ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ ៥.០០០ម៉ែត្រគូបក្នុង១ថ្ងៃនឹងបើកការដ្ឋានសាងសង់នៅថ្ងៃទី២២កុម្ភៈ

ភ្នំពេញ ៖ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក គ្រោងនឹងបើកការដ្ឋានសាងសង់នៅព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ក្រោមអធិបតីភាពសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា ។ បើតាម លោក សាំពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ថា គម្រោងនេះនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមហិរញ្ញប្បទានសហប្រតិបត្តិការឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់បានចំនួន ៥.០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ លើផ្ទៃដីទំហំ ៣ហិចតា ដែលមានទីតាំង ស្ថិតនៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

លោក សាំ ពិសិដ្ឋ បន្តថា គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក នឹងត្រូវសាងសង់ជាសំណង់បូមបញ្ជូនទឹកកខ្វក់ទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដែលមានសមត្ថភាពបូមបានសរុបចំនួន ២គ្រឿង គឺ ៤៦៨ម៉ែត្រគូបក្នុងមួយម៉ោង មានទីតាំងស្ថិតនៅប៉ែកខាងក្រោមជាប់អាង បង្ហូរទឹកបូមចេញពីស្ថានីយ៍បូមទឹកបឹងត្របែក។

លោកប្រធានបន្តថា ៖ ក្នុនោះក៏មានការសាងសង់ផ្លូវសម្រាប់ថែទាំប្រឡាយ មានទទឹងផ្លូវ ១០ម៉ែត្រ និងមានបណ្តោយផ្លូវ ១.៦៩០ម៉ែត្រ សម្រាប់ជីកដាក់បំពង់លូដកបង្ហូរទឹកកខ្វក់មកស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ដោយត្រូវក្រាលកៅស៊ូ AC ទំហំ៧ ម៉ែត្រ តភ្ជាប់ពីផ្លូវលេខ ២៧១ រហូតដល់មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ជីកដាក់បំពង់លូដែក ទំហំមុខកាត់ ០,៣ ម៉ែត្រ ប្រវែងប្រមាណ ១.៨៤០ម៉ែត្រ ដើម្បីបង្ហូរទឹកកខ្វក់ពី សំណង់បូមបញ្ចូនទឹកកខ្វក់ ឆ្ពោះទៅស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ។ ការសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ (Sewage Treatment Plant) ដែលមានសមត្ថភាពប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន ៥.០០០ ម៉ែត្រគូបក្នុងមួយថ្ងៃ លើផ្ទៃដីទំហំ ៣ ហិចតា ក្នុងផ្ទៃបឹងបម្រុងទុកប្រមាណ ១៩ហិចតា ស្ថិតនៅជាប់មហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរសភោគាធិបតី ហ៊ុន នាង ដែលរាជរដ្ឋាភិបាល បានកាត់ឆ្កៀលសម្រាប់សាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក ក្នុងគម្រោងឆ្នាំគោលដៅ២០២៥។ជាមួយគ្នានេះ គម្រោងក៏ត្រូវមានការសាងសង់សំណង់ប្រព្រឹត្តកម្មសំណល់ភក់ (Sludge Treatment Facility) ដែលកើតចេញពីស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯក បន្ថែមទៀតផងដែរ។

គម្រោងសាងសង់ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់ជើងឯកនេះ ត្រូវបានរដ្ឋាភិបាលនៃប្រទេសទាំងពីរ “កម្ពុជា-ជប៉ុន “ចុះ ហត្ថលេខាលើលិខិតប្ដូរសារ កាលពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៩ និងបន្ទាប់មកទីភ្នាក់ងារ JICA បានចុះកិច្ចព្រមព្រៀងផ្តល់ហិរញ្ញប្បទានឥតសំណងជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា នៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។ ទទួលបានគោលការណ៍អនុញ្ញាតខាងលើនេះ ទីភ្នាក់ងារ JICA បានជ្រើសរើសក្រុមហ៊ុនចម្រុះសម្រាប់ធ្វើជាទីប្រឹក្សាបច្ចេកទេស ដើម្បីសិក្សាលម្អិត រៀបចំឯកសារដេញថ្លៃ ត្រួតពិនិត្យការអនុវត្តគម្រោង ដែលមានតម្លៃនៃកិច្ចសន្យាចំនួន ៣០០.០០០.០០០យ៉េនជប៉ុន ហើយតាមរយៈការដេញថ្លៃនៅប្រទេសជប៉ុន ក្រុមហ៊ុនចម្រុះ គូបូតា-មេតាវ៉ត់ធឺ ជ័ន វែនឈួរ (Kubota-Metawater Joint Venture) ត្រូវបានជ្រើសរើសជាក្រុមហ៊ុនមៅការ អនុវត្តគម្រោង និងបានចុះកិច្ចសន្យាជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ប៉ុន្តែ តំណាងដោយ ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន (ដោយសារបញ្ហាការរីកំរាលដាលជាសកលជំងឺកូវីដ-១៩) នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២១ ក្នុងតម្លៃគម្រោងគឺ ២.៣៤០.០០០.០០០ យ៉េនជប៉ុនបន្ទាប់ពីបានចុះកិច្ចសន្យា គម្រោងនេះបានចាប់ផ្តើមដំណើរការ កាលពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២១ ហើយគ្រោង នឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។

ដើម្បីឱ្យកម្មវិធីខាងលើប្រព្រឹត្តទៅដោយរលូន រក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈ ព្រមទាំងបញ្ចៀសបាននូវការកកស្ទះចរាចរ រដ្ឋបាលរាជធានីភ្នំពេញនឹងធ្វើការផ្អាកចរាចរជាបណ្ដោះ អាសន្ន ដោយមិនអនុញ្ញាតឱ្យយានជំនិះគ្រប់ប្រភេទឆ្លងកាត់កំណាត់មហាវិថីអ្នកឧញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង (ផ្លូវ ៣០ម៉ែត្រ) ចាប់ពីមហាវិថីកងយោពលខេមរភូមិន្ទ (ផ្លូវ២៧១) ដល់មហាវិថី សម្តេច ហ៊ុន សែន (ផ្លូវ ៦០ម៉ែត៍) ចាប់ពីវេលាម៉ោង ០៥:០០នាទី រហូតដល់បញ្ចប់កម្មវិធី។

អាស្រ័យហេតុនេះ សូមបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់យានយន្តគ្រប់ប្រភេទ និងម្ចាស់អាជីវកម្ម ដែលធ្វើដំណើរឆ្លងកាត់តាមដងផ្លូវខាងលើមេត្តាជ្រាប យោគយល់អធ្យាស្រ័យ និងបញ្ចៀសការធ្វើដំណើរឆ្លងកាត់ ទីតាំងប្រារព្ធពិធីតាមកាលបរិច្ឆេទំខាងលើដោយអនុគ្រោះ។ ផុតរយៈពេលហាមឃាត់បណ្តោះអាសន្ននេះ រដ្ឋបាល រាជធានីភ្នំពេញនឹងបើកឱ្យចរាចរជាធម្មតាវិញ ៕ ដោយ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner