ប្រជាពលរដ្ឋ និងអាជីវករផ្សារបន្លែច្បារអំពៅ បើមិនអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាលទេ មិនអនុញ្ញាតឲ្យចេញ-ចូលក្នុងផ្សារឡើយ

ភ្នំពេញ៖ បងប្អូនប្រជាពលរដ្ឋនិងអាជីវករផ្សារបន្លែច្បារអំពៅ បើមិនអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាលទេ គឺមិនអនុញ្ញាតឲ្យចេញ-ចូលក្នុងផ្សារបន្លែច្បារអំពៅឡើយ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពី លោក សាន់ ប៊ុនណា ប្រធានគណៈកម្មការផ្សារបន្លែច្បារអំពៅនាព្រឹកថ្ងៃទី ១៦ខែកុម្ភៈឆ្នាំ២០២២ នេះ។

លោកសាន់ ប៊ុនណា បានប្រាប់ថា អនុវត្តតាមការណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី១០កុម្ភៈ កន្លងមកនេះ ពោលគឺខណៈដែលជម្ងឺកូវីដ-១៩ ប្រភេទអូមីក្រុងបានរីករាលដាលចូលក្នុងសហគមន៍ គណៈកម្មការផ្សារបន្លែច្បាអំពៅបានដាក់កម្លាំងសន្តិសុខ នៅតាមច្រកចេញ-ចូលទាំង ៩ ដាក់ឧបករណ៍វាស់កំដៅ ជែល អាកុលសម្រាប់លាងដៃ ជាដើមនៅតាមច្រកទាំងអស់ ដោយតម្រូវឲ្យបងប្អូនប្រជាពលរដ្ឋ ក៏ដូចជាអាជីវករត្រូវបង្ហាញកាតចាក់វ៉ាក់សាំង ។ បងប្អូនប្រជាពលរដ្ឋនិងអាជីវករទាំងអស់ បើមិនបានបំពេញតាមលក្ខខណ្ឌលើកិច្ចការពារទប់ស្កាត់ជំងឺកូវីដ-១៩ ទៅតាមវិធានការរបស់ក្រសួងសុខាភិបាលទេ គឺមិនអនុញ្ញាតឲ្យចូលផ្សារ ដើម្បីទិញបន្លែបង្កា ត្រី សាច់ឡើយ ។

ដោយឡែកចំពោះលោក គួច ចំណាន ប្រធានគណៈកម្មការផ្សារច្បារអំពៅវិញ ក៏បានបញ្ជាក់ស្រដៀងគ្នានិងគណៈកម្មការផ្សារបន្លែរច្បារអំពៅនេះផងដែរថា ៖ ចំពោះអ្នកចេញ-ចូលផ្សារច្បារអំពៅដាច់ខាតត្រូវតែអនុវត្តឲ្យបាន នូវវិធានការការពារជំងឺកូវីដ-១៩ឲ្យបានខ្ជាប់ខ្ជួន ។ បើមិនអនុវត្តឲ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាលទេ គឺគណៈកម្មការផ្សារមិនអនុញ្ញាតឲ្យចូលក្នុងផ្សារឡើយ។

លោកប្រធានក៏បានបញ្ជាក់ផងដែរថា ក្នុងព្រឹត្តិការណ៍នៃការរីករាលដាលជំងឺកូវីដ-ប្រភេទអូមីក្រុងនេះ អាជីវករលក់ដូរក្នុងផ្សារ មកលក់ដូរជាធម្មតា ប៉ុន្តែសម្រាប់អតិថិជនចេញ-ចូលផ្សារ ថ្ងៃខ្លះមានការថយចុះប្រមាណ២០% ថ្ងៃខ្លះក៏ធម្មតាដែរ។ ទោះបីជាយ៉ាងណាក្តី ការរឹតបន្តឹង លើកិច្ចការពារ ជម្ងឺរាតត្បាតនេះ គណៈកម្មការផ្សារ បានផ្សព្វផ្សាយតាមឧបករណ៍បំពងសម្លេងជាប្រចាំ ដោយត្រូវអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានរបស់ក្រសួងសុខាភិបាល ពិសេសអនុវត្ត ៣កុំនិង៣ការពារ របស់សម្តេចតេជោហ៊ុន សែន ៕ ដោយ ៖ ហេង សម្បត្តិ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner