អ្នករកឃ្មុំធម្មជាតិ និងអ្នកចិញ្ចឹមឃ្មុំ បញ្ជាក់ពីទឺកឃ្មុំសុទ្ធនិងគុណភាពទឹកឃ្មុំ

ខេត្តសៀមរាប៖ របររកឃ្មុំ ដែលយកចេញពីក្នុងព្រៃ តាមបែបធម្មជាតិ និងអ្នកលក់ទឹកឃ្មុំគឺអាចរកចំណូលទ្រទ្រង់ជីវភាពគ្រួសាររបស់ប្រជាសហគមន៍ ព្រមជាមួយគ្នា ការប្រមូលទឹកឃ្មុំព្រៃ ក៏បានចូលរួមចំណែកការពារព្រៃឈើ ដែលពួកគាត់លែងទៅប៉ះពាល់ដល់ធនធានធម្មជាតិផងដែរ។ ក្រៅពីរកទឹកឃ្មុំបានមកលក់ហើយ ក្រុមប្រជាសហគមន៍ក៏ចាំបាច់ត្រូវបង្ហាញពីទឹកឃ្មុំរបស់ខ្លួនសុទ្ធល្អ មិនលាយដែលផ្តល់នូវទំនុកចិត្តដល់អតិថិជន ហើយអាចជួយធ្វើឱ្យពួកគាត់លក់បានក្នុងតម្លៃមួយខ្ពស់។ មានមនុស្សមិនតិចទេតែងនិយាយថា បានចាញ់បោកអ្នកលក់ដោយសារទិញទឹកឃ្មុំមកហើយមិនសុទ្ធ។ប្រការនេះធ្វើឱ្យអ្នកខ្លះមិនចង់ទិញទឹកឃ្មុំបន្តទៀត។

ក្នុងន័យបង្ហាញទំនុកចិត្ត និងមិនចង់ឱ្យពលរដ្ឋដែលទិញទឹកឃ្មុំ ហើយចាញ់បោកគេដោយសារទឹឃ្មុំមិនសុទ្ធនោះ លោក ហុង ពឿនដែលសព្វថ្ងៃរស់នៅ ភូមិពពេល ឃុំខ្នងភ្នំ ស្រុកស្វាយលើ ខេត្តសៀមរាបបានរៀបរាប់តាមបទពិសោធន៍របស់លោកពីទឹកឃ្មុំសុទ្ធបែបធម្មជាតិ ដោយធ្វើពិសោធន៍សាកល្បង៣យ៉ាងគឺ ទី១ ប្រើ ស្លឹកខ្ទឹម បារី ក្រដាស។ ក្នុងនេះដូចជាបារី គឺយើងអាចយកមួយដើមមកជ្រលក់ក្នុងទឹកឃ្មុំ ហើយយកមកអុជនឹងភ្លើងបើវាឆេះ ហើយយើងអាចយកមកជក់បានបញ្ជាក់ថា វាជាទឺកឃ្មុំសុទ្ធ ប៉ុន្តែបើជាទឹឃ្មុំក្លែងក្លាយ គឺពេលអុជបារីទៅវាមិនឆេះទេ។សម្រាប់ក្រដាសវិញ គឺឱ្យប្រើទឹកឃ្មុំបន្តក់ពីលើ បើសង្កេតឃើញថា ក្រដាសនោះមិនជ្រាបលេចមកម្ខាងទៀតទេ មានន័យថាទឹកឃ្មុំនោះសុទ្ធហើយ ប៉ុន្តែផ្ទុយមកវិញបើវាជ្រាបលេចសើមក្រដាសមកម្ខាងទៀតមាន័យថាទឹកឃ្មុំនោះមិនសុទ្ធឡើយ ។ ចំណែកវិធីមួយទៀតគឺឱ្យយកស្លឹកខ្ទឹមមួយដើមមកជ្រលក់ទៅក្នុងទឹកឃ្មុំ បើសិនជាវារួញឬស្វិតបញ្ជាក់ថាជាទឹកឃ្មុំសុទ្ធ តែបើទឹកឃ្មុំមិនសុទ្ធវិញនៅពេលជ្រលក់ហើយស្លឹកខ្ទឹមនោះវានឹងនៅរក្សាភាពដើមដដែលពោលគឺមិនស្វិតឬរួញខុសទ្រង់ទ្រាយដើមសោះឡើយ។

លោក ហុង ពឿន ដែលមានអាយុ ៣៧ឆ្នាំបានឱ្យដឹងថា ឃ្មុំដែលលោកចេញទៅរកហើយប្រាថ្នាចង់បាននោះគឺឃ្មុំចង្អេរពីព្រោះថាវាផ្តល់ទឹកច្រើនក្នុងមួយផ្លិតចាប់ពី ៤-១០លីត្រហើយលោកលក់ក្នុងមួយលីត្រ ៨០០០០រៀល ។ ពេលខ្លះរកបានហើយក៏ខ្វះអ្នកទិញ ដែលនាំឱ្យជួបស្ថានភាពលំបាកផងដែរ។

ពាក់ព័ន្ធក្នុងរឿងនេះដែរ លោកជិន វណ្ណនី អ្នកគ្រប់គ្រងនិងផលិតទឹកឃ្មុំចិញ្ចឹមរបស់ ក្រុមហ៊ុនអង្គរខ្មែរហាន់នីប៊ី ដែលសព្វថ្ងៃមានទីតាំងលក់នៅលើខ្នងភ្នំគូលែន ខេត្តសៀមរាប បានបញ្ជាក់ប្រាប់ បណ្តាញអប្សព័ត៌មាន (AMS) ឱ្យដឹងថា សម្រាប់ក្រុមហ៊ុនលោកបើចង់ដឹងថាជាទឹកឃ្មុំសុទ្ធឬមិនសុទ្ធគឺក្រុមហ៊ុនលោកនឹងបញ្ចូលក្នុងមន្ទីរពិសោធន៍ឱ្យដល់អតិថិជនមើល ។ នេះគឺជាកត្តាមួយសំខាន់ដែលយើងអាចវែកញែកពីប្រភេទទឹកឃ្មុំច្បាស់លាស់បានយ៉ាងពិតប្រាកដ។ផ្ទុយទៅវិញបើយើងយកតាមការពិសោធន៍បែបវិធីផ្សេងៗវិញឃើញថាវាក៏អាចយកជាផ្លូវការបានដែរ ប៉ុន្តែគ្រាន់តែវាមិនពេញលេញ ១០០ភាគរយទេ ហេតុនេះទាល់តែយើងចូលមន្ទីរពិសោធន៍ទើបដឹងច្បាស់លាស់។

លោក ជា វណ្ណនី អ្នកឯកទេសរឿងឃ្មុំចិញ្ចឹមបានបញ្ជាក់បន្ថែមថា នៅពេលចូលក្នុងមន្ទីរពិសោធន៍យើងអាចដឹងពីសារជាតិរបស់វាបានព្រោះថាក្នុងទឹកឃ្មុំវាមានសារជាតិចិញ្ចឹមជាច្រើនយ៉ាង តាំងតែពីវីតាមីន ប៉ូតាស្យូម ម៉ាញេស្យូម សូដ្យូមនិងសារជាតិជាច្រើនទៀត។នៅពេលចូលមន្ទីរពិសោធន៍យើងនឹងដឹងពីសារជាតិទាំងអស់នេះ និងសារជាតិទាំងអស់នេះហើយដែលរាងកាយរបស់យើងត្រូវការចាំបាច់បំផុត។

លោកបានបញ្ជាក់ដែរថា បើនិយាយពីទឹកឃ្មុំចិញ្ចឹមនេះគឺពឹងផ្អែកទៅលើផ្កាព្រៃ មានន័យថា បើព្រៃកន្លែងនោះ មានចេញផ្កាល្អយើងក៏អាចប្រមូលបានផលល្អដែរដោយក្នុងនេះ២សប្តាហ៍អាចប្រមូលទឹកបាន ១ដង ឬក៏ ១០ថ្ងៃ ឬបើយូរបំផុត ២០ថ្ងៃអាចប្រមូលទឹកបានម្តង និយាយជារួមបើផ្កាព្រៃកន្លែងនោះមានច្រើន ហើយល្អគឺយើងអាចប្រមូលបាន២ដងក្នុងមួយខែដោយក្នុងមួយប្រអប់ឬមួយសំបុកប្រមូលបានចន្លោះពី៣ទៅ៤លីត្រ។ អ្នកចិញ្ចឹមឃ្មុំនិងកំពុងបើកក្រុមហ៊ុនលក់នៅលើខ្នងភ្នំគូលេនរូបនេះបានបញ្ជាក់បន្ថែមថាការចិញ្ចឹមឃ្មុំធម្មជាតិគឺតែងប្រមូលបានពីព្រៃធម្មជាតិ ចន្លោះពីខែធ្នូដល់ខែមេសា ដែលជាទឹកឃ្មុំល្អនិងមានគុណភាពខ្ពស់៕ដោយ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner