រថយន្តឡិចស៊ីស RX350 មួយគ្រឿងក្រឡាប់ផ្ងារជេីងច្រង៉ាង ខណៈបុកខឿនឡេីងចិញ្ចើមផ្លូវ និងហោះទៅបុកផ្លាកសញ្ញាផ្សាយពាណិជ្ជកម្មបាក់អស់ ១ដើម

ភ្នំពេញ ៖ បុរសម្នាក់បេីករថយន្តឡិចស៊ីសRX350 មួយគ្រឿងក្នុងល្បឿនយ៉ាងលឿន ហេីយរេចង្កូតឡើងលើខឿនចិញ្ចើមផ្លូវ ហោះទៅបុកផ្លាកផ្សាយពាណិជ្ជកម្ម បណ្ដាលឲ្យបាក់មួយដើម បង្កការភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋ កាលពីវេលាម៉ោង៣ និង១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃអង្គារ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ត្រង់ចំណុចមុខ វត្តចាក់អង្រែលើ តាមបណ្ដោយផ្លូវជាតិលេខ២ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងឡើយគេឃើញរថយន្តឡិចស៊ីសRX350 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AH.7089 ធ្វេីដំណេីរតាមបណ្ដោយផ្លូវជាតិលេខ២ ទិសដៅពីជើងទៅត្បូង (ពីស្ពានអាកាសក្បាលថ្នល់ទៅតាខ្មៅ) ខណៈមកដល់ចំណុចកើតហេតុខាងលើក៏បានរេចង្កូតមកខាងស្តាំដៃឡើងលើខឿនថ្ម ចិញ្ចើមផ្លូវ ហោះទៅបុកស្លាកសញ្ញាផ្សាយពាណិជ្ជកម្មបណ្ដាលឲ្យបាក់អស់មួយដើម ឯរថយន្តបង្កក្រឡាប់ផ្ងារជើងឡើងលើ ។

ភ្លាមនោះគេឃើញអ្នកបើកបរជាបុរសម្នាក់បានធាក់កញ្ចក់ខាងក្រោយ លូនចេញពីរថយន្តហើយក៏គេចខ្លួនបាត់តែម្តង ។ រថយន្តក៏មានផ្សែងហុយចេញពីម៉ាស៊ីនបង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាហៅរថយន្តពន្លត់អគ្គិភ័យមកដល់កន្លែងកើតហេតុចំនួនពីរគ្រឿងតែមិនបានបាញ់នោះទេ ពីព្រោះរថយន្តបានរលត់ទៅវិញ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីឲ្យម្ចាស់ចូលខ្លួនមកដោះស្រាយនៅពេលក្រោយ ៕ ដោយ ៖ ជីម ភារ៉ា

ជឹម ភារ៉ា
ជឹម ភារ៉ា
អ្នកយកព័តមានសន្តិសុខសង្គម នៃស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០២២ រហូតមកដល់បច្ចប្បន្ននេះ ដោយធ្លាប់ឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ ៕
ads banner
ads banner
ads banner