សំបុកសត្វកុកពាក់អំបោះ មានការកើនឡើងតិចតួច នៅដែនជម្រកសត្វព្រៃលំផាត់!

តាមរយៈអង្គការ BirdLife នៅកម្ពុជា បានបញ្ជាក់ថា កុកពាក់អំបោះ ត្រូវបានចាត់ចូលក្នុងបញ្ជីរក្រហមពិភពលោក IUCN ជាប្រភេទជិតរងការគម្រាមកំហែង ហើយចំនួនរបស់វានៅលើពិភពលោកកំពុងមានការធ្លាក់ចុះ។

បក្សីប្រភេទនេះត្រូវបានរកឃើញបន្តពូជជារៀងរាល់ឆ្នាំនៅដែនជម្រកសត្វព្រៃលំផាត់។ រដូវបន្តពូជរបស់បក្សី គឺចាប់ពីខែ កក្កដា រហូតដល់ខែធ្នូ ហើយពួកវាចូលចិត្តធ្វើសំបុកលើដើមឈើធំៗ ដែលដុះនៅតាមមាត់ទន្លេ ឬអូរ។ នៅក្នុងរដូវបន្តពូជឆ្នាំ ២០២១ នេះ សំបុកសត្វកុកពាក់អំបោះចំនួន ៩សំបុកត្រូវបានកត់ត្រាបាននៅដែនជម្រកសត្វព្រៃលំផាត់ដោយក្រុមការងាររបស់យើង។ សំបុកសត្វទាំងអស់ត្រូវបានតាមដានពីការវិវឌ្ឍន៍របស់វា និងការពារពីការរំខាននានា។

អង្គការ BirdLife បានបន្ថែមថា ជាលទ្ធផល សំបុកចំនួន ៨ ត្រូវបានញាស់ដោយជោគជ័យ និងមានកូនសរុបចំនួន ១៥ក្បាល។ ទោះយ៉ាងណា សំបុកចំនួនមួយត្រូវបានបរាជ័យដោយការរំខានពីមនុស្ស។ នៅដែនជម្រកសត្វព្រៃលំផាត់ យើងបានចាប់ផ្តើមកត់ត្រាសំបុករបស់កុកពាក់អំបោះលើកដំបូងនៅឆ្នាំ២០១៧ ហើយនៅពេលនោះយើងកត់ត្រាបាន ៨សំបុក និងកូនញាស់ជោគជ័យ ៥ក្បាល។ នៅឆ្នាំ២០២១នេះ យើងកត់ត្រាបានចំនួន ៩សំបុក និងកូនញាស់ជោគជ័យចំនួន ១៥ក្បាល ដែលជាចំនួនខ្ពស់បំផុតបើប្រៀបធៀបនឹងរដូវបន្តពូជមុនៗ។

ប្រៀបធៀបលទ្ធផលពងកូនក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ ចំនួនសំបុករកឃើញសរុបមានការកើនឡើងបន្តិចបន្តួច ហើយចំនួនសំបុកដែលជោគជ័យបានកើនឡើងពី ៤សំបុកក្នុងឆ្នាំ២០១៧ ទៅ ៨សំបុកក្នុងឆ្នាំ២០២១ ។ សត្វកុកពាក់អំបោះកំពុងត្រូវបានគំរាមកំហែងដោយកត្តាមួយចំនួនដូចជា ការរំខានពីមនុស្ស ការបរបាញ់ និងការបាត់បង់ទីជម្រក។ ហេតុដូចនេះ ដើម្បីទប់ស្កាត់ការថយចុះចំនួនរបស់បក្សីប្រភេទនេះ យើងទាំងអស់គ្នាត្រូវចូលរួមការពារពួកវា និងទីជម្រករបស់វា៕ដោយ៖ អួន ស្រីរុំ

អួន ស្រីរុំ
អួន ស្រីរុំ
ជាអ្នកយកព័ត៌មានជាតិ សម្រួលអត្ថបទព័ត៌មាន បញ្ជូលសម្លេង កាត់តសម្លេង និងផលិតបទយកការណ៍។ មានបទពិសោធន៍ច្រើនឆ្នាំ នៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ព្រមទាំងមានទំនាក់ទំនងល្អជាមួយក្រុមការងារផងដែរ។
ads banner
ads banner
ads banner