ក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ រៀបចំសិក្ខាសាលាតម្រង់ទិសសម្រាប់បេក្ខជនដែលចួលរួមកម្មវិធីប្រឡងប្រណាំងវីដេអូ “កំណប់សហគមន៍ ជំរំទេសចរណ៍” រដូវកាលទី២

នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ នាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ក្រសួងទេសចរណ៍ សហការជាមួយលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ក្រុមការងារដើរព្រៃ និងនរៈ ស្ទីឌីយូ រៀបចំសិក្ខាសាលាតម្រង់ទិសសម្រាប់បេក្ខជនដែលបានចុះឈ្មោះចូលរួមកម្មវិធីប្រឡងប្រណាំងវីដេអូអំពីសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ រដូវកាលទី៣ ឆ្នាំ២០២២ ក្រោមប្រធានបទ “ខ្ញុំ និងធម្មជាតិ (Back to Nature)” ដែលបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍ និងជាប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍសហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ និងមានការចូលរួមពីបេក្ខជនដែលបានចុះឈ្មោះចូលរួមកម្មវិធីប្រឡងប្រណាំងវីដេអូនេះ។

សិក្ខាសាលានេះ មានគោលបំណងតម្រង់ទិស និងណែនាំដល់បេក្ខជនដែលបានចុះឈ្មោះចូលរួមកម្មវិធីប្រឡងប្រណាំងវីដេអូនេះ ដោយមានការចូលរួមធ្វើបទបង្ហាញពីលោក ឡោ វុទ្ឍី ប្រធានក្រុមការងារដើរព្រៃ និងនរៈ ស្ទីឌីយូ និងលោក អឿន សំអុល ប្រធានការិយាល័យនៃមន្ទីរទេសចរណ៍ខេត្តពោធិសាត់។

នាឱកាសនោះ ឯកឧត្តម ជុក ជំនោរ បានលើកឡើងពីសាវតាលម្អិតនៃការរៀបចំការប្រឡងប្រណាំងនេះ ព្រមទាំងបញ្ហាប្រឈមនានាដែលបានកើតមានឡើងនៅក្នុងការប្រឡងប្រណាំងវីដេអូនេះនាពេលកន្លងទៅ។ ឯកឧត្តម បានលើកទឹកចិត្តដល់បេក្ខជនដែលចូលរួមក្នុងកម្មវិធីនេះឲ្យខិតខំប្រឹងប្រែងឲ្យអស់ពីលទ្ធភាពក្នុងការផលិតវិដេអូប្រកបដោយគុណភាព ដើម្បីផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ក្នុងតំបន់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍។

តាមការគ្រោងទុក កម្មវិធីប្រលងប្រណាំងនេះ នឹងចុះទៅថតនៅគោលដៅអេកូទេសចរណ៍ក្នុងខេត្តពោធិសាត់ ដោយបែងចែកជា ២ តំបន់ ដែលរួមមាន៖

  • តំបន់ទី១៖ ភ្នំទំព័រ ភ្នំដាឡាលៃ
  • តំបន់ទី២៖ ខ្នងព្រះ ទឹកជ្រោះថ្មដាតុច

បន្ទាប់ពីបញ្ចប់សិក្ខាសាលាតម្រង់ទិសនេះ បេក្ខជនទាំងអស់មានរយៈពេលមួយសប្តាហ៍ ដើម្បីសរសេរផែនកាថត (Script, Story, Scenario) ដើម្បីដាក់ជូនគណៈកម្មការ ធ្វើការវាយតំលៃមុននឹងចុះទៅថតវីដេអូនៅតាមតំបន់ដែលគណៈកម្មការបានកំណត់៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner