លោកបណ្ឌិត គិន ភា៖ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ហ៊ុន ម៉ាណែត នៅជប៉ុន បានរួមចំណែកយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ

ភ្នំពេញ៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានមានប្រសាសន៍ថា ដំណើរទស្សនកិច្ចរបស់ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នៅប្រទេសជប៉ុន គឺមានសារៈសំខាន់ណាស់ គឺបានរួមចំណែកយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់ពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសកម្ពុជា និងជប៉ុន និងលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិពីព្រោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក និងបង្ហាញឱ្យឃើញពីការផ្តល់តម្លៃខ្ពស់ពីសំណាក់ប្រទេសជប៉ុនចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ ដំណើរទស្សនកិច្ចនេះ នឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសកម្ពុជា និងជប៉ុនកាន់តែមានការរីកចម្រើនកាន់តែរឹងមាំថែមទៀត។ 

លោកបណ្ឌិត គិន ភា បានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះ មានសារៈសំខាន់ណាស់ ក្នុងអំឡុងឆ្នាំ២០១០ រហូតមកដល់បច្ចុប្បន្ននេះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត អាចចាត់ទុកថា ជាអ្នកបន្តវេនតែមួយគត់ដែលបំពេញទស្សនកិច្ចផ្លូវការច្រើនជាងគេទៅកាន់ប្រទេសជប៉ុន ហើយក៏ជួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនច្រើនរូបផងដែរ។ លោកគិតថា វាមានសារៈសំខាន់សម្រាប់ទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន ដែលឯកឧត្តមបណ្ឌិតកាន់តួនាទីសំខាន់នាពេលបច្ចុប្បន្ន ហើយក៏ជាអ្នកត្រូវបន្តវេនក្នុងការដឹកនាំប្រទេសកម្ពុជាផងដែរ។ ដំណើរទស្សនកិច្ចនេះ គឺពិតជារួមចំណែកយ៉ាងសំខាន់ជាវិជ្ជមានក្នុងការពង្រឹងនិងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរ ហើយឃើញថា ជប៉ុនផ្តល់តម្លៃខ្ពស់ចំពោះវត្តមានឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត។ ដោយការរៀបចំដំណើរទស្សនកិច្ច និងរបៀបបដិសណ្ឋាកិច្ចដែលប្រទេសជប៉ុនធ្វើសម្រាប់ទទួលឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត គឺបានបង្ហាញឱ្យឃើញពីកម្រិតនៃទំនាក់ទំនង និងការផ្តល់តម្លៃខ្ពស់។ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានជួបជាមួយឥស្សរជនសំខាន់ៗ ជាច្រើននៃប្រទេសជប៉ុន រាប់ចាប់តាំងពីរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីការពារជាតិ រហូតដល់នាយករដ្ឋមន្ត្រីជប៉ុន នេះសរបញ្ជាក់ឱ្យឃើញថា ទស្សនកិច្ចនេះ គឺមានសារៈសំខាន់ណាស់។

គួរបញ្ជាក់ថា តបតាមការអញ្ជើញរបស់រាជរដ្ឋាភិបាលជប៉ុន តាមរយៈសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក កំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កងទ័ពជើងគោក បំពេញទស្សនកិច្ចផ្លូវការរយៈពេល០៤ ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកុម្ភៈឆ្នាំ២០២២ នៅក្នុងប្រទេសជប៉ុន ស្របពេលដែលប្រមុខរាជរដ្ឋាភិបាលនៃប្រទេសទាំងពីរកម្ពុជា-ជប៉ុន បានឯកភាពគ្នាប្រារព្ធខួបទី៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព (PKO) របស់ជប៉ុននៅកម្ពុជា ហើយដែលប្រតិបត្តិការនេះ ជាប្រតិបត្តិការក្រៅប្រទេសលើកទី១ របស់កងកម្លាំងស្វ័យការពារជប៉ុន ក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ៕ 

ដោយៈពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner