លោក បៃដិន៖ សហរដ្ឋអាមេរិក នឹងឆ្លើយតបយ៉ាងរហ័ស និងម៉ឺងម៉ាត់ ប្រសិនបើរុស្ស៊ីឈ្លានពានអ៊ុយក្រែន

វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្រាប់ សមភាគីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលែនស្គី ថា សហរដ្ឋ អាមេរិកនឹងឆ្លើយតបយ៉ាងឆាប់រហ័ស និងយ៉ាងម៉ឺងម៉ាត់ ប្រសិន បើរុស្ស៊ីឈ្លានពានអ៊ុយក្រែន។ មេដឹកនាំទាំងពីរបានសន្ទនាគ្នាតាមទូរស័ព្ទជិតមួយម៉ោង កាលពី ថ្ងៃអាទិត្យម្សិលមិញ ដោយពិភាក្សាអំពីភាពតានតឹងដែល កំពុង កើនឡើង ជុំវិញការប្រមូលផ្តុំកងទ័ពរុស្ស៊ីយ៉ាងច្រើននៅក្បែរប្រទេស អ៊ុយក្រែន។

មុនការសន្ទនាតាមទូរស័ព្ទជាមួយលោក ហ្សេលែនស្គី លោក បៃដិន បានសង្កត់ធ្ងន់ថា បញ្ហាជុំវិញស្ថានភាពអ៊ុយក្រែន មិនគួរត្រូវបាន សម្រេចដោយតែសហរដ្ឋអាមេរិក រុស្ស៊ី និងអង្គការណាតូនោះទេ ប៉ុន្តែអ៊ុយក្រែនក៏គួរតែបញ្ចេញយោបល់ផងដែរ។

ឯកសារដែលចេញ ផ្សាយដោយសេតវិមានបញ្ជាក់ថា លោក ប្រធានាធិបតី បៃដិន បានអះអាងឡើងវិញនូវការប្តេជ្ញាចិត្តរបស់ សហរដ្ឋអាមេរិកចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដី របស់ អ៊ុយក្រែន។

បើតាមសេតវិមាន មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាលើ សារៈសំខាន់ នៃការបន្តការទូត និងការរារាំងជាការឆ្លើយតបទៅនឹង ការបង្កើតយោធារបស់រុស្ស៊ីនៅតាមព្រំដែនអ៊ុយក្រែន។ បន្ថែម លើ នេះ លោក បៃដិន ក៏ត្រូវបានគេជឿជាក់ដែរថា បានចែករំលែក ជាមួយ លោក ហ្សេលែនស្គី នូវអ្វីដែលគាត់បានពិភាក្សាជាមួយ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន នៅក្នុងការសន្ទនាតាម ទូរស័ព្ទរបស់ពួកលោកកាលពីថ្ងៃសៅរ៍សប្តាហ៍មុននេះ៕
ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner