សម្ដេច ស ខេង ថ្លែងថា កម្ពុជា បានឆ្លងកាត់ការបោះឆ្នោតរយៈពេល ២០ឆ្នាំមកហើយ ដោយពីមួយអាណត្តិទៅមួយអាណត្តិ ការបោះឆ្នោតនេះកាន់តែមានភាពល្អប្រសើរ

ព្រៃវែង៖ កម្ពុជា បានឆ្លងកាត់ការបោះឆ្នោតរយៈពេល២០ឆ្នាំមកហើយ ដោយពីមួយអាណត្តិទៅមួយអាណត្តិ ការបោះឆ្នោតនេះកាន់តែមានភាពល្អប្រសើរ ខណៈដែលប្រជាពលរដ្ឋមានការឱ្យតម្លៃ និងយល់ដឹងចំពោះសេចក្ដីត្រូវការចាំបាច់នៃការបោះឆ្នោត ដើម្បីធ្វើឱ្យមូលដ្ឋានមានស្ថិរភាព។ នេះជាការលើកឡើងរបស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ អគារសិក្សា ចំនួន២ខ្នង មាន១១បន្ទប់ នៅសាលាបឋមសិក្សា ពងពស់ និងសាលាបឋមសិក្សា នាគរង្សី ស្ថិតនៅឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង នាព្រឹកថ្ងៃអង្គារ៍ ១៤កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២ ។

សម្ដេចក្រឡាហោម ស ខេង ក៏បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋបាលឃុំ ស្រុក សមត្ថកិច្ច ពាក់ព័ន្ធនឹងការរក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈផងដែរ ។ សម្ដេចក៏បានទាញចំណាប់អារម្មណ៍អង្គពិធីអំពីការចរាចរណ៍គ្រឿងញៀន និងការផលិតគ្រឿងញៀនសំយោគ ដោយបានអំពាវនាវប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរដើម្បីប្រយុទ្ធនឹងគ្រឿងញៀន និងត្រូវបង្ការកុំឱ្យសមាជិកក្រុមគ្រួសារពាក់ព័ន្ធគ្រឿងញៀន ។

ជាមួយគ្នានេះដែរ សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់អំពីដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ពាក់កណ្ដាលឆ្នាំ២០២២នេះដែរ។ សម្ដេចបន្តថា ការបោះឆ្នោតនេះ បានឆ្លងកាត់រយៈពេល២០ឆ្នាំមកហើយ ដែលមួយអាណត្តិទៅមួយអាណត្តិ ការបោះឆ្នោតនេះកាន់តែមានភាពល្អប្រសើរ ដែលមានន័យថា ប្រជាពលរដ្ឋមានការឱ្យតម្លៃ និងយល់ដឹងចំពោះសេចក្ដីត្រូវការចាំបាច់នៃការបោះឆ្នោតដើម្បីធ្វើឱ្យមូលដ្ឋានមានស្ថិរភាព ។

ចំពោះដំណើរការកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ដែលជាយន្តការពង្រឹងតួនាទី សិទ្ធិអំណាច និងការទទួលខុសត្រូវរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ គឺដើម្បីធានាពង្រឹងប្រសិទ្ធភាពនៃការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ពោលគឺការឆ្លើយតបបានទាន់ពេលវេលានូវរាល់សេចក្ដីត្រូវការផ្សេងៗនៅមូលដ្ឋាន ដោយមិនពឹងអាស្រ័យតែទៅលើថ្នាក់ជាតិ ។

សម្ដេចក្រឡាហោម ក៏បានបង្ហាញសេចក្ដីរីករាយបន្ទាប់ពីសម្ដេចបានជួបសន្ទនាជាមួយប្រជាពលរដ្ឋហើយដឹងថា ពួកគាត់ធ្វើស្រូវបានទិន្នផលច្រើន រហូតមួយហិកតាអាចធ្វើស្រូវបានជាង ៤តោនក្នុងមួយឆ្នាំ ៕ ដោយ អ៊ិត រ៉ាវុធ

អ៊ិត រ៉ាវុធ
អ៊ិត រ៉ាវុធ
អ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរាចាប់ឆ្នាំ១៩៩៦ដល់បច្ចុប្បន្ន ។
ads banner
ads banner
ads banner