សភារុស្សីគ្រោងពិភាក្សាសេចក្ដីសម្រេចទទួលស្គាល់ឯករាជ្យភាពតំបន់ដុនបាស់ពីប្រទេសអ៊ុយក្រែន

សភា​ដូម៉ា​របស់​រុស្សី​គឺ​កំពុង​គ្រោង​បោះឆ្នោត​លើ​សេចក្ដី​សម្រេច​ ដែល​នឹង​ស្នើ​ឱ្យ​លោក​ប្រធានាធិបតី​វ្ល៉ាឌីមៀរ ពូទីន​ទទួល​ស្គាល់​ឯករាជ្យ​ភាព​របស់​រដ្ឋ​ផ្ដាច់​ខ្លួន​ចំនួន​ពីរ​នៅ​តំបន់​ដុនបាស​ នៅ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​ នេះ​បើ​តាម​ការ​លើកឡើង​របស់​ប្រធាន​សភា​ដូម៉ា​។

លោក​វីយ៉ាឆេស្លាវ វ៉ុលូឌីន​បាន​និយាយ​ថា​សមាជិក​សភា​នឹង​ធ្វើ​ការ​ពិចារណា​លើ​សេចក្ដី​សម្រេច​ព្រាង​ចំនួន​ពីរ​ ដើម្បី​ទទួល​ស្គាល់​ឯករាជ្យ​ភាព​នៃ​រដ្ឋ​ផ្ដាច់​ខ្លួន​ដូណេតស្ក៍ និង​លូហានស្ក​ ដែល​បាន​ប្រកាស​ខ្លួន​ជា​សាធារណរដ្ឋ​ប្រជាមានិត​។ សេចក្ដី​សម្រេច​ព្រាង​មួយ​គឺ​នឹង​ស្នើ​លោក​ពូទីន​ដោយ​ផ្ទាល់​ឱ្យ​ធ្វើ​បែប​នេះ ហើយ​មួយ​ទៀត​គឺ​នឹង​ស្នើ​យោបល់​របស់​រដ្ឋមន្ត្រី​ការបរទេស​រុស្សី​ និង​រដ្ឋមន្ត្រី​ដទៃ​ទៀត​លើ​បញ្ហា​នេះ​មុន​ធ្វើ​ការ​ស្នើ​ទៅ​កាន់​លោក​ពូទីន​។

តំបន់​ដុនបាស​ បាន​ឆ្លង​កាត់​សង្គ្រាម​ផ្ដាច់​ខ្លួន​ចាប់​តាំង​ពី​ឆ្នាំ​ ២០១៤ មក​ម្ល៉េះ​ ដែល​បាន​ធ្វើ​ឱ្យ​មាន​មនុស្ស​ជាង ១៤.០០០ នាក់​ស្លាប់​។ ការ​ទទួល​ស្គាល់​រដ្ឋ​ផ្ដាច់​ខ្លួន​ទាំង​ពីរ​នេះ​ និង​បំផ្លាញ​ដំណើរ​សន្តិភាព​ក្រោម​កិច្ចព្រមព្រៀង​ទីក្រុង​មីនស្ក៍​ ដែល​រដ្ឋាភិបាល​លោក​ពូទីន​បាន​ប្ដេជ្ញា​គោរព​។ បន្ថែម​ពី​លើ​នេះ​ វា​នឹង​បន្ថែម​លើ​ភាព​តានតឹង​ដែល​មាន​ស្រាប់​ជុំវិញ​ការ​ប្រមូល​ផ្ដុំ​ទាហាន​រុស្សី​ជាង​ ១០០.០០០ នាក់​នៅ​ជិត​ព្រំដែន​អ៊ុយក្រែន​។

ហេតុ​នេះ​ហើយ​ ទើប​អ្នក​វិភាគ​មួយ​ចំនួន​គិត​ថា​លោក​ពូទីន​នឹង​មិន​ទំនង​ចាត់​វិធានការ​តាម​សំណើ​របស់​សភា​ដូម៉ា​ទេ​។ ផ្លូវ​ទី​ពីរ​ ដែល​ត្រូវ​ស្នើ​យោបល់​រដ្ឋមន្ត្រី​ការបរទេស​ ត្រូវ​បាន​គេ​មើល​ថា​ជា​ការ​ពន្យារ​ពេល​កុំ​ឱ្យ​បញ្ហា​នេះ​កើត​ឡើង​នៅ​ចំ​ពេល​ដែល​ភាព​តានតឹង​កើន​ឡើង​ដ៏​ដល់​កម្រិត​ខ្ពស់​បំផុត​។

គំនិត​នៃ​ការ​ទទួល​ស្គាល់​រដ្ឋ​ផ្ដាច់​ខ្លួន​​ទាំង​ពីរ​នេះ​ ត្រូវ​បាន​លើក​ឡើង​ជា​លើក​ដំបូង​នៅ​សភា​ដូម៉ា​តាំង​ពី​ថ្ងៃ​ទី​ ១៩ មករា​ម្ល៉េះ​។ វិមាន​ក្រឹមឡាំង​បាន​បដិសេធ​មិន​អត្ថាធិប្បាយ​ថា​ខ្លួន​គាំទ្រ​សេចក្ដី​សម្រេច​ទាំង​នេះ​ដែរ​ ឬ​ទេ​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner