នាយករដ្ឋមន្ត្រីជប៉ុនគាំទ្រចំពោះការបំពេញតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន និងគំនិតផ្តួចផ្តើមដែលសម្តេចតេជោ ហ៊ុន សែន ដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ា

ភ្នំពេញ៖ ឯកឧត្តម ហ្វូមីអូ គីស៊ីដា (FUMIO Kishida )នាយករដ្ឋមន្ត្រីជប៉ុនបានសម្តែងនូវការគាំទ្រចំពោះការបំពេញតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ាន ជាពិសេសគំនិតផ្តួចផ្តើម និងកិច្ចការនានាដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរៀបចំដើម្បីព្យាយាមដោះស្រាយវិបត្តិនយោបាយនៅមីយ៉ាន់ម៉ា។

លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា កម្ពុជាដែលមានសម្តេចតេជោជាប្រមុខដឹកនាំ នឹងអាចចូលរួមចំណែកដោះស្រាយបញ្ហាផ្សេងៗទៀតដែលអាស៊ានកំពុងមានកង្វល់។ ជប៉ុនចាត់ទុកកម្ពុជាមិត្តដ៏ល្អ និងចង់ឱ្យជប៉ុន-កម្ពុជាមានទំនាក់ទំនងកាន់តែស៊ី ជម្រៅ និងជាដៃគូសំខាន់ក្នុងការថែរក្សាសន្តិភាពនៅក្នុងតំបន់ និងពិភពលោក ជាពិសេសការគាំទ្រដល់យុទ្ធសាស្ត្រ FOIP ដើម្បីសន្តិភាពស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាពរួម។ 

រាល់ការលើកឡើងខាងលើនេះ បានបង្ហាញនៅក្នុងជំនួបពិភាក្សាការងារជាមួយឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោកនៅការិយាល័យនាយករដ្ឋមន្ត្រីនៃប្រទេសជប៉ុននៅថ្ងៃទី១៦ ខែកុម្ភៈឆ្នាំ២០២២។

ប្រភពបានបញ្ជាក់ថា ក្នុងជំនួបនេះ ឯកឧត្តម ហ៊ុន ម៉ាណែត បានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុននូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយនឹងការបញ្ជាក់បន្ថែមអំពីការគាំទ្ររបស់សម្តេចតេជោ ក្នុងការរៀបចំប្រារព្ធខួបទី៣០ឆ្នាំនៃប្រតិបត្តិការរក្សា សន្តិភាព (PKO) របស់កងស្វ័យការពារជើងគោកជប៉ុនក្នុងប្រទេសកម្ពុជានៅខេត្តព្រះសីហនុនាពេលខាងមុខ។ ក្នុងនោះ សម្តេចតេជោ ក៏ធ្លាប់បានមានប្រសាសន៍ផងដែរថា”គប្បីធ្វើយ៉ាងណាឱ្យខួបនេះក្លាយទៅជាការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យការពារជាតិ”។ 

ឯកឧត្តម ហ៊ុន ម៉ាណែត បានបន្តថា កម្ពុជាធ្លាប់ជាប្រទេសទទួលកម្លាំងស្វ័យការពារជើងគោកជប៉ុនជាលើកដំបូង ចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព (PKO) ក្នុងឆ្នាំ ១៩៩២-១៩៩៣ បច្ចុប្បន្នកម្ពុជាជាប្រទេសចូលរួមចំណែកការពារ ថែរក្សាសន្តិភាពដោយបានបញ្ជូនកម្លាំងក្រោមឆ័ត្រអង្គការសហប្រជាជាតិទៅកាន់បណ្តាប្រទេសនានាជាច្រើនដែលកំពុងមានជម្លោះ។ 

ឯកឧត្តមក៏បានបញ្ជាក់ផងដែរអំពីជំហររបស់កម្ពុជាក្នុងការខិតខំរក្សាសន្តិភាពស្ថិរភាពក្នុងតំបន់ធ្វើយ៉ាងណាឱ្យមានវិបុលភាពរួមសម្រាប់ទាំងអស់គ្នា។ ក្រៅពីនេះ លើឆាកអន្តរជាតិកម្ពុជា-ជប៉ុនជានិច្ចជាកាលតែងតែគាំទ្រគ្នាទៅវិញទៅមកជាប់ជាប្រចាំផងដែរ។  ឯកឧត្តមបានផ្តួចផ្តើមគំនិតក្នុងការលើកកម្ពស់ទំនាក់ទំនងនៃប្រទេសទាំងពីរ ពីដៃគូយុទ្ធសាស្រ្ត ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ប្រសិនបើអាចនៅពេលអនាគត។

ជាការឆ្លើយតបឯកឧត្តម FUMIO Kishida នាយករដ្ឋមន្ត្រីជប៉ុន បានផ្តាំផ្ញើសាកសួរសុខទុក្ខជូនចំពោះសម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន តាមរយៈ ឯកឧត្តម ហ៊ុន ម៉ាណែត និងបានអរគុណរាជរដ្ឋាភិបាលកម្ពុជាចំពោះការចូលរួម ប្រារព្ធខួបទី៣០ឆ្នាំ នៃប្រតិបត្តិការកម្លាំងស្វ័យការពារជើងគោកជប៉ុនជាលើកដំបូងចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុនក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ នៅកម្ពុជា ដែលជាប្រទេសគោលដៅទី១ដោយនេះគឺជាការ បង្ហាញឱ្យឃើញអំពីទំនាក់ទំនងដ៏រឹងមាំរវាងជប៉ុន-កម្ពុជា នៅក្នុងបុព្វហេតុសន្តិភាពសាកលហើយដំណើរទស្សនកិច្ច ផ្លូវការរបស់ ឯកឧត្តម ហ៊ុន ម៉ាណែត នាពេលនេះ ក៏ជាផ្នែកមួយនៃការប្រារព្ធខួបដ៏មានអត្ថន័យនេះផងដែរ។ 

នាយករដ្ឋមន្រ្តីជប៉ុន ក៏បានគូសរំលេចបន្ថែមអំពីសារៈសំខាន់ការប្រារព្ធខួបទី៧០ឆ្នាំ នៃចំណងការទូតផ្លូវការជប៉ុន-កម្ពុជា នៅឆ្នាំ២០២៣ ខាងមុខ ដោយបានសង្កត់ធ្ងន់ថា ខួបទី៧០ឆ្នាំនេះ នឹងជាឆ្នាំនៃការបន្តពង្រឹង ពង្រីក និងបង្កើនទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរបន្ថែមទៀត៕ 

ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner