សម្តេចនាយករដ្ឋមន្ត្រីសម្ពោធស្ពានគន្លឹះតភ្ជាប់ខេត្តព្រៃវែងនិងក្រចេះ (Video Inside)

ស្ពានបេតុង៧កន្លែងតម្លៃ៣៥លានដុល្លារដែលជាជំនួយរបស់រាជរដ្ឋាភិបាលជប៉ុន បាន សម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី១៦កុម្ភៈនេះ។ ពិធីសម្ពោធស្ពានទាំង៧កន្លែង ដែលក្នុង នោះ២កន្លែងស្ថិតលើកំណាត់ផ្លូវជាតិលេខ១១ក្នុងខេត្តព្រៃវែង និង៥កន្លែង ទៀតស្ថិតនៅលើ កំណាត់ផ្លូវជាតិលេខ៧៣ក្នុងខេត្តក្រចេះ បានអញ្ជើញចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ពីសម្តេច នាយករដ្ឋមន្ត្រីហ៊ុនសែន។ ឯកអគ្គរាជទូតជប៉ុនលោកមិកាមិ ម៉ាសាហ៊ីរ៉ូ ក៏បានអញ្ជើញចូលរួម ក្នុងពិធីសម្ពោធស្ពាននាព្រឹកថ្ងៃពុធនេះផងដែរ។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ស្ពានទាំង៧កន្លែងនេះ គឺជាគម្រោងសាង សង់ឡើងវិញបន្ទាន់ នៅតំបន់ប្រឈមនឹងទឹកជំនន់ ស្ថិតនៅទីតាំងភូមិសាស្រ្តខេត្តក្រចេះ និងខេត្តព្រៃវែង ដោយស្ពានមានប្រវែងសរុប ៦៧០ម៉ែត្រ និងផ្លូវតភ្ជាប់ស្ពានមានប្រវែងសរុប ៣ពាន់៤២៤ម៉ែត្រ។ ស្ពានទាំង៧កន្លែងនេះ បានបើកការដ្ឋានសាងសង់កាលពីអំឡុងខែមិថុនា ឆ្នាំ២០១៨ និងបានបញ្ចប់ការសាងសង់នៅអំឡុងខែធ្នូ ឆ្នាំ២០២០។ សម្តេចតេជោហ៊ុនសែន បានមានប្រសាសន៍បញ្ជាក់នៅក្នុងឳកាសសម្ពោធស្ពានទាំង៧។

ការសាងសង់ឡើងវិញនូវស្ពានទាំង៧កន្លែងនេះ គឺដើម្បីឆ្លើយតបទៅនឹងឥទ្ធិពលនៃគ្រោះមហ ន្តរាយទឹកជំនន់រៀងរាល់ឆ្នាំនៅក្នុងអំឡុងរដូវវស្សាដោយគ្រោះធម្មជាតិនោះ តែង បានបំផ្លាញ ធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ-ស្ពាន និងបង្កការលំបាកផ្សេងៗដល់ការធ្វើចរាចរណ៍ឆ្លងកាត់ ភូមិសាស្រ្តនៃខេត្តទាំងពីរ។

នាពេលបច្ចុប្បន្ន ស្ពានទាំង៧កន្លែងនេះ បានក្លាយជាផ្នែកមួយនៃ ការតភ្ជាប់ និងគាំទ្រដល់ខ្សែផ្លូវជាតិចំនួនពីរ គឺផ្លូវជាតិលេខ៧៣ខេត្តក្រចេះ និងផ្លូវជាតិលេខ ១១ ខេត្តព្រៃវែង ដែលជាខ្សែផ្លូវមានភាពមមាញឹកខ្លាំងសម្រាប់ការធ្វើចរាចរណ៍ដឹកជញ្ជូន ទំនិញគ្រប់ប្រភេទ និងជាខ្សែផ្លូវតភ្ជាប់របៀងសេដ្ឋកិច្ចកណ្តាល និងរបៀងសេដ្ឋកិច្ចខាងត្បូង។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner