សហព័ន្ធកីឡាប្រដាល់គុនខ្មែរ យកការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ជាយុទ្ធនាការស្វែងរកធនធាន

សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានបើកយុទ្ធនាការស្វែងរកធនធានប្រកបដោយគុណភាព តាមរយៈការប្រកួតជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ រយៈពេល៥ថ្ងៃ ១៤-១៨ ខែកុម្ភៈ ឆ្នាំ២០២២ នៅស្តាតចាស់ ដើម្បីជ្រើសរើសចូលក្នុងក្រុមជម្រើសជាតិត្រៀមស៊ីហ្គេម ពីរលើកចំពោះមុខ។

ថ្លែងក្នុងឱកាសបើកការប្រកួតនេះ ឯកឧត្តម ឧត្តមសេនីយ៍ឯក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរគូសបញ្ជាក់ថា ព្រឹត្តិការណ៍នេះ គឺជាការវាស់ស្ទង់សមត្ថភាពកីឡាករ កីឡាការិនី លើផ្នែកបច្ចេកទេស ផ្នែកកម្លាំងកាយ បទពិសោធ និងដើម្បីជ្រើសរើសកីឡាករល្អៗ សម្រាប់ប្រមូលផ្តុំជាក្រុមជម្រើសជាតិ ហ្វឹកហាត់ត្រៀមលក្ខណៈសម្បត្តិឱ្យគ្រប់គ្រាន់ទៅចូលរួមប្រកួតកីឡា ស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាម និងត្រៀមឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្រ្តដ៏ធំដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។

ដើម្បីឲ្យការប្រកួតលើកនេះ ទទួលបានលទ្ធផលល្អប្រសើរ ឯកឧត្តមប្រធានសហព័ន្ធបានផ្តល់ការណែនាំនូវចំណុចសំខាន់ដូចជា៖ មន្រ្តីបច្ចេកទេស ប្រធានវិនិច្ឆ័យ អាជ្ញាកណ្តាល ចៅក្រម ដែលមានតួនាទីជាអ្នកធ្វើការងារបច្ចេកទេសត្រូវយកចិត្តទុកដាក់បំពេញតួនាទី ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ ផ្តល់ភាពសុក្រឹត្យ យុត្តិធម៌ មិនលម្អៀង មិនប្រកាន់បក្ខពួក ត្រូវមានសុទិដ្ឋិនិយម និងឈរលើគោលការណ៍ច្បាប់ និងស្មារតីកីឡា។ កីឡាករ កីឡាការិនី ដែលចូលរួមប្រកួតត្រូវតែគោរពយ៉ាងម៉ឹងម៉ាត់ បទបញ្ជានៃការប្រកួត ដែលចេញដោយគណៈកម្មការរៀបចំការប្រកួត ពិសេសការរក្សាទម្ងន់តាមការកំណត់ និងថែរក្សាសុខភាពផ្ទាល់ខ្លួនក្នុងពេលចូលរួមប្រកួត ត្រូវមានក្រមសីលធម៌ ជាកីឡាករ កីឡាការិនីល្អ មានសេចក្តីថ្លៃថ្នូរ រក្សាវិន័យ មានសណ្តាប់ធ្នាប់ ខិតខំឲ្យអស់ពីកម្លាំងកាយចិត្ត ប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបាននូវលទ្ធផលល្អ មានកិត្តិយសផ្ទាល់ខ្លួន ដើម្បីឆ្លើយតបទៅនឹងផែនការ និងគោលការណ៍ ដែលថ្នាក់ជាតិចង់បានទៅថ្ងៃអនាគត។

ជាមួយគ្នានោះ ក្នុងនាមសហព័ន្ធប្រដាល់គុនខ្មែរ ឯកឧត្តមថ្លែងអំណរគុណ ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានផ្តល់ថវិកាគាំទ្រប្រឆាំឆ្នាំ រៀងរាល់ឆ្នាំ ដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដើម្បីដំណើរការរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ និងសម្រាប់បម្រើការងារជំនាញសំខាន់ៗមួយចំនួនទៀត។ ចំពោះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ (CAMSOC) តែងតែបានជួយឧបត្ថម្ភគាំទ្រ នូវស្មារតី សម្ភារ ចង្អុលបង្ហាញតម្រង់ទិស ដល់សហព័ន្ធ ដើម្បីឆ្ពោះទៅរកការរីកចម្រើន និងដើម្បីពង្រឹងសមត្ថភាពមន្ត្រី និងកីឡាករ កីឡាការិនីមានសក្តានុពល សម្រួចឆ្ពោះទៅ ស៊ីហ្គេម នាពេលខាងមុខ។

លោក ហេង សុខឃន អគ្គលេខាធិការ សហព័ន្ធប្រដាល់គុនខ្មែរបញ្ជាក់ថា ដោយអនុវត្តទៅតាមផែនការប្រតិបត្តិឆ្នាំ២០២១ របស់សហព័ន្ធប្រដាល់គុនខ្មែរ និងការអនុវត្តថវិកាគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡាឆ្នាំ២០២១ សហព័ន្ធកីឡាប្រដាល់គុនខ្មែរត្រូវរៀបចំការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិនេះ មានក្លិបមានអង្គភាព សមាគម ក្លិបកីឡាក្រសួង រាជធានី-ខេត្តបានចូលរួមសរុបចំនួន ១៤ ដោយមានកីឡាករ កីឡាការិនីចូលរួសរុបម ៩៥នាក់ ប្រតិភូ គ្រូបង្វឹក ២៨នាក់ មន្រ្តីបច្ចេកទេស ៦៥នាក់ សរុបទាំងអស់ ១៨៨នាក់។ ក្នុងនាមគណៈកម្មការរៀបចំការប្រកួត លោកបានសន្យាយកអស់កម្លាំងកាយ កម្លាំងចិត្ត ស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីដឹកនាំ និងអនុវត្តការងារប្រកួតឲ្យទទួលបានជោគជ័យ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner