បុរសម្នាក់ពាក់ព័ន្ធករណីចេញសែកស្អុយ ១០ម៉ឺនដុល្លារទៅឲ្យដើមបណ្តឹង ត្រូវតុលាការសម្រេចចេញដីកាឃុំខ្លួនបណ្ដោះអាសន្ន
ភ្នំពេញ ៖ លោក ហម ម៉េងសែ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនជនត្រូវចោទឈ្មោះ លឹម សុវណ្ណ ហៅ ផេង ភេទប្រុសអាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកបកប្រែ ដាក់ពន្ធនាគាររាជធានីភ្នំពេញ(PJ) នៅថ្ងៃទី១៩ ខែកុម្ភៈឆ្នាំ២០២២ ជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ. ឆបោក និងមិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍ដែលអាចជួញដូរបាន ប្រព្រឹត្តនៅរាជធានីភ្នំពេញតាំងពីអំឡុងឆ្នាំ២០២០ ដល់ថ្ងៃទី១៥ ខែសីហាឆ្នាំ២០២១ បទល្មើសដែលមានចែងឲ្យផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៧៧ និងមាត្រា៣៧៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា២៣១ ច្បាប់ស្តីពីឧបករណ៍ដែលអាចជួញដូរបាន និងប្រតិបត្តិការទូរទាត់សងប្រាក់។

គួរបញ្ជាក់ថា ជនត្រូវចោទឈ្មោះ លឹម សុវណ្ណ ហៅ ផេង មានទីកន្លែងកំណើតនៅសង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ទីលំនៅមុនពេលឃាត់ខ្លួនស្នាក់នៅផ្ទះលេខ ៩៨បេ ផ្លូវលេខ១៣៤ហ្សិត សង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចេញលិខិតអញ្ជើញមកដោះស្រាយ ទៅតាមពាក្យបណ្ដឹងរបស់ឈ្មោះ ចាន់ សុខពៅ ភេទប្រុសអាយុ៣៩ឆ្នាំ ជូនជាតិខ្មែរ និងធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២២ វេលាម៉ោង១១ ថ្ងៃត្រង់និងជូនដំណឹងទៅ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ៕ ដោយ ៖ ជីម ភារ៉ា

