តើកិច្ចព្រមព្រៀងទីក្រុងមីនស្ក៍អាចជួយកាត់បន្ថយភាពតានតឹងរុស្សី-អ៊ុយក្រែនដែរ ឬទេ?

អធិការបតី​អាល្លឺម៉ង់​លោក​អូឡាហ្វ សូល​គឺ​ជា​មេដឹកនាំ​លោក​ខាង​លិច​ចុង​ក្រោយ​គេ​ដែល​បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ក្រុង​មូស្គូ​ ដើម្បី​ស្វែង​រក​មធ្យោបាយ​ដើម្បី​ជួយ​កាត់​បន្ថយ​ភាព​តាន​តឹង​រវាង​ក្រុង​មូស្គូ និង​ក្រុង​កៀវ​ ដោយ​ក្នុង​ចំណោម​មធ្យោបាយ​មួយ​ចំនួន​​នៃ​កិច្ច​​ពិភាក្សា​រួមមាន​កិច្ចព្រមព្រៀង​ឈប់​បាញ់​ចំនួន​ពីរ​ដែល​បាន​ធ្វើ​ឡើង​កាល​ពី​ ៧ ឆ្នាំ​មុន​។

​កិច្ចព្រមព្រៀង​ទីក្រុង​មីនស្ក៍​ទី១ (២០១៤) និង​ទី​២ (២០១៥)​ គឺ​ជា​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់​ ​ត្រូវ​បាន​សម្របសម្រួល​ដោយ​ប្រទេស​​បារាំង​ និង​ប្រទេស​​​អាល្លឺម៉ង់​ ដើម្បី​ចាប់​ផ្ដើម​ដំណើរ​ការ​សន្តិភាព​រវាង​រដ្ឋាភិបាល​អ៊ុយក្រែន​ និង​ក្រុម​ប្រដាប់​អាវុធ​ផ្ដាច់​ខ្លួន​គាំទ្រ​ដោយ​រុស្សី ក្នុង​សង្គ្រាម​ផ្ដាច់​ខ្លួន​នៅ​តំបន់​ដុនបាស ភាគ​ខាង​កើត​នៃ​ប្រទេស​អ៊ុយក្រែន​។ថ្មីៗ​នេះ​កិច្ចព្រមព្រៀង​ទាំង​ពីរ​ត្រូវ​បាន​គេ​គាំទ្រ​ជា​មធ្យោបាយ​មួយ​ដើម្បី​ជៀសវាង​ជម្លោះ​ថ្មី​មួយ​នៅ​អឺរ៉ុប​។

ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​បន្ទាប់ជួប​​ជា​មួយ​លោក​សូល​ ប្រធានាធិបតី​រុស្សី​លោក​វ្ល៉ាឌីមៀរ ពូទីន​ក៏​បាន​និយាយ​ថា​កិច្ចព្រមព្រៀង​ទាំង​ពីរ​នេះ​គួរ​តែ​ជា​ «មូលដ្ឋាន» សម្រាប់​ការ​ស្វែង​រក​ដំណោះស្រាយ​ចំពោះ​ភាព​តាន​តឹង​បច្ចុប្បន្ន​។

លោក​ពូទីន​បាន​បន្ទរ​ការ​លើក​ឡើង​របស់​ប្រធានាធិបតី​បារាំង​លោក​អេម៉ានុយអែល ម៉ាក្រូន​ ដែល​កាល​ពី​សប្ដាហ៍​មុន​បាន​ជួប​លោក​ពូទីន​នៅ​ក្រុង​មូស្គូ​ ហើយ​និយាយ​ថា​កិច្ចព្រមព្រៀង​ទាំង​ពីរ​នេះ​គឺ​ «មធ្យោបាយ​តែ​មួយ​គត់» ក្នុង​ការ​កសាង​សន្តិភាព​។ រដ្ឋមន្ត្រី​ការបរទេស​អាមេរិក​លោក​អាន់តូនី ប្លីនខែន​បាន​និយាយ​ថា​សហរដ្ឋអាមេរិក និង​អ៊ុយក្រែន​បាន «រួបរួម» ក្នុង​ការ​គាំទ្រ​កិច្ចព្រមព្រៀង​ទាំង​ពីរ​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​ឆ្ពោះ​ទៅ​មុខ​។

តែ​​យ៉ាង​​ណា​​មិញ​ ​​ការ​ពិភាក្សា​ទាំង​នេះ​រវាង​រុស្សី អ៊ុយក្រែន អាល្លឺម៉ង់​ និង​បារាំង​ ដែល​គេ​ហៅ​ថា​ទម្រង់​នរម៉ង់ឌី​ (Normandy Format) គឺ​កំពុង​ជាប់​គាំង​។ អ្នក​វិភាគ​មួយ​ចំនួន​និយាយ​ថា​ឥឡូវ​នេះ​អ៊ុយក្រែន​បាន​គិត​ថា​កិច្ចព្រមព្រៀង​ទាំង​ពីរ​គឺ​បាន​សរសេរ​ក្នុង​ស្ថានភាព​បង្ខំ​។ ហើយ​បន្ថែម​ពី​លើ​នេះ​ទៀត​ ក្រុង​កៀវ និង​ក្រុង​មូស្គូ​មាន​ការ​យល់ដឹង​ខុស​គ្នា​អំពី​កិច្ចព្រមព្រៀង​នេះ​។ ក្រុង​កៀវ​ចាត់​ទុក​កិច្ចព្រមព្រៀង​ទាំង​នេះ​ជា​មធ្យោបាយ​ដើម្បី​ស្ដារ​បូរណភាព​ទឹកដី​របស់​ពួកគេ រីឯ​ក្រុង​មូស្គូ​បាន​ចាត់​ទុក​កិច្ចព្រមព្រៀង​ទាំង​នេះ​ថា​ជា​មធ្យោបាយ​ដើម្បី​កាត់​បន្ថយ​ឥទ្ធិពល​លោក​ខាង​លិច​លើ​ប្រទេស​អ៊ុយក្រែនទៅ​វិញ​​។

ប្រទេស​​អ៊ុយ​ក្រែន​​​​លើក​ឡើង​​ថា​ខ្លួន​ត្រូវ​បាន​បង្ខំ​ឱ្យ​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ បន្ទាប់​ពី​កង​កម្លាំង​រុស្សី​ធ្វើ​អន្តរាគមន៍​ក្នុង​សង្គ្រាម​ផ្ដាច់​ខ្លួន​នៅ​តំបន់​ដុនបាស​ នៅ​ឆ្នាំ​ ២០១៤ និង​២០១៥ ដែល​បង្ក​ការ​បាត់បង់​ជីវិត និង​ការ​ខាត​បង់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​យោធា​អ៊ុយក្រែន​។ តែ​រុស្ស៊ី​​បាន​ច្រាន​ចោល​ថា​ខ្លួន​មិន​បាន​ពាក់ព័ន្ធ​នឹង​សង្គ្រាម​នៅ​ដុនបាសនោះ​​ទេ​។

ចុះ​នៅ​ឆ្នាំ​ ២០១៤ ប្រមាណ​ប្រាំមួយ​ខែ​បន្ទាប់​ពី​រុស្សី​កាត់​យក​ឧបទ្វីប​គ្រីមៀរ​ កិច្ចព្រមព្រៀង​ទីក្រុង​មីនស្ក៍​ទី១ គឺ​ជា​កិច្ចព្រមព្រៀង​ឈប់​បាញ់​ ១២ ចំណុច ដែល​ត្រូវ​បាន​រំលោភ​ស្ទើរ​តែ​ភ្លាម​ៗ​។

ចុះ​នៅ​ខែ​កុម្ភៈ ឆ្នាំ​ ២០១៥ ​កិច្ចព្រមព្រៀង​ទីក្រុង​មីនស្ក៍​ទី២ បាន​ដាក់​ចេញ​នូវ​រូបមន្ត​ដើម្បី​ដាក់​បញ្ជូល​តំបន់​ផ្ដាច់​ខ្លួន​គាំទ្រ​ដោយ​រុស្សី​ឱ្យ​ចូល​ជា​មួយ​អ៊ុយក្រែន​ ជា​ថ្នូរ​នឹង​ការ​ផ្ដល់​ឥទ្ធិពល​មួយ​ចំនួន​ឱ្យ​រុស្សី​លើ​នយោបាយ​របស់​ប្រទេស​អ៊ុយក្រែន​។ អ្នក​រិះគន់​បាន​និយាយ​ថា​ប្រធានាធិបតី​នៅ​ពេល​នោះ​គឺ​លោក​ប៉េត្រូ ប៉ូរ៉ូសិនកូ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​ ដោយ​សារ​កង​កម្លាំង​យោធា​អ៊ុយក្រែន​គឺ​កំពុង​ប្រឈម​មុខ​នឹង​ការ​ចាញ់​សង្គ្រាម​នេះ​។

កិច្ចព្រមព្រៀង​ទី​ពីរ​គឺ​បាន​ទទួល​ការ​គាំទ្រ​ដោយ​ក្រុមប្រឹក្សាសន្តិសុខ​អង្គការ​សហប្រជាជាតិ​ ប៉ុន្តែ​វា​មិន​ដែល​ត្រូវ​បាន​ភាគី​ទាំង​សងខាង​អនុវត្ត​ដោយ​ពេញលេញ​នោះ​ទេ​ ហើយ​វា​ឥឡូវ​បាន​ក្លាយ​ជា​ចំណុច​ផ្ដោត​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ការ​ទូត​នា​ពេល​បច្ចុប្បន្ន​។

លក្ខខណ្ឌ​សំខាន់ៗ​នៃ​កិច្ចព្រមព្រៀង​ទី​ពីរ​ រួមមាន​បទ​ឈប់​បាញ់​ភ្លាមៗ និង​ការ​ដក​អាវុធ​ធុន​ធ្ងន់ ការ​ឃ្លាំ​មើល​ដោយ​អង្គការ​សន្តិសុខ និង​កិច្ច​សហប្រតិបត្តិការ​នៅ​អឺរ៉ុប (OSCE) និង​ការ​បន្ត​ឡើង​វិញ​នូវ​ទំនាក់​ទំនង​សេដ្ឋកិច្ច និង​សង្គម​ពេញ​លេញ​រវាង​រដ្ឋាភិបាល​អ៊ុយក្រែន​ និង​តំបន់​ផ្ដាច់​ខ្លួន​។

OSCE នៅ​តែ​តាម​ដាន​តំបន់​នោះ ហើយ​ល្បឿន​នៃ​អ្នក​ស្លាប់ និង​របួស​បាន​ថយ​ចុះ នោះ​គឺ​ជា​ផ្នែក​នៃ​កិច្ចព្រមព្រៀង​ត្រូវ​បាន​បំពេញ​ដោយ​ផ្នែក​។ លក្ខខណ្ឌ​ដ៏​តានតឹង​ និង​មាន​ការ​យល់​ឃើញ​ខុស​គ្នា​រួមមាន​ការ​ស្ដារ​ការ​គ្រប់គ្រង​ព្រំដែន​រុស្សី​ទៅ​ឱ្យ​រដ្ឋាភិបាល​អ៊ុយក្រែន​វិញ ការ​ដក​កង​កម្លាំង​ ទាហាន​ស៊ី​ឈ្នួល​ និង​អាវុធ​បរទេស​ចេញ​ទាំង​អស់​ និង​ការ​ធ្វើ​កំណែ​ទម្រង់​ដើម្បី​ផ្ដល់​សិទ្ធ​គ្រប់គ្រង​ខ្លួន​ឯង​មួយ​កម្រិត​ទៅ​ឱ្យ​តំបន់​ផ្ដាច់​ខ្លួន​។

អ៊ុយក្រែន​ចង់​ស្ដារ​គ្រប់គ្រង​ព្រំដែន​ឡើង​វិញ​មុន​ពេល​ការ​បោះឆ្នោត​នៅ​ក្នុង​តំបន់​ផ្ដាច់​ខ្លួន​ រីឯ​រុស្សី​វិញ​ចង់​រៀប​ចំ​ការ​បោះឆ្នោត​មុន​អ៊ុយក្រែន​គ្រប់គ្រង​ព្រំដែន​ឡើង​វិញ​។ បន្ថែម​ពី​លើ​នេះ​អ៊ុយក្រែន​ចង់​ឱ្យ​រុស្សី​ដក​ទ័ព​ចេញ​ឱ្យ​អស់​ពី​ដែន​ដី​អ៊ុយក្រែន​ ប៉ុន្តែ​រុស្សី​បាន​បដិសេធ​ថា​ខ្លួន​គ្មាន​ដាក់​ពង្រាយ​ទ័ព​ក្នុង​ទឹក​ដី​អ៊ុយក្រែន​ទេ​។

បញ្ហា​មួយ​ទៀត​គឺ​ការ​សម្រេច​ចិត្ត​របស់​ទីក្រុង​មូស្គូ​ក្នុង​ការ​ចេញ​លិខិត​ឆ្លង​ដែន​រុស្សី​ជាង ៦០០.០០០ ទៅ​ឱ្យ​ក្រុម​បំបែក​ខ្លួន​ដុនបាស​ បើ​ទោះ​បី​ជា​រដ្ឋធម្មនុញ្ញ​អ៊ុយក្រែន​មិន​អនុញ្ញាត​ឱ្យ​មាន​សញ្ជាតិ​ពីរ​ក៏​ដោយ។ ជាង​នេះ​ទៅ​ទៀត កាល​ពី​ថ្ងៃ​អង្គារ សភា​រុស្សី​បាន​អនុម័ត​សេចក្ដី​សម្រេច​មួយ ដែល​ស្នើ​ឱ្យ​លោក ពូទីន ទទួល​ស្គាល់​ឯករាជ្យ​ភាព​នៃ​រដ្ឋ​ផ្ដាច់​ខ្លួន​នៅ​ដុនបាស​ពី​អ៊ុយក្រែន ហើយ​វា​​ជា​ការ​ទទួល​ស្គាល់​មួយដែល​មន្ត្រី​លោក​ខាង​លិច​បាន​និយាយ​ថា​ការ​ស្លាប់​របស់​កិច្ចព្រមព្រៀង​ក្រុង​មីនស្ក៍​។ នៅ​ពេល​សួរ​អំពី​សេចក្ដី​សម្រេច​នេះ លោក​ពូទីន​បាន​និយាយ​ថា រុស្សី​ដំបូង​មាន​បំណង​មួយ​​សម្រាប់​​«លទ្ធភាព​ដែល​មិន​អាច​សម្រេច​បាន​នៃ​ការ​បំពេញ​កិច្ចព្រមព្រៀង​មីនស្ក៍​»​៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner