អភិបាលខេត្តរតនគិរី ឧបត្ថម្ភលើកទឹកចិត្ត សិស្សានុសិស្សប្រឡងជាប់និទ្ទេសAទាំង ៩នាក់ ក្នុងម្នាក់ៗ កុំព្យូទ័រយួរដៃ ១គ្រឿង និងថវិកាមួយចំនួន

រតនគិរី៖ ជាការលើកទឹកចិត្តជូនដល់ក្មួយៗ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានផ្តល់ជូនសិស្សានុសិស្សប្រឡងជាប់និទ្ទេសAទាំង ៩នាក់ ក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៣០មុឺនរៀល និងកំព្យូទ័រយួរដៃសម្រាប់ការសិក្សារៀនសូត្រ ១គ្រឿង ហើយ លោកគ្រូអ្នកគ្រូដែលបានចូលរួមក្នុងម្នាក់ៗ ២០មុឺនរៀលផងដែរ ។

ការផ្តល់ជូននេះ បានធ្វើឡើង ក្នុងពិធីជួបសំណេះសំណាលជាមួយក្មួយៗ សិស្សានុសិស្សដែលប្រឡងជាប់និទ្ទេសA និងលោកគ្រូអ្នកគ្រូ នារសៀលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តរតនគិរី ។

ឯកឧត្តម ញ៉ែម សំអឿន ថ្លែងថា សិស្សានុសិស្ស និងជាយុវជនគឺជាអ្នកបន្តវេន ត្រូវកសាងខ្លួនឱ្យក្លាយជាកូនល្អ សិស្សល្អ និងយុវជនល្អ ត្រូវខិតខំហាត់ពត់លត់ដំ ព្យាយាមតស៊ូរៀនសូត្រ ទើបមានអនាគតល្អ អាចក្លាយជាថ្នាក់ដឹកនាំ ទៅថ្ងៃអនាគត ដើម្បីជួយកសាង និងអភិវឌ្ឍន៍ប្រទេសជាតិលើគ្រប់វិស័យ ។ ដោយឡែកចំពោះសិស្សានុសិស្សដែលមិនបានប្រឡងជាប់ ឯកឧត្តមបានលើកទឹកចិត្តដល់ពួកគេ មិនត្រូវអស់សង្ឃឹម និងកុំបោះបង់ចោលការសិក្សា គឺត្រូវខិតខំសិក្សារៀនសូត្របន្ថែមទៀត ដើម្បីទទួលបានលទ្ធផលជោគជ័យនៅឆ្នាំសិក្សាបន្ទាប់ទៀយ ។

ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះអាជ្ញាធរពាក់ព័ន្ធ លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្សទាំងអស់ ដែលបានខិតខំលះបង់កម្លាំងកាយ ប្រាជ្ញា ស្មារតី ក្នុងការជួយជំរុញ និងបង្ហាត់បង្រៀនកូនបន្ថែមនៅតាមផ្ទះ ការរៀន និងបង្រៀនពីចម្ងាយ តាមរយៈប្រព័ន្ធOnline និងការចុះបង្រៀនដល់ផ្ទះ ដែលទាំងនេះ ជាការលះបង់ដ៏ខ្លាំងក្លាបំផុត ក្នុងបរិបទនៃការរីករាលដាលនៃជំងឺកូវីដ១៩ ដើម្បីធ្វើយ៉ាងណាឱ្យក្មួយៗសិស្សានុសិស្សបានក្លាយជាពលរដ្ឋល្អ ជាទំពាំងស្នងឬស្សី និងជាសសរទ្រូង ដ៏រឹងមាំសម្រាប់ប្រទេសជាតិ ។

សូមរំលឹកថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១ នៅខេត្តរតនគិរីមានមណ្ឌលប្រឡងចំនួន២ ក្នុងនោះមណ្ឌលប្រឡងបឋមសិក្សាទេសអន្លុង ថ្នាក់វិទ្យាសាស្ត្រ មានចំនួន ១១បន្ទប់ និងមណ្ឌលប្រឡងវិទ្យាល័យសម្ដេចឪសម្ដេចម៉ែ ថ្នាក់វិទ្យាសាស្ត្រសង្គមមានចំនួន ៤១បន្ទប់។ ជាលទ្ធផលបេក្ខជនមកប្រឡងចំនួន ១,២៤៨នាក់ ស្រី៥៨៩នាក់ អវត្តមាន៤៣នាក់ ក្នុងនោះស្រី ១៦នាក់ បេក្ខជនប្រឡងជាប់ ៨៧២នាក់ ក្នុងនោះស្រី ៤២០នាក់ គិតជាភាគរយសរុប ៦៧.៥៤% ស្រី ៦៩,៨៨% ក្នុងនោះជាប់និទ្ទេសA ចំនួន ៩នាក់ ស្រី ៣នាក់និទ្ទេសB ៣៤នាក់ ស្រី ២២នាក់ និទ្ទេសC ១០៣នាក់ ស្រី ៥៧នាក់ និទ្ទេសD ៣២២នាក់ ស្រី ១៤៨នាក់ និងនិទ្ទេសE ចំនួន ៤០៤នាក់ ស្រី ១៩១នាក់។ បេក្ខជនជាជនជាតិដើមភាគតិចប្រឡងជាប់ចំនួន ៣៦៧នាក់ក្នុងនោះស្រី ១២០នាក់ ៕ ដោយ៖ គតិ យុត្ត

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner