សម្រិតសម្រាំងបានម្ចាស់ជ័យលាភីកីឡាប៉េតង់ ជើងឯកថ្នាក់តំបន់ មណ្ឌលខេត្តបាត់ដំបង

គណៈកម្មការបច្ចេកទេសនៃការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកថ្នាក់តំបន់ មណ្ឌលខេត្តបាត់ដំបង លើ៦វិញ្ញាសាសម្រិតសម្រាំងបានកីឡាករ កីឡាការិនិខ្លាំងៗប្រចាំព្រឹត្តិការណ៍នេះ បន្ទាប់ពីប្រកួតយ៉ាងស្វិតស្វាញអស់រយៈពេល២ថ្ងៃកន្លងមកនេះ។ លោក យី សុងគី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបងបញ្ជាក់ថា ការប្រកួតកីឡាប៉េតង់នេះមានវិញ្ញសាសរុបចំនួន៦ ក្នុងនោះមានវិញ្ញាសា ៣នាក់ទល់៣នាក់ បុរស-នារី, ម្នាក់ទល់ម្នាក់ យុវជន-យុវនារី និងវិញ្ញាសាវាយយកពិន្ទុ បុរស-នារី ដោយមានកីឡាករសរុបចំនួន ៤១នាក់ ពីថ្ងៃទី២២-២៣ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីលានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបាត់ដំបង។ គោលបំណងចម្បងនៃការរៀបចំការប្រកួតនេះ គឺដើម្បីជម្រុះយកក្រុមកីឡាករ កីឡាការិនីខ្លាំងៗ នៅក្នុងតំបន់មកពី៦ខេត្ត ដូចជាម្ចាស់ផ្ទះខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង ប៉ៃលិនបន្ទាយមានជ័យ និងខេត្តឧត្តរមានជ័យ ដើម្បីត្រៀមចូលរួមប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ នៅភ្នំពេញ នាពេលខាងមុខ។

លោកប្រធានមន្ទីរអប់រំកត់សម្គាល់ថា ក្រុមកីឡាករ កីឡាការិនីទាំងអស់បានយកអស់កម្លាំងកាយ កម្លាំងចិត្ត សមត្ថភាពបច្ចេកទេស និងទេពកោសល្យរបស់ខ្លួន ដែលបានចូលរួមប្រកបដោយទឹកចិត្តក្លៀវក្លាក្នុងនាមជាអ្នកកីឡា ជាពិសេសគឺពួកគាត់បានឈរលើស្មារតីគោរពវិន័យ បទបញ្ជាបច្ចេកទេស និងបានយល់យ៉ាងច្បាស់ពីមនសិការកីឡា និងបានផ្សារភ្ជាប់យ៉ាងជិទស្និតនូវចំណងសាមគ្គីភាព ភាតរភាព និងការយោគយល់គ្នាដែលជាគំរូមួយដ៏ល្អសម្រាប់អនាគតប្រទេសជាតិរបស់យើង។

ឯកឧត្តម ធូ ភា អភិបាលរង នៃគណៈអភិបាល ខេត្តបាត់ដំបងលើកឡើងដែរថា ក្នុងនាមរដ្ឋបាលខេត្តបាត់ដំបង ឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះព្រឹត្តិការណ៍កីឡាប៉េតង់ថ្នាក់តំបន់នេះ ដែលមាន៦ខេត្តបានចូលរួមប្រកួតប្រជែងរហូតដល់គណៈកម្មការបច្ចេកទេសរកឃើញកីឡាករ កីឡាការិនីជ័យលាភីនាពេលនេះ។ ឯកឧត្តមបានកោតសរសើរដោយស្មោះជូនចំពោះឯកឧត្តម ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានសហព័ន្ធប៊ូល និងប៉េតង់កម្ពុជា ដែលបានផ្ដល់សិទ្ធិឲ្យសម្ព័ន្ធកីឡាប៊ូល និងប៉េតង់ មន្ទីរអប់រំ យុវជន និងកីឡា ខេត្តបាត់ដំបង ទទួលធ្វើម្ចាស់ផ្ទះការប្រកួតកីឡាប៉េតង់ជ្រើសរើសជើងឯក ថ្នាក់តំបន់ មណ្ឌលខេត្តបាត់ដំបង។

ជាមួយគ្នានេះ ឯកឧត្តមអភិបាលរងខេត្តក៏បានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំមន្ទីរអប់រំ យុវជន និងកីឡាខេត្ត ការិយាល័យអប់រំកាយ និងកីឡា ដែលបានប្តេជ្ញាចិត្តខ្ពស់ ក្នុងការអភិវឌ្ឍវិស័យកីឡា ដោយបានរៀបចំកែលម្អហេដ្ឋារចនាសម្ព័ន្ធវិស័យកីឡា បណ្តុះបណ្តាលគ្រូបង្វឹក កីឡាករ កីឡាការិនី កៀរគរការចូលរួមឧបត្ថម្ភពីដៃគូវិស័យឯកជន សប្បុរសជន និងអង្គការជាតិ អន្តរជាតិ ដើម្បីអភិវឌ្ឍវិស័យអប់រំកាយ និងកីឡានៅក្នុងខេត្តបាត់ដំបងអាចបន្តដំណើរការអភិវឌ្ឍឲ្យកាន់តែប្រសើរបន្ថែមទៀត។ ចំពោះប្រតិភូ គ្រូបង្វឹក និងក្រុមកីឡាករកីឡាការិនីទាំងអស់ ដែលបានចូលរួមក្នុងការប្រកួតពេលនេះក៏ត្រូវបានឯកឧត្តមលើកទឹកចិត្តដូចគ្នាផងដែរ ដើម្បីគោដៅអភិវឌ្ឍបច្ចេកទេសឲ្យកាន់តែមុតស្រួចបន្ថែមទៀត។

«ដើម្បីឆ្លើយតបបានទៅនឹងការកសាងធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុវិស័យអប់រំកាយ និងកីឡាក៏បានរួមចំណែកយ៉ាងសកម្ម ក្នុងគោលបំណងឆ្ពោះទៅឱ្យយុវជនចេះស្រឡាញ់ការងារចូលចិត្តលេងកីឡា ដើម្បីសុខភាពផ្ទាល់ខ្លួន និងរួមចំណែកជួយអភិវឌ្ឍធនធានមនុស្ស តាមទិសស្លោកក្នុងគោលនយោបាយអប់រំកាយ និងកីឡា ដែលបានកំណត់ថា យុវជនម្នាក់ត្រូវមានជំនាញកីឡាយ៉ាងតិចមួយប្រភេទកីឡា»។ នេះជាការគូសបញ្ជាក់ចុងក្រោយរបស់ឯកឧត្តម ធូ ភា៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner