រាជរដ្ឋាភិបាលបញ្ចេញថវិកាបន្ថែម ១០០លានដុល្លារ ក្នុងគោលបំណងលើកស្ទួយវិស័យកសិកម្ម និងសហគ្រាសធុនតូច និងមធ្យម

ភ្នំពេញ ៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចមានប្រសាសន៍ថា ថវិកា ១០០លានដុល្លារនឹងត្រូវប្រើប្រាស់ ដើម្បីជួយលើកស្ទួយវិស័យ កសិកម្ម និងវិស័យសហគ្រាសធុនតូច និង មធ្យម ដែលជាវិស័យពីរដ៏សំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ, ទាំងក្នុងការបង្កើតការងារ, កែលម្អជីវភាពរស់នៅរបស់ប្រជាជន និងកំណើនសេដ្ឋកិច្ចជាតិ។

ការថ្លែងបែបនេះរបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងនាឱកាសអញ្ជើញចូលរួមក្នុងពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវកញ្ចប់ថវិកាចំនួន ១០០លានដុល្លារ សម្រាប់គាំទ្រការស្តារកំណើនសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល នៅថ្ងៃទី១៤ ខែកុម្ភៈនេះ បានប្រកាសពីបញ្ចេញថវិកា ១០០លានដុល្លារទៅឱ្យធនាគាររដ្ឋចំនួន២ ដើម្បីជួយលើកស្ទួយវិស័យកសិកម្ម និងវិស័យសហគ្រាស ធុនតូច និងមធ្យម។ ថវិកា ១០០លានដុល្លារនេះ ត្រូវផ្តល់ជូនដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ចំនួន ៥០លានដុល្លារ សម្រាប់ផ្តល់កម្ចីដល់វិស័យកសិកម្ម និងធនាគារសហគ្រាសធុនតូច និងធម្យ (SME Bank) សម្រាប់ផ្តល់កម្ចីសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជាមួយនឹងអត្រាការប្រាក់ទាប ។

តាមរយៈកម្មវិធីហិរញ្ញប្បទានពិសេសនេះ សហគ្រាសក្នុងវិស័យកសិកម្ម និងកសិ-ឧស្សាហកម្ម មានលទ្ធភាពពង្រឹងអាជីវកម្ម និងធ្វើឲ្យប្រសើរឡើង នូវខ្សែច្រវាក់ផលិតកម្ម ក្នុងគោលដៅពង្រឹងភាពប្រកួតប្រជែង, រក្សាសន្តិសុខស្បៀងអាហារ និង ជំរុញការនាំចេញនៅក្នុងបរិបទនៃវិបត្តិជំងឺកូវីដ-១៩៕ ដោយ៖ ឈឹម ទីណា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner