វិបត្តិអ៊ុយក្រែនប្រែប្រួល ខណៈពេលដែលរុស្សីបង្ហាញការបើកចំហដើម្បីការចរចាបន្ថែមទៀត

ស្នូរ​នៃ​វិបត្តិ​អ៊ុយក្រែន​បាន​ប្រែប្រួល​កាល​ពី​ថ្ងៃ​ចន្ទ​ ទី​១៤ កុម្ភៈ​បន្ទាប់​ពី​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​រុស្សី​បាន​និយាយ​ថា​លោក​គាំទ្រ​ការ​ចរចា​បន្ថែម​ទៀត ដើម្បី​ដោះស្រាយ​ការ​ប្រឈម​មុខ​ដាក់​គ្នា​ជា​មួយ​លោក​ខាង​លិច ហើយ​ប្រធានាធិបតី​អ៊ុយក្រែន​មួយ​ចំនួន​បង្ហាញ​តម្រុយ​ថា​ពួកគេ​អាច​ធ្វើ​ការ​លះបង់​ដើម្បី​ជៀសវាង​សង្គ្រាម​ នេះ​បើ​ទោះ​បី​ជា​រុស្សី​បន្ត​ការ​ប្រមូល​ផ្ដុំ​នាវា​ចម្បាំង​នៅ​សមុទ្រ​ខ្មៅ​ជិត​ឆ្នេរ​របស់​ប្រទេស​អ៊ុយក្រែន​។

នៅ​ក្នុង​កិច្ចប្រជុំ​ចាក់​ផ្សាយ​លើ​ទូរទស្សន៍​រដ្ឋ​ វិមាន​ក្រឹមឡាំង​ បាន​បញ្ជូន​សញ្ញា​ខ្លាំង​បំផុត​របស់​ខ្លួន​ថា ខ្លួន​នឹង​ស្វែង​រក​ការ​ចរចា​បន្ថែម​ទៀត​ជាមួយ​លោក​ខាង​លិច ជាជាង​ចាប់​ផ្តើម​សកម្មភាព​យោធា​ភ្លាម​ៗ​។ ក្នុង​កិច្ច​ប្រជុំ​មួយ​រដ្ឋមន្ត្រី​ការបរទេស​រុស្សី​លោក​សឺហ្គេ ឡាវរ៉ូវ​បាន​ប្រាប់​លោក​ប្រធានាធិបតី​វ្ល៉ាឌីមៀរ ពូទីន​ថា​ឥឡូវ​នៅ​តែ​មាន​ផ្លូវ​ការ​ទូត​នៅ​ខាង​មុខ​។ ប៉ុន្មាន​នាទី​ក្រោយ​មក​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​រុស្សី​លោក​សឺហ្គេ ស៊ូហ្គូ​បាន​ប្រាប់​លោក​ពូទីន​ ថា​ «ការ​សមយុទ្ធ​ខ្នាត​ធំ» នៅ​ជិត​ព្រំដែន​អ៊ុយក្រែន​គឺ​កំពុង​ជិត​ចប់​ហើយ​។

«ខ្ញុំ​ជឿ​ថា​លទ្ធភាព​របស់​យើង​គឺ​នៅ​ឆ្ងាយ​ណាស់​ពី​ការ​អស់​ជម្រើស» លោក​ឡាវរ៉ូវ​បាន​និយាយ​បែប​នេះ​អំពី​ការ​ចរចា​ជា​មួយ​លោក​ខាង​លិច​ ហើយ​បន្ត​ទៀត​ថា​៖ «ខ្ញុំ​នឹង​ស្នើ​ឱ្យ​បន្ត និង​ពង្រឹង​ពួកវា​»​។ លោក​ពូទីន​បាន​ឆ្លើយ​ដោយ​ខ្លី​ថា​៖ «ល្អ»​។

នេះ​គឺ​សញ្ញា​មួយ​ដែល​បង្ហាញ​ថា​វិមាន​ក្រឹមឡាំង​គឺ​នៅ​មាន​ការ​រំពឹង​ទុក​ថា​ការ​ប្រមូល​ផ្ដុំ​ទាហាន​ ដាក់​សម្ពាធ​គ្រប់គ្រាន់​សម្រាប់​សម្រេច​បាន​នៅ​គោលដៅ​សំខាន់ៗ​របស់​ខ្លួន​ ដោយ​មិន​ចាំបាច់​ធ្វើ​សកម្មភាព​យោធា​។

សេណេរីយ៉ូ​នេះ​ត្រូវ​បាន​ពង្រឹង​នៅ​ពេល​ដែល​ប្រធានាធិបតី​អ៊ុយក្រែន​លោក​វ៉ុលូឌីមៀរ ហ្សេលេនស្គី​បាន​ឱ្យ​តម្រុយ​ថា​ប្រទេស​អ៊ុយក្រែន​អាច​បោះបង់​គោល​បំណង​របស់​ពួកគេ​ក្នុង​ការ​ចូល​រួម​ជា​សមាជិក​ក្នុង​សម្ព័ន្ធ​ភាព​យោធា​លោក​ខាង​លិច​ណាតូ​ ដែល​នេះ​នឹង​បំពេញ​ការ​ទាមទារ​ដ៏​សំខាន់​មួយ​របស់​រុស្សី​។

ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ លោក​ហ្សេលេនស្គី​ បាន​និយាយ​ថា​ការ​សង្កត់​ធ្ងន់​លើ​ការ​ចូល​រួម​ជា​សមាជិក​នៃ​អង្គការ​ណាតូ​គឺ​ដើម្បី​សន្តិសុខ​របស់​ប្រទេស​អ៊ុយក្រែន​ ដោយ​គោលដៅ​នេះ​ត្រូវ​បាន​ចារ​ក្នុង​រដ្ឋធម្មនុញ្ញ​របស់​ប្រទេស​។ ប៉ុន្តែ​លោក​បាន​ទទួល​ស្គាល់​ស្ថានភាព​ដ៏​លំបាក​ដែល​ប្រទេស​អ៊ុយក្រែន​កំពុង​ប្រឈម​ ដោយ​មាន​ទាហាន​រុស្សី​ជាង​ ១០០.០០០ នាក់​នៅ​ខាង​កើត​ប្រទេស​ ហើយ​ដៃគូ​ដូចជា​អាមេរិក​បដិសេធ​មិន​បញ្ជូន​ទាហាន​ដើម្បី​ទប់ទល់​នឹង​ការ​ឈ្លានពាន​។

«តើ​អ៊ុយក្រែន​គួរ​ដើរ​លើ​ផ្លូវ​នោះ​ប៉ុន្មាន​ទៀត​?» លោក​ហ្សេលេនស្គី​និយាយ​អំពី​ដំណើរ​ការ​សមាជិកភាព​របស់​អ៊ុយក្រែន​ ហើយ​បន្ថែម​ទៀត​ថា​ «តើ​នរណា​នឹង​គាំទ្រ​យើង​?»​។ លោក​លើកឡើង​ថា​ការ​រំពឹង​របស់​អ៊ុយក្រែន​ក្នុង​ការ​ចូល​រួម​អង្គការ​ណាតូ​គឺ​ «ដូចជា​សុបិន»​។

ការ​លើក​ឡើង​របស់​ហ្សេលេនស្គី​បាន​បង្ហាញ​ថា​យុទ្ធសាស្ត្រ​ផ្គួប​ការ​ចរចា​ ជាមួយ​នឹង​សម្ពាធ​យោធា​គឺ​កំពុង​មាន​ប្រសិទ្ធភាព​។ លោក​ឡាវរ៉ូវ​បាន​ប្រាប់​លោក​ពូទីន​​ថា​៖ «គំនិត​ផ្ដួចផ្ដើម​របស់​យើង​បាន​អង្រួន​សហសេវិក​លោក​ខាង​លិច​របស់​យើង ហើយ​បាន​ក្លាយ​ជា​ហេតុផល​ដែល​ពួកគេ​មិន​អាច​ព្រងើយ​កន្តើយ​នឹង​ការ​ទាមទារ​ពី​មុន​របស់​យើង​បាន​ទៀត​ទេ​»​។

យ៉ាង​ណា​មិញ ​សហរដ្ឋអាមេរិក​បាន​ព្យាយាម​បន្ទាប​ការ​រំពឹង​ទុក​លើ​​ដំណោះ​ស្រាយ​ការ​ទូត​បន្ទាប់​ពី​ការ​លើក​ឡើង​របស់​លោក​ឡាវរ៉ូវ​។ អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​អាមេរិក​លោក​ណេដ ប្រាយស៍​បាន​និយាយ​ថា​សំដី​របស់​លោក​ឡាវរ៉ូវ​គឺ​ផ្ទុយ​ពី​សកម្មភាព​របស់​យោធា​រុស្សី​។

លោក​ប្រាយស៍​និយាយ​ថា​៖ «យើង​បាន​កត់​សម្គាល់​ពី​យោបល់​របស់​គាត់។ អ្វី​ដែល​យើង​មិន​បាន​កត់​សម្គាល់​នោះ​គឺ​ជា​ការ​បង្ហាញ​ពី​ការ​បន្ថយ​ការ​កើន​ឡើង។ យើង​មិន​បាន​ឃើញ​សញ្ញា​ជាក់ស្តែង​ណាមួយ​នៃ​ការ​បន្ថយ​ការ​កើន​ឡើង​នោះ​ទេ»៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner