លោក ចូ បៃដិន និងលោក បូរីស ចនសុន ព្រមានអំពីស្ថានភាពដែលនៅតែផុយស្រួយ ជុំវិញភាពតានតឹងរវាងរុស្ស៊ី-អ៊ុយក្រែន

វ៉ាស៊ីនតោន៖ មេដឹកនាំអាមេរិក និងអង់គ្លេសបានធ្វើការព្រមានពីស្ថានភាពដែលនៅតែផុយស្រួយ ប៉ុន្តែបានអះអាងថា ក្តីសង្ឃឹមទាំងអស់មិនបានបាត់បង់ក្នុងដំណោះស្រាយការទូតសម្រាប់វិបត្តិអ៊ុយក្រែននោះទេ។ ក្នុងការសន្ទនាតាមទូរស័ព្ទរ ៤០នាទីនៅថ្ងៃចន្ទដើមសប្តាហ៍នេះ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន និងនាយករដ្ឋមន្រ្តីអង់គ្លេស លោក បូរីស ចនសុន បានឯកភាពគ្នាថា កិច្ចព្រមព្រៀងនៅតែអាចធ្វើទៅបាន បើទោះបីជាមានការព្រមានអំពីសកម្មភាពយោធារុស្ស៊ីក៏ដោយ។

បើតាមសេចក្តីថ្លែងការណ៍របស់វិមាន Downing Street របស់អង់គ្លេស មេដឹកនាំទាំងពីរនៅតែសង្ឃឹមថា អាចមាន «ច្រកសម្រាប់ការទូត» សម្រាប់ដោះស្រាយវិបត្តិនេះ។ លោក ចនសុន និងលោក បៃដិន បានធ្វើបច្ចុប្បន្នភាពគ្នាទៅវិញទៅមកលើការពិភាក្សានាពេលថ្មីៗរបស់ពួកលោកជាមួយមេដឹកនាំពិភពលោករួមគ្នា។

សេចក្តីថ្លែងការណ៍បន្ថែមថា មេដឹកនាំទាំងពីរបានសង្កត់ធ្ងន់ពីការលុកលុយបន្ថែមទៀតចូលទៅក្នុងអ៊ុយក្រែន ដែលនឹងបណ្តាលឱ្យមានវិបត្តិអូសបន្លាយសម្រាប់ប្រទេសរុស្ស៊ី ជាមួយនឹងការខូចខាតយ៉ាងធំធេងទាំងរុស្ស៊ី និងពិភពលោក។

លោក ចនសុន តាមសេចក្តីរាយការណ៍បានបញ្ជាក់ថា អង់គ្លេសបានត្រៀមខ្លួនធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជួយជ្រោបជ្រែង ហើយលោក បៃដិន បានឆ្លើយតបថា ពួកយើងនឹងមិនធ្វើអ្វីបានទេ បើគ្មានអ្នក (មិត្តសម្លាញ់)។ ទន្ទឹមនឹងនោះដែរ លោក ចនសុន ត្រូវបានគេរំពឹងថា នឹងរៀបចំកិច្ចប្រជុំនៅថ្ងៃអង្គារនេះ ដើម្បីពិភាក្សាអំពីការឆ្លើយតបរបស់អង់គ្លេសចំពោះសម្ពាធទាំងឡាយ៕ ប្រភព៖ BBC ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner