​ព័ទ្ធ​រដ្ឋ​ធានី​អូតាវ៉ា​ ​​និង​បាន​បិទ​ចរាចរណ៍​នៅច្រ​ក​ព្រំដែន​​ Coutts ​ក្នុង​ខេត្ត ​​Alberta ​។

លោក​​ ​Dilkens ​អភិបាល​ក្រុង​ Windsor ​​និយាយ​ថា​៖​ «​បាតុកម្ម​​មិន​មែន​គ្រាន់​តែ​ប្រឆាំង​នឹង​​កាតព្វកិច្ច​វ៉ាក់សាំង​ និង​តម្រូវ​ឱ្យ​ពា​ក់ម៉ាស់​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ក៏​ពាក់​ព័ន្ធ​នឹង​ការ​តវ៉ា​ប្រឆាំង​រដ្ឋាភិបាល​កាន់​តែ​ច្រើន​ ហើយ​​គ្មាន​អ្នក​ដឹក​នាំ​នោះ​ទេ​»​។​

ការិយាល័យ​របស់​លោក​នាយក​រដ្ឋ​មន្រ្តី​និយាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​ប៉ូលីស​ Royal Canadian Mounted Police ​បាន​បង្កើត​មជ្ឈមណ្ឌល​បញ្ជាកា​រ​សម្រប​សម្រួល​មួយ​ ជាមួយ​នឹង​ការ​អនុវត្ត​ច្បាប់​ខេត្ត​ និង​ក្រុង​ ដើម្បី​ដោះស្រាយ​ជាមួយ​នឹង​បាតុកម្ម​ ហើយ​​ព្រមាន​ថា​ «​ផល​វិបាក​នៃកា​រ​បំពាន​ច្បាប់​នឹង​កាន់​តែ​ធ្ងន់​ធ្ងរ​ទៅ​ៗ​»​។​

កាល​ពី​ថ្ងៃសុ​ក្រ​សប្ដាហ៍​មុន​ ចៅក្រម​កាណាដា​បាន​បញ្ជា​ឱ្យប​ញ្ចប់​ការ​បិទ​ផ្លូវ​ ខណៈ​ដែល​លោក​ Doug Ford ​​អភិបាល​ខេត្ត​ Ontario ​​ប្រកាស​ដាក់​ខេត្ត​ក្នុង​ភាព​អាសន្ន​ ដោយគំ​រាម​កំហែង​អ្នក​ដែល​បិទ​ផ្លូវ​ និង​ស្ពាន​ជាមួយ​នឹង​ការ​ផាក​ពិន័យ​ចំនួន​ ៧៩ ០០០ ​ដុល្លារ​អាមេរិក​ ​និង​អាច​ជាប់​គុក​រហូត​ដល់​មួយ​ឆ្នាំ​ ដោយ​ទុក​ពេល​ឱ្យ​បាតុករ​ត្រឹម​ល្ងាច​ថ្ងៃ​សុក្រ​។​

មន្ត្រី​ប៉ូលីស​ក្រុង​ Windsor ​​ប្រាប់​អ្នក​យក​ព័ត៌មាន​ថា​ មនុស្ស​ពី​ ២០ ​ទៅ​ ៣០ ​ត្រូវ​បាន​ចាប់​ខ្លួន​ ​ហើយ​ប៉ូលិស​​​ក៏​​បាន​​រឹប​អូស​​រថយន្ត​​នៅ​​ក្នុង​​តំបន់​​បាតុកម្ម​​ផង​​ដែរ​។​ ​​ ប៉ូលិស​​បង្កើន​វត្តមាន​​កាល​ពី​ថ្ងៃអា​ទិត្យ​​ ខណៈ​ដែល​ចំនួន​អ្នក​តវ៉ា​នៅ​លើ​ស្ពាន​​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​ប្រហែល​ ៤៥ ​នាក់​ ពី​ប្រហែល​​ ១០០ ​នាក់​កាល​ពី​ថ្ងៃ​សៅរ៍​។​​

​ការ​បិទ​ស្ពាន​ហៅថា​ Ambassador ​ជំរុញ​ឱ្យ​មាន​ការ​ព្រួយ​បារ​ម្ភ​ពី​សេតវិមាន​អំពី​ការ​រំខាន​ដល់​ខ្សែ​ចង្វាក់​ផ្គត់​ផ្គង់​ផ្សេង​ទៀតរវាង​អាមេរិក​ និង​កាណា​ដា​​។​ កាល​ពី​សប្តាហ៍​មុន​  ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ លោក​ Joe Biden ​​​ស្នើ​ឱ្យ​ប្រទេស​កាណាដា ​ប្រើ​ប្រាស់​អំណាច​សហព័ន្ធ​ដើម្បី​បញ្ចប់​ការ​បិទផ្លូ​វ ​ប៉ុន្តែ​លោក​ Trudeau ​​និយាយ​ថា ​លោកមិ​ន​ពិចារណា​លើ​ការ​ដាក់​ពង្រាយ​កង​ទ័ព​នោះ​ទេ​។​

រដ្ឋ​មន្ត្រី​ត្រៀម​រៀប​ចំ​គ្រា​អាសន្ន​លោក ​Bill Blair ​បាន​ប្រាប់​សារព័ត៌មាន​ CBC ​​កាល​ពី​ថ្ងៃ​អាទិត្យ​ថា​ រដ្ឋាភិបាល​កាណាដា​បាន​ពិភាក្សា​ថា​តើ​ត្រូវ​អំពាវ​នាវ​ឱ្យ​មាន​អំណាច​ក្នុង​គ្រា​អាសន្ន​ពិសេស​ដើម្បី​ដោះស្រាយ​ការ​តវ៉ា​នៅ​​ក្នុង​រដ្ឋធានី​នេះ​ឬអត់​។​ លោក ​Blair ​​និយាយ​​ថា​ កង្វះ​​ការ​​អនុវត្ត​​ប៉ូលិស​​នៅ​រដ្ឋធានី​អូតាវ៉ា​ ដែល​ពេល​នេះបា​តុកម្ម​នៅ​តែ​បន្ត​ ​​គឺ​ជា​ការ​មិន​អាច​បក​ស្រាយ​បាន​។​ ​​

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner