រដ្ឋមន្រ្តីក្រសួងអប់រំថ្លែងអំណរគុណដល់ដៃគូអភិវឌ្ឍព្រះរាជាណាចក្រប៊ែលហ្សិក និងអង្គការ WOB ដែលបានជួយជ្រុំជ្រែងក្នុងការបណ្តុះបណ្តាលគ្រូបង្រៀន និងអភិវឌ្ឍគ្រប់វិស័យអប់រំនៅកម្ពុជា

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ដៃគូអភិវឌ្ឍពីព្រះរាជាណាចក្រប៊ែលហ្ស៊ិក និងអង្គការ VVOB ដែលបានជួយជ្រោមជ្រែងក្នុងការបណ្ដុះបណ្ដាលគ្រូបង្រៀន និងការអភិវឌ្ឍគ្រប់វិស័យអប់រំនៅកម្ពុជា។ ក្រសួងអប់រំ យុវជន និងកីឡា នឹងបន្តគាំទ្ររាល់សកម្មភាពនានាលើវិស័យអប់រំ ពីព្រះរាជាណាចក្រប៊ែលហ្ស៊ិក និងអង្គការ VVOB ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន មានប្រសាសន៍បែបនេះ ខណៈបានអនុញ្ញាតឱ្យ លោកជំទាវ Silbille de Cartier d’Yves ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃព្រះរាជាណាចក្រប៊ែលហ្ស៊ិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា។

លោកជំទាវឯកអគ្គរាជទូតបានលើកឡើងអំពីផែនការក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា ២០២២-២០២៦ និងយុទ្ធសាស្រ្ដក្នុងការបណ្ដុះបណ្ដាលគ្រូបង្រៀនគ្រប់កម្រិតថ្នាក់ ជាពិសេសការអប់រំនៅកម្រិតបឋមសិក្សា និងការបញ្រ្ជាបការអប់រំគណិតវិទ្យានៅកម្រិតបឋមសិក្សា។ លោកជំទាវក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់អង្គការ VVOB ដែលបានគាំទ្រយ៉ាងសកម្មក្នុងការអភិវឌ្ឍវិស័យអប់រំ ជាមួយក្រសួងអប់រំ យុវជន និងកីឡា។

កិច្ចពិភាក្សានេះបានប្រព្រឹត្តទៅក្រោមការដឹកនាំដោយ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្ដីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងមានការចូលរួមផងដែរពីសំណាក់ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា អង្គការ VVOB និងថ្នាក់ដឹកនាំការទូតនៃព្រះរាជាណាចក្រប៊ែលហ្ស៊ិក ៕ ដោយ-រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner