ប៊ែលហ្សិក គាំទ្រដល់ក្រសួងសុខាភិបាលកម្ពុជា ពង្រឹងបន្ថែមលើផ្នែកជំងឺមិនឆ្លង និងផ្នែកសុខភាពផ្លូវចិត្ត របស់មនុស្ស ក្នុងបរិបទកូវីដ-១៩

លោកស្រី Sibille de Cartier d’Yves (ស៊ីប៊ីល ឌឺ ហ្គាជេ ឌៀវ) ឯកអគ្គរាជទូតប៊ែលហ្សិក (BELGIUM) ប្រចាំតំបន់ (កម្ពុជា-វៀតណាម-ឡាវ) បានសម្តែងការគាំទ្រចំពោះ ក្រសួងសុខាភិបាលកម្ពុជា ក្នុងការពង្រឹងបន្ថែមលើផ្នែកជំងឺមិនឆ្លង និងផ្នែកសុខភាពផ្លូវចិត្តរបស់មនុស្សក្នុងបរិបទកូវីដ-១៩។

ការគាំទ្រនេះ បានធ្វើឡើងនៅក្នុងឱកាសជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាលនាទីសី្តការក្រសួងថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

លោកស្រី ស៊ីប៊ីល ឌឺ ហ្គាជេ ឌៀវ បានលើកឡើងពីកិច្ចសហប្រតិបតិ្តការល្អ នាពេលកន្លងមក រវាងប៊ែលហ្សិក និងកម្ពុជា ជាពិសេសក្នុងវិស័យសុខាភិបាល។ កន្លងមកនេះ ប៊ែលហ្សិក បានចូលរួមចំណែកក្នុងការជួយធ្វើឲ្យមានភាពល្អប្រសើរឡើង នូវសុខភាពរបស់ប្រជាពលរដ្ឋ។ ក្នុងនោះ មានក្រុមគ្រូពេទ្យមកពីប៊ែលហ្សិក បានជួយដល់បណ្តាមនី្ទរពេទ្យមួយចំនួន ក្នុងការជួយកសាងនូវសមត្ថភាពក្រុមគ្រូពេទ្យរបស់កម្ពុជា ក្នុងការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋ ហើយមួយរយៈពេលក្រោយមកនេះក៏មានការផ្អាក ជាពិសេស៣ឆ្នាំចុងក្រោយនេះ ប៊ែលហ្សិកបានគិតគូរឡើងវិញ តាមរយៈអង្គការមួយបានមកជួយបំពេញ នូវ កិច្ចសហប្រតិបតិ្តការ ជាមួយក្រសួងសុខាភិបាល។

បន្ថែមពីនេះទៀត ប៊ែលហ្សិក មានបំណងនិងផ្តោតសំខាន់លើ បញ្ហាសុខភាពផ្លូវចិត្តរបស់មនុស្ស ដោយហេតុថា ក្នុងបរិបទកូវីដ-១៩ ដែលមានផលប៉ះពាល់ច្រើន។ ក្រៅពីនោះ លោកស្រីក៏ចង់ ឲ្យមានវឌ្ឍនភាពបន្ថែមទៀតទៅលើការជួយបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកចំនួន២ គឺផ្នែកជំងឺមិនឆ្លង និងផ្នែកសុខភាពផ្លូវចិត្ត។

ជាការឆ្លើយតប លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង ស្វាគមន៍ប៉ុន្តែស្នើលោកស្រី ឯកអគ្គរាជទូតប៊ែលហ្សិក តម្រូវឲ្យមានការជជែកពិភាក្សាគ្នាបន្ថែមទៀត ឲ្យមានភាពច្បាស់លាស់ ដើម្បីឈានឆ្ពោះទៅរកការពិនិត្យលើលទ្ធភាពនៃការចុះកិច្ចព្រមព្រៀង និងសុំឲ្យផ្តល់នូវឯកសារនានាពាក់ព័ន្ធទៅនឹងកិច្ចសហប្រតិបត្តិការនេះដើម្បីឲ្យក្រសួងសុខាភិបាលមានលទ្ធភាពនៅក្នុងការពន្លឿននូវកិច្ចការងារ ចុះកិច្ចសហប្រតិបតិ្តការរវាងកម្ពុជា និងប៊ែលហ្សិក៕

ads banner