មហារមណីយដ្ឋានរាជិនីលង្វែកត្រូវបានសម្ពោធដាក់ឱ្យដំណើរការអនុគម្រោងមួយចំនួន ដើម្បីឱ្យប្រជាពលរដ្ឋចូលទស្សនាកម្សាន្តដោយមិនគិតថ្លៃ

ខេត្តកណ្តាល ៖ មហារមណីយដ្ឋានរាជិនីលង្វែក កសាងឡើងប្រៀបដូចជានិមិត្តរូបមួយ រំលឹកពីសម័យលង្វែក ព្រះនាងវរភក្ត្រ ឬព្រះនាងក្រពុំឈូក ជាបុត្រីរបស់ព្រះបាទចន្ទរាជាដែលសោយរាជ្យនៅសម័យលង្វែក។

នេះជាប្រសាសន៍របស់លោកជំទាវ ឧកញ៉ា នាងវិសាខា អគ្គមហាឧបាសិកា ពុទ្ធសាសនូបត្ថម្ភ កិត្តិបណ្ឌិត សៀង ចាន់ហេង ធ្វើឡើងនាឱកាសចូលរួមពិធីអភិសេករូបសំណាក ព្រះនាងវរភក្តិ ហៅក្រពុំឈូក នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ នៅរមណីយដ្ឋានរាជិនីលង្វែក ដែលមានទីតាំងនៅក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល ក្រោមការនិមន្តចូលរួមពីសម្តេចព្រះឧត្តមបញ្ញា ដូង ផង់ អនុប្រធានថេរសភានៃព្រះពុទ្ធសាសនានៅកម្ពុជា និងជាព្រះចៅអធិការវត្តព្រែកប្រាំង។

លោកជំទាវឧកញ៉ានាងវិសាខាបន្តថា ដើម្បីឱ្យសមទៅនឹងឈ្មោះថា រាជិនីលង្វែក ទើបលោកជំទាវសម្រេចចិត្តកសាងបដិមានាងក្រពុំឈូកដែលល្បីឈ្មោះក្នុងរឿងនិទានថា បានស្លាប់យ៉ាងអយុត្តិធម៌ដោយសារក្រពើនេនធន់ មកតម្កល់ក្នុងរមណីយដ្ឋាននេះសម្រាប់លម្អរមណីយដ្ឋានផង សម្រាប់រំលឹកដល់វិញ្ញាណក្ខន្ធនិងការគោរពបូជាចំពោះព្រះនាងផង។ បដិមាព្រះនាងវរភក្ត្រ ឬនាងក្រពុំឈូក ត្រូវបានតម្កល់លើបល្លង្កត្របកផ្កាឈូក ចំកណ្តាលរង្វង់មូលមួយដែលមានអង្កត់ផ្ចិត ៥៤ម៉ែត្រ ។

បើគិតពីបាតបល្លង្កដល់កំពូលម្កុដ មានកម្ពស់ ៥ម៉ែត្រ៤តឹក ។ លោកជំទាវឧកញ៉ានាងវិសាខាបន្ថែមថា ក្រៅពីប្រារព្ធពិធីអភិសេកបដិមាព្រះនាងក្រពុំឈូក ក៏មានអមដោយពិធីសម្ពោធដាក់ឲ្យដំណើរការនូវសមិទ្ធផលមួយចំនួនដែលសម្រេចបាននៅជ្រុងខាងត្បូងឆៀងខាងលិចរបស់រមណីយដ្ឋាន ដើម្បីអាចឱ្យសាធារណៈជនចូលទស្សនាជាបណ្តើៗដោយមិនគិតថ្លៃផងដែរ រួមមាន៖ សួនសិលាចារិក (ដែលចារពីប្រវត្តិកកើតរមណីយដ្ឋាន- ប្រវត្តិដី- ព្រំដីរមណីយដ្ឋាន- លិខិតថ្លែងអំណររបស់រាជរដ្ឋាភិបាលចំពោះម្ចាស់ស្ថាបនិករមណីយដ្ឋានដែលបានចូលរួមចំណែកជាមួយរាជរដ្ឋភិបាល ក្នុងការកសាងសមិទ្ធផលនានាទូទាំងប្រទេស ក៏ដូចជាចូលរួមអភិរក្ស ថែរក្សា ជួសជុលសម្បត្តិបិតិកភណ្ឌវប្បធម៌ក្នុងខេត្តសៀមរាបជាច្រើនកន្លងមក – សួនប្រាក់ឌួងដែលជាការរំលឹកនូវប្រវត្តិសាស្ត្របែកបាក់បន្ទាយលង្វែក ក៏ដោយសារតែឆ្ការព្រៃឫស្សីយកប្រាក់ឌួង – គម្រោងជិះឡូរី – ខ្ចុសអង្គុយសម្រាកកម្សាន្តជាដើម ។

ព្រមជាមួយពិធីសម្ភោធ និងពិធីអភិសេកនេះដែរ ដោយសារតែកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ មានព្រះសង្ឃ ប្រជាពុទ្ធបរិស័ទ ប្រជាពលរដ្ឋជាច្រើនពាន់នាក់បានរួមគ្នាដាំដើមឫស្សីជាង ៥ពាន់ដើមក្នុងរមណីយដ្ឋាននេះ សម្រាប់ខួបមួយឆ្នាំនៃព្រឹត្តិការណ៍ដាំឫស្សីជាទ្រង់ទ្រាយធំនោះ ក៏មានព្រះសង្ឃ ពុទ្ធបរិស័ទ្ធជាច្រើនបាននិមន្ត និងទៅមើលដើមឫស្សីដែលបានដាំមួយឆ្នាំហើយនោះថា បានលូតលាស់ធំប៉ុនណាផងដែរ ៕ ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner