ហោរាសាស្រ្តប្រចាំថ្ងៃព្រហស្បតិ៍ ១រោច ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ត្រូវនឹងថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២
ឆ្នាំជូត
សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ការងាររបស់អ្នកកំពុងប្រព្រឹត្តិទៅលើគន្លងផ្លូវជោគជ័យ។ លើសពីនេះ នៅក្នុងអនាគតដ៏ខ្លីអ្នកនឹងទទួលបានដំណឹងដ៏រីករាយសម្រាប់វិជ្ជាជីវៈរបស់ខ្លួន ឬលាភសំណាងទាក់ទងនឹងសម្ភារៈ។ ប៉ុន្តែ ទោះបីយ៉ាងណាក៏ដោយ ដើម្បីទទួលបានលទ្ធផលល្អ សូមព្យាយាមចំណាយពេលបន្ថែម និងកែលម្អស្ថានភាពការងាររបស់អ្នក ហើយជឿជាក់ទៅលើសមត្ថភាពរបស់ខ្លួន។ ក្រៅពីនេះ អ្នកទទួលបានអំណោយផលចំពោះលទ្ធភាពនៃការវាយតម្លៃដ៏ត្រឹមត្រូវ និងទាញការសន្និដ្ឋានសមស្រប។
ឆ្នាំឆ្លូវ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរទៅជាប្រក្រតី ប៉ុន្តែសូមយកចិត្តទុកដាក់ចំពោះពត៌មានទាំងឡាយណាដែលពាក់ព័ន្ធនឹងការងារ និងរបររកស៊ីរបស់អ្នក។ អ្នកត្រូវរកមធ្យោបាយគ្រប់គ្រងស្ថានភាពនៅជុំវិញកិច្ចការរបស់អ្នក និងដាច់ខាតមិនត្រូវធ្វេសប្រហែសរងចាំពេលវេលានោះទេ។ ដោយសារ ភាពយឺតយ៉ាវអាចបណ្តាលឲ្យពិបាកក្នុងការកែប្រែស្ថានការណ៍ ឬមិនអាចបំពេញការងារឲ្យចប់ចុងចប់ដើម។ ក្រៅពីនេះសូមប្រយ័ត្នកំហុសដែលកើតឡើងជាមួយមនុស្សរួមក្រុមការងារ។
ឆ្នាំខាល
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីអស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះលោកអ្នកអាចនឹងទទួលបានភាពជោគជ័យធំពីការងារដែលបានដាក់ចេញកន្លងមក មិនត្រឹមតែប៉ុណ្ណោះឳកាសដែលអាចទទួលបានដំណែងមានភាពកំរិតខ្ពស់។ ចំពោះរាល់ពាក្យសំដី និងអាកប្បកិរិយារបស់អ្នកទទួលនឹងបានការយកចិត្តទុកដាក់ និងលើកសរសើរខ្លាំងណាស់ ដូចេ្នះចូរធ្វើយ៉ាងណាទាញផលចំណេញឲ្យបានអតិបរមា ឬចូរនិយាយការចំាបាច់ជាមួយថ្នាក់ដឹកនាំ។ ប៉ុន្តែអ្វីដែលអ្នកត្រូវចងចាំ គឺមិនត្រូវបោះបង់ការតស៊ូ និងការប្រកួតប្រជែងឡើយ។
ឆ្នាំថោះ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកហាក់មានអារម្មណ៍ធុញថប់ខ្លាំង ដែលបណ្តាលឲ្យប៉ះពាល់ដល់កិច្ចការរបស់ខ្លួនយ៉ាងខ្លាំង។ សូមលោកអ្នកព្យាយាមបែងចែកការងារ និងបញ្ហា។ កុំបន្ថែមបន្ទុកឲ្យខ្លួនឯងរហូតបង្ខំអ្នកឲ្យបាត់បង់ជំនឿលើខ្លួនឯង។ សូមចាប់ផ្តើមជាថ្មី ក្រឡេកមើលស្ថានភាពជុំវិញខ្លួន ហើយដោះស្រាយបញ្ហាចំពោះមុខ។ ផលលំបាកទាំងនេះជាបញ្ហាបណ្តោះអាសន្នប៉ុណ្ណោះ ហើយអ្នកមានសមត្ថភាព និងលទ្ធភាពពេញលេញក្នុងការដោះស្រាយវា។ ក្នុងនោះសូមយកចិត្តទុកដាក់លើការប្រាស្រ័យទាក់ទង ឬការផ្សព្វផ្សាយពាណិជ្ជកម្ម។
ឆ្នាំរោង
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ ពេលនេះជារយៈពេលដែលមានអំណោយផលសម្រាប់ការងារដែលទាក់ទងនឹងសិល្បៈ។ រាល់កិច្ចការទាំងអស់នឹងប្រែជាជោគជ័យ ដូច្នេះអ្នកអាចកំណត់ពេលវេលាប្រតិបត្តិការងារទាំងឡាយដែលអ្នកបានគ្រោងទុក។ ចំពោះបញ្ហាដែលធ្លាប់កើតឡើងកន្លងមក នឹងអាចដោះស្រាយបាននៅពេលនេះ គ្រាន់តែលោកអ្នកត្រូវចេញមុខប្រឈមនឹងស្ថានភាពនោះ។ ភាពជោគជ័យរបស់អ្នកផ្សារភ្ជាប់ជាមួយនឹងខិតខំប្រឹងប្រែងដោយខ្លួនឯងតែប៉ុណ្ណោះ អ្នកដទៃគឺគ្រាន់តែអាចអបអរសាទរតែមិនអាចជួយអ្នកបានទេ។
ឆ្នាំម្សាញ់
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ លោកអ្នកមានលទ្ធភាពខ្ពស់ធ្វើឲ្យរាល់ការងារទាំងអស់សម្រេចបានជោគជ័យ ប៉ុន្តែលោកអ្នកហាក់មានអារម្មណ៍សង្ស័យចំពោះសមត្ថភាពរបស់ខ្លួនជ្រុលពេក ឬផ្តេកផ្តួលជាមួយភាពបរាជ័យក្នុងពេលកន្លងមក ដែលបណ្តាលឲ្យរាំងស្ទះដល់ការសម្រេចចិត្តយ៉ាងខ្លាំង។ ម្យ៉ាងទៀត លោកអ្នកមិនចាំបាច់អ្វីត្រូវផ្គាប់ចិត្តអ្នកដទៃក៏ទេ ចំណាយពេលអភិវឌ្ឍន៍កិច្ចការរបស់អ្នក ឲ្យបានចប់សព្វគ្រប់ក្នុងថ្ងៃនេះ។ ដោយឡែក ទិសភោគទ្រព្យល្អបំផុតរបស់អ្នកគឺទិសបច្ចឹម ដូច្នេះសូមកុំបោះបង់ឳកាសដ៏ល្អ ប្រសើរនៅក្នុងពេលនេះ។
ឆ្នាំមមី
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។ រាសីលោកអ្នកថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងែនេះជាថ្ងៃដែលមានអំណោយផលសម្រាប់ការទំនាក់ទំនងជាមួយដៃគូ និងការបញ្ចប់ប្រតិបត្តិការពាណិជ្ជកម្មដោយជោគជ័យ។ សម្រាប់លោកអ្នកដែលរកស៊ីជួញដូរនឹងទទួលបានលាភធំទាក់ទងនឹងហិរញ្ញវត្ថុ ចំណែកកិច្ចការដែលទាក់ទងនឹងអចលនទ្រព្យនឹងអាចផ្តល់ផលលើសពីការរំពឹងទុក។ ចំពោះបញ្ហាគឺអាចកើតឡើង ក៏ប៉ុន្តែមិនមានអ្វីធ្ងន់ធ្ងរនោះទេ។ ក្រៅពីនេះលោកអ្នកអាចធ្វើការចូលរួម និងគាំទ្រ គោលគំនិតរបស់អ្នកបានយ៉ាងល្អប្រសើរបំផុត។
ឆ្នាំមមែ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ លោកអ្នកកំពុងជួបបញ្ហាទាក់ទងនឹងទំនុកចិត្តពីមនុស្សនៅជុំវិញខ្លួន។ សូមដោះស្រាយបញ្ហាតូចតាចនានាដែលមានកន្លងមក ហើយត្រូវសំដែងភាពស្មោះត្រង់ទទួលយកការពិត។ សូមរស់នៅដោយភាពអត់ធ្មត់ និងស្ងប់ស្ងៀម ព្រមទាំងមានភាពទៀងត្រង់ជានិច្ច ហើយក៏មិនចាំបាច់ត្រូវលាក់បាំងកំហុសរបស់ខ្លួនដែរ បណ្តោយ អ្វីៗទៅតាមពេលវេលា ពីព្រោះអ្វីៗនឹងកែប្រែទៅជាល្អប្រសើរជាងមុន។ ដោយឡែក អ្នកមិនគួរចូលរួមក្នុងដំណើរទាំងឡាយណា ដែលមិនច្បាស់លាស់ឡើយ។
ឆ្នាំវក
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ រាលកិច្ចការងារ និងមុខរបរជួញដូរនានានឹងដំណើរការបានដោយរលូន។ ចំពោះសញ្ញាណនៃឧបសគ្គគឺមិនអាចកំណត់បានទេក្នុងពេលនេះ ដូច្នេះសូមប្រុងប្រយ័ត្នហើយធ្វើការដោយសន្សឹមៗ ប្រការសំខាន់អ្នកមិនអាចផ្តាំផ្ញើការងារនឹងអ្នកណាបានឡើយ។ ដោយឡែក ក្នុងអនាគតដ៏ខ្លី អ្នកនឹងអាចទទួលបានសំណាងទាក់ទងនឹងហិរញ្ញវត្ថុ ឬការតំឡើងប្រាក់ខែ។ ទន្ទឹមនឹងនោះ កិច្ចការថ្ងៃនេះមានទំនាក់ទំនង នឹងគំនិតច្នៃប្រឌិត ដូច្នេះសូមកុំខ្លាចក្នុងការបង្ហាញចេញគម្រោងរបស់អ្នក។
ឆ្នាំរកា
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះជាថ្ងៃដ៏ល្អសម្រាប់ការធ្វើទំនាក់ទំនងជាមួយមិត្តរួមការងារ និងបង្កើតទំនាក់ទំនងថ្មីនៅមជ្ឈដ្ឋានខាងក្រៅ។ ធ្វើយ៉ាងណាសូមកុំចាកចេញពីក្រុម ពីព្រោះលោកអ្នកមិនអាចទទួលបានផលល្អសម្រាប់ការងារតែម្នាក់ឯងបានទេ។ សូមចូលរួមការពិភាក្សាយោបល់ជាមួយមនុស្សក្នុងក្រុម និងថ្នាក់លើ។ ចំពោះកិច្ចការណាដែលពិបាកក្នុងការសម្រេចចិត្ត សូមស្នើការពិភាក្សា ហើយចំពោះការប្រថុយប្រថាននឹងធ្វើឲ្យអ្នកជាប់គាំងយ៉ាងងាយ។
ឆ្នាំចរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីអស់លោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ ថ្ងៃនេះអ្នកនឹងមានលទ្ធភាពបញ្ចប់ការងារបានដោយជោគជ័យ និងរហ័សរហួនណាស់។ ក្រៅពីនេះនឹងទទួលបានទំនុកចិត្តពីមនុស្សនៅជុំវិញខ្លួនបានល្អប្រសើរណាស់។ តែទោះយ៉ាងណាក្តី សូមប្រកាន់ខ្ជាប់នូវគម្រោងផែនការ ពីព្រោះភាពរាំងស្ទះខ្លះអាចកើតឡើងដោយមិនបានព្រៀងទុកផងដែរ។ លើសពីនេះ គួរជៀសវាងការសន្យាទាំងឡាយណាដែលអ្នកមិនអាចធ្វើបាន ពីព្រោះទំនុកចិត្តសំខាន់បំផុតក្នុងពេលនេះ។ ដោយឡែក សូមលោកអ្នកពិនិត្យតាមដានខុសភាព និងថ្លឹងថ្លែងជាពិសេសជាមួយនឹងការងារដែលអ្នកកំពុងទទួលខុសត្រូវ។
ឆ្នាំកុរ
សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីអស់លោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរការទៅជាប្រក្រតី ប៉ុន្តែលុយកាក់ និងលាភសំណាងធំដុំមិនទានអាចទទួលបានទេក្នុងពេលនេះ។ ចំពោះការងារដែលទាមទារពេលវេលា និងលុយកាក់ច្រើន គួរតែផ្អាកសិន ហើយរងចាំឳកាសល្អណាមួយនៅថ្ងៃខាងមុខ ប៉ុន្តែប្រសិនបើអ្នកមិនអាចផ្អាកបានទេ សូមត្រៀមរៀបចំការងារឲ្យបានម៉ត់ចត់បន្ថែម ហើយមិនត្រូវប្រញាប់ប្រញាលទេ។ ក្នុងនោះសូមលោកអ្នកជឿទុកចិត្តលើខ្លួនឯងឲ្យបានច្រើន បើអ្នកអាចធ្វើបាននោះស្ថានភាពលំបាកនឹងទៅជាងាយស្រួល។
ចំណាំ៖
ឆ្នាំទាំង៣ ខាល មមី ចរ រាសីលោកអ្នកនៅក្នុងថ្ងៃនេះឡើងខ្ពស់ត្រដែត។ លោកអ្នកកំពុងមានដំណើរការល្អក្នុងការងារ ហើយលាភសក្ការៈ ក៏ដូចជាឳកាសល្អៗនឹង កើតឡើងផងដែរ។