កម្ពុជារំពឹងថា នឹងមានវិនិយោគិនជប៉ុនមកសាងសង់រោងចក្រនៅកម្ពុជា ក្រោយគ្រាប់ស្វាយចន្ទីកម្ពុជាបង្ហាញវត្តមានក្នុងពិព័រណ៍ម្ហូបអាហារកម្រិតពិភពលោកនៅជប៉ុន
ភ្នំពេញ៖ កម្ពុជារំពឹងថា បន្ទាប់ពីគ្រាប់ស្វាយចន្ទីកម្ពុជាដាក់បង្ហាញក្នុងពិព័រណ៌ម្ហូបអាហារធំមួយនៅប្រទេសជប៉ុន នឹងជួយទាំងផ្សព្វផ្សាយពីគុណភាពស្វាយចន្ទី និងជួយទាក់ទាញវិនិយោគជប៉ុនមកសាងសង់រោងចក្រនៅកម្ពុជា។
លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានលើកឡើងបែបនេះស្របពេលដែលគ្រាប់ស្វាយចន្ទីកម្ពុជានឹងត្រូវយកទៅបង្ហាញក្នុងពិព័រណ៍ម្ហូបអាហារធំមួយនៅទីក្រុងអូសាកា ប្រទេសជប៉ុន នាខែមីនាខាងមុខ ដែលអាចជួយពង្រីកទីផ្សារគ្រាប់ស្វាយចន្ទីកម្ពុជាបន្ថែមទៀត ជាពិសេសទាក់ទាញវិនិយោគិនឱ្យមកវិនិយោគរោងចក្រកែច្នៃគ្រាប់ស្វាយនៅកម្ពុជា ខណៈបច្ចុប្បន្ននេះ មានក្រុមហ៊ុនជប៉ុន២ហើយបានមកវិនិយោគសាងសង់រោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា។
លោក អួន ស៊ីឡុត បញ្ជាក់ទៀតថា ក្រុមហ៊ុនទាំងពីរនេះ រួមមានក្រុមហ៊ុន TPJ មានគម្រោងវិនយោគសាងសង់រោងចក្រកែច្នៃនៅខេត្តកំពង់ធំ ហើយកាលពីពេលថ្មីនេះ មានក្រុមហ៊ុនជប៉ុនមួយទៀត បានបង្ហាញគម្រោងបើករោងចក្រកែច្នៃគ្រាប់ស្វាយចន្ទីនៅខេត្តព្រះវិហារ។ តួយ៉ាង កាលពីឆ្នាំ២០២១ គ្រាប់ស្វាយចន្ទីកម្ពុជាបាននាំចូលទៅទីផ្សារជប៉ុនប្រមាណ៣០តោន។
ប្រធានសមាគមស្វាយចន្ទីកម្ពុជារូបនេះបន្តថា ជារៀងរាល់ឆ្នាំនៅខែមីនា ជប៉ុនតែងតែរៀបចំការតាំងពិព័រណ៍ម្ហូបអាហារដ៏ធំមួយកម្រិតពិភពលោក នៅទីក្រុងអូសាកា ដែលមានរយៈពេលប្រមាណជិត១ខែ។ លោកបន្ថែមថា កន្លងមកជប៉ុននាំចូលគ្រាប់ស្វាយចន្ទីកែច្នៃ ហើយ១ម៉ឺនតោនពីបណ្តាប្រទេសមួយចំនួន ជាពិសេស៩៥% ពីឥណ្ឌា និង៥%ទៀត នាំចូលពីវៀតណាម។ គោលបំណងធំក្រុមហ៊ុនទាំង២របស់ជប៉ុន ចង់ដណ្តើមចំណែកទីផ្សារ៣០% ជូនដល់ស្វាយចន្ទីកម្ពុជា។ កន្លងមកក្រុមហ៊ុនជប៉ុនក៏ធ្លាប់បានយកគ្រាប់ស្វាយចន្ទីកម្ពុជាយកទៅពិសោធ បានរកឃើញថា ក្នុងគ្រាប់ស្វាយចន្ទី M23 របស់កម្ពុជា មានសារធាតុអូមីកាម្យ៉ាងឈ្មោះ អូលីអេកាស៊ីត រហូតដល់២៨% ច្រើនជាងបណ្តាប្រទេសផ្សេងទៀតនៅលើពិភពលោក។
បើតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅក្នុងឆ្នាំ២០២១ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីជាង ៩៣ម៉ឺនតោន កើនឡើង ៣២៨,៣៤ភាគរយ ក្នុងនោះនាំចេញទៅវៀតណាមជាង ៩២ម៉ឺនតោន៕ ដោយ៖ ឈឹម ទីណា