បឹងកេត ឡើងប្រជែងជើងឯកជាមួយ ណាហ្គាវើលដ៍ ក្រោយឈ្នះ អង្គរថាយហ្គឺរ ៣-១ Cambodia Airways Cup

ក្រុមម្ចាស់ផ្ទះ បឹងកេត បានឡើងទៅប្រជែងម្ចាស់ជើងឯកព្រឹត្តិការណ៍ Cambodia Airways Cup លើកទី២ រដូវកាល ២០២២ ជាមួយក្រុមណាហ្គាវើលដ៍ នាថ្ងៃទី១៩ កុម្ភៈ ឆ្នាំ២០២២ ក្រោយពីបានយកឈ្នះក្រុមអង្គរថាយហ្គឺរ ដោយលទ្ធផលបច្ចេកទេស ៣ទល់១ នៅល្ងាចថ្ងៃទី១៦ ខែកុម្ភៈនេះ នៅកីឡដ្ឋាន Cambodia Airways។

នៅក្នុងការប្រកួតដ៏ជក់ចិត្តនេះ ក្រុមបឹងកេត បានបើកការនាំមុខពីរគ្រាប់ នៅនាទី២១ និង២៧ ដោយកីឡាករ ម៉ាត់ នូរុណ មុនពេល KWAVENY JOSEF របស់អង្គរថាយហ្គឺធ្វើសម្រេចបាន១គ្រាប់តាមពីក្រោយនៅនាទី៤១។ ចូលដល់វគ្គទី២ ការប្រកួតអូសបន្លាយពេលវេលាដល់នាទី៨៦ ទើបកីឡាករ ម៉ាត់ នូរុណ ដដែលធ្វើសម្រេចបានគ្រាប់ទី៣ (hat-trick) របស់ខ្លួន ដោយលទ្ធផល ៣ទល់១។ ក្រោយបញ្ចប់ការប្រកួត ម៉ាត់ នូរុណ ត្រូវបានជ្រើសរើសជាកីឡាករល្អប្រចាំការប្រកួតនេះ។

២ក្រុមចាញ់ៗ ព្រះខ័នរាជស្វាយរៀង និងអង្គរថាយហ្គឺរត្រូវប្រកួតដណ្តើមចំណាត់ថ្នាក់លេខ៣ នាថ្ងៃសុក្រ ទី១៨កុម្ភៈ។ រីឯក្រុមជ័យជម្នះទាំងពីរ បឹងកេត នឹងត្រូវប្រកួតនៅវគ្គផ្តាច់ព្រ័ត្រដណ្តើមជើងឯកជាមួយណាហ្គាវើលដ៍ នាថ្ងៃសៅរ៍ ទី១៩កុម្ភៈ វេលាម៉ោង ៣:៣០ នាទីល្ងាច។

គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Cambodia Airways Cup ដែលរៀបចំដោយក្លិបបឹងកេត គឺជាការប្រកួតបង្កើនគុណភាពបច្ចេកទេស ដើម្បីត្រៀមចូលរួមប្រកួត ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២២ ដែលមានក្រុមកម្រិតខ្ពស់សរុបចំនួន៨ក្រុម ដោយខេមបូឌានព្រីមៀរលីគបានប្តេជ្ញាចិត្តខ្ពស់ថានឹងធ្វើឲ្យការប្រកួតមានលក្ខណៈកាន់តែទាក់ទាញ់ និងកម្រិតខ្ពស់ថ្មីមួយ ក្នុងការអភិវឌ្ឍវិស័យកីឡាបាល់ទាត់នៅកម្ពុជាកាន់តែល្អប្រសើរបន្ថែមទៀត៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner