រដ្ឋសភាប្រជុំពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ថវិកាឆ្នាំ២០២០ និងសេចក្តីព្រាងច្បាប់ ៣ផ្សេងទៀត

អត្ថបទដោយ៖
Kien Sereyvuth

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានដឹកនាំសម័យប្រជុំរដ្ឋសភា លើកទី៣ នីតិកាលទី៦ បន្ត នាព្រឹកថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ចំនួន៤ ដែលនៅក្នុងនោះ មានសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ មួយផងដែរ។

សេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ មាន ៧ជំពូក និង១៥មាត្រា។ យោងតាមសេចក្តីថ្លែងហេតុរបស់រាជរដ្ឋាភិបាល បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ ត្រូវបានរៀបចំឡើងដើម្បីទ្រទ្រង់ដល់និរន្តរភាពនៃប្រតិបត្តិការរបស់រដ្ឋ និងចលនការនៃការកែទម្រង់ស៊ីជម្រៅ និងមុតស្រួច ដើម្បីពង្រឹងប្រព័ន្ធផ្ទៃក្នុងកម្ពុជា សំដៅពង្រឹងភាពជាម្ចាស់ទៅថ្ងៃអនាគត។

សេចក្តីព្រាងច្បាប់នេះ នឹងធ្វើឲ្យសម្រេចបាននូវគោលដៅជាយុទ្ធសាស្រ្តទំាង៤ ដូចមានចែងក្នុងយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៤ ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព កសាងមូលដ្ឋានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០។ ថវិកាឆ្នាំ២០២០ បន្តផ្តោតការយកចិត្តទុកដាក់លើវិស័យអាទិភាព៤ គឺមនុស្ស ផ្លូវ ភ្លើង និងទឹក។

ជាមួយគ្នានេះកម្ពុជាត្រូវបន្តខិតខំរក្សាឲ្យបានកំណើនសេដ្ឋកិច្ចខ្ពស់ ប្រកបដោយបរិយាបន្នក្នុងអត្រាប្រមាណក្នុងរង្វង់៧%ក្នុងមួយឆ្នាំ។ បង្កើតឱកាសរកប្រាក់ចំណូលឲ្យកាន់ប្រសើរជាងមុនជូនពលរដ្ឋ ការបង្កើតការងារប្រកបដោយគុណភាពសម្រាប់ស្រទាប់យុវជន និងឆ្លើយតបបានទៅនឹងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ដែលចេះតែកើនឡើងជាលំដាប់ នូវសេវាសាធារណៈសំខាន់ៗ ប្រកបដោយគុណភាព ដូចជា សេវាអប់រំ សុខាភិបាល យុត្តិធម៌ និងសេវាមូលដ្ឋានចាំបាច់ផ្សេងទៀត រួមទំាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត របបសន្តិសុខសង្គម ការធានាសុវត្ថិភាពចំណូល ពិសេសសម្រាប់ប្រជាជនងាយរងគ្រោះ និងការកាត់បន្ថយគម្លាតនៃការរីកចម្រើនរវាងទីក្រុង និងជនបទ ក៏ដូចជាការដោះស្រាយបញ្ហានគរូបនីយកម្ម និងបរិស្ថាន។

នៅពេលផ្តើមសម័យប្រជុំរដ្ឋសភានាព្រឹកនេះ មានវត្តមានសមាជិកសមាជិការដ្ឋសភាចំនួន១០៧រូប ចូលរួម។ ក្នុងការពិភាក្សា សេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០ មានឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភា ជាអ្នករាយការណ៍ជូន អង្គសភាពីលទ្ធផល នៃការពិនិត្យសិក្សាសេចក្តីព្រាងច្បាប់។ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងសហការី ជាតំណាងរាជរដ្ឋាភិបាល ជាអ្នកការពារសេចក្តីព្រាងច្បាប់។

ក្រៅពីការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ របៀបវារៈផ្សេងទៀត សម្រាប់សម័យប្រជុំរដ្ឋសភាថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ មានដូចជា ការពិភាក្សានិងអនុម័ត សេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៨។

សេចក្តីព្រាងច្បាប់ស្តីពី វិសោធនកម្មមាត្រា៣ មាត្រា១៧ មាត្រា២០ មាត្រា២១ មាត្រា២៧ មាត្រា២៨ មាត្រា២៩ មាត្រា៥៤ មាត្រា៥៥ និងមាត្រា៥៩ នៃច្បាប់ស្តីពីសហជីពដែលត្រូវបានប្រកាសឲ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៥១៦/០០៧ ចុះថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦។ និង សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមឲ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់អនុវត្តន៍បទប្បញ្ញត្តិនៃអនុសញ្ញាសហប្រជាជាតិស្តីពីច្បាប់សមុទ្រចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រង និងការអភិរក្សផល ស្តុកត្រីផ្លាស់ទីមធ្យមនិងផលស្តុកត្រីផ្លាស់ទីឆ្ងាយ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner