ខ្ចីរថយន្តគេ បើកទៅឡើងខឿនផ្លូវ បុកបង្គោលផ្លាកសញ្ញាចរាចរណ៍មួយដើម និងបុកបង្កាន់ដៃស្ពានអាកាសដាច់កង់ម្ខាង

ភ្នំពេញ ៖ បុរសម្នាក់បានខ្ចីរថយន្តមិត្តភក្កិបើកឡើងខឿនផ្លូវជ្រុលបុកស្លាកសញ្ញាចរាចរណ៍មួយដើមរួចបន្តទៅបុកបង្កាន់ដៃស្ពានអាកាស ៥មករា បណ្ដាលឲ្យដាច់កង់ខាងមុខម្ខាងទៅមុខលែងរួច កាលពីវេលាម៉ោង១១ និង ៣០នាទីយប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ ២០២២ នៅចំណុចស្ពានអាកាស ៥ មករា ផ្លូវក្រោមដី តាមបណ្តោយផ្លូវ ២៨៩ ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តមួយគ្រឿងម៉ាក ម៉ាស្តារ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AC-9022ធ្វើដំណើតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងដៃ ទៅផ្លូវ ២៩៨ ក្នុងល្បឿនលឿនបួងចង្កូតមិនទាន់ជ្រុលឡើងខឿនផ្លូវទៅបុកបង្គោលស្លាកសញ្ញាចរាចរណ៍មួយដើមបាក់រាបដល់ដី ចំណែករថយន្តមិនទាន់អស់ល្បឿនបានបន្តទៅបុកបង្កាន់ដៃស្ពានអាកាសផ្លូវក្រោមដីពេញទំហឹងបណ្ដាលឲ្យរថយន្តដាច់កង់ខាងមុខម្ខាង រងការខូចខាតយ៉ាងដំណំទៅមុខលែងរួច។ ភ្លាមនោះតៃកុងរថយន្តបានចុះពីលើរថយន្តគេចខ្លួនបាត់ មួយសន្ទុះក្រោយមកឃើញបុរសម្នាក់បានមកដល់កន្លែងកើតហេតុ ហើយបានអះអាងថាជាម្ចាស់រថយន្ត និងបានប្រាប់ថារថយន្តរបស់គាត់ត្រូវបានមិត្តភ័ក្តិខ្ចីបើក ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយតាមច្បាប់ ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner