វត្តចំនួន ២៥៥ ក្នុងខេត្តត្បូងឃ្មុំ ប្រារព្ធពិធីបុណ្យមាឃបូជា

ខេត្តត្បូងឃ្មុំ ៖ ថ្ងៃពុធ១៥កើត ខែមាឃ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២ ជាថ្ងៃសីលពេញបូណ៌មី គឺជាថ្ងៃ «បុណ្យមាឃបូជា» ដែលមានសារៈសំខាន់ នៅក្នុងពុទ្ធសាសនា ប្រហាក់ប្រហែលនឹងបុណ្យពុទ្ធសាសនាដទៃទៀតដែរ រួមមាន៖ ពិសាខបូជា, អាសាឍបូជា និងបុណ្យបវារណា (ចេញវស្សា)។ លោក ហាក់ ហុន ប្រធានមន្ទីរសាសនាខេត្តត្បូងឃ្មុំ បានឲ្យដឹងថា ពិធីបុណ្យមាឃបូជា ក្នុងខេត្តត្បូងឃ្មុំ នាឆ្នាំ២០២២នេះ បានប្រារព្ធនៅតាមវត្តចំនួន២៥៥ និងបានដង្ហែអង្គព្រះពុទ្ធរូបតាមដងផ្លូវផងដែរ។

លោក បញ្ជាក់ថា ពិធីបុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មាសម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោកនាប្រទេសឥណ្ឌា កាលពី ៥៨៨ឆ្នាំ មុនគ្រិស្តសករាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន ៩ខែគត់ ។ ការបង្កើតព្រះពុទ្ធសាសនា ក្នុងឋានៈជាអង្គការសាសនាមួយនេះ ធ្វើឡើងនៅក្នុងចំណោម ព្រះសង្ឃចំនួន ១,២៥០អង្គ ជាសមាជិកក្នុងអង្គ មហាសន្និបាតមួយ ដែលបាននិមន្តមកពីគ្រប់ស្រទាប់វណ្ណៈទាំងអស់ ។

នៅក្នុងមហាសន្និបាតនោះ ព្រះសម្មាសម្ពុទ្ធ ទ្រង់បានប្រកាសនូវគោលការណ៍មួយចំនួន ១១សម្រាប់ឲ្យសមាជិកមហាសន្និបាតទាំងអស់ កាន់យកជាវិថីជីវិត និងសម្រាប់យកទៅផ្សព្វផ្សាយដល់ជនដទៃទៀត ឲ្យបានយល់ពីពុទ្ធសាសនា ។ គោលការណ៍ទាំងនេះ មានឈ្មោះជា ភាសាបាលីថា «ឱវាទបាដិមោក្ខ»។ បាដិមោក្ខ ជាឈ្មោះបាលីពុទ្ធប្បញ្ញត្តិ ដែលជាសិក្ខាបទមួយៗ សម្រាប់ឲ្យភិក្ខុសូត្រ ក្នុងទីប្រជុំសង្ឃរាល់កន្លះខែ ។ ឧទាហរណ៍រៀនបាដិមោក្ខ, សម្ដែងបាតិមោក្ខជាដើម ដែលពុទ្ធសាសនិកជនម្មាក់ៗ ត្រូវយកមកសិក្សា ឲ្យយល់ដឹង និងអនុវត្ត៕

ប្រភព៖ រដ្ឋបាលខេត្តត្បូងឃ្មុំ
ដោយ៖ អួន ស្រីរុំ

អួន ស្រីរុំ
អួន ស្រីរុំ
ជាអ្នកយកព័ត៌មានជាតិ សម្រួលអត្ថបទព័ត៌មាន បញ្ជូលសម្លេង កាត់តសម្លេង និងផលិតបទយកការណ៍។ មានបទពិសោធន៍ច្រើនឆ្នាំ នៅស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា ព្រមទាំងមានទំនាក់ទំនងល្អជាមួយក្រុមការងារផងដែរ។
ads banner
ads banner
ads banner