លោក ចូ បៃដិន អះអាងថា នឹងជួបលោក វ្ល៉ាឌីមៀ ពូទីន ដរាប ណារុស្ស៊ីមិនប្រើកម្លាំងយោធាប្រឆាំងអ៊ុយក្រែន
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានយល់ ព្រមថា នឹងជួបពិភាក្សាជាមួយសមភាគីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន ដរាបណាទីក្រុងម៉ូស្គូមិនប្រើកម្លាំងយោធាវាយអ៊ុយក្រែន។ នេះ បើតាមការអះអាងរបស់សេតវិមានកាលពីថ្ងៃអាទិត្យម្សិលមិញ បន្ទាប់ពីការប្រកាសដំបូងដោយវិមានប្រធានាធិបតីបារាំង។

អ្នកនាំពាក្យសេតវិមានលោកស្រី ជែន សាគី បានបញ្ជាក់នៅក្នុង សេចក្ដីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យម្សិលមិញថា សហរដ្ឋអាមេរិក បានប្ដេជ្ញាចិត្តបន្តស្វែងរកដំណោះស្រាយការទូត រហូតទាល់តែដល់ វិនាទីចុងក្រោយ…ហើយលោក បៃដិន បានទទួលយក គោលការណ៍ មួយ ដោយនឹងជួបជាមួយលោក ពូទីន ប្រសិនបើរុស្ស៊ីមិន ឈ្លានពាន អ៊ុយក្រែន។

បើតាមសេចក្តីថ្លែងការណ៍របស់វិមានប្រធានាធិបតីបារាំង អេលីហ្សេ កិច្ចប្រជុំកំពូលដែលត្រូវបានប្រកាសដោយប្រទេសបារាំង បន្ទាប់ពី ការ សន្ទនាទូរស័ព្ទរវាងលោក ម៉ាក្រុង និងលោក ពូទីន នឹងត្រូវបាន ពង្រីកដល់ភាគីពាក់ព័ន្ធ ដើម្បីពិភាក្សាអំពី “សន្តិសុខ និងស្ថិរភាព ជាយុទ្ធសាស្រ្តនៅអឺរ៉ុប”។
សេចក្តីថ្លែងការណ៍ដដែលបញ្ជាក់ថា ខ្លឹមសារនឹងត្រូវរៀបចំដោយ ប្រមុខការទូតអាមេរិក និងរុស្ស៊ី ក្នុងអំឡុងកិច្ចប្រជុំរបស់ពួកលោកនៅ ថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ៕
ប្រភព៖ CNA ប្រែសម្រួលដោយៈ ឈឹម ទីណា