កម្ពុជា-ចិន នឹងបើកកិច្ចប្រជុំចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីបើកចំហឲ្យកាន់តែទូលាយ ក្នុងការធ្វើពាណិជ្ជកម្មកាន់តែប្រសើរថែមទៀត

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលចិន នឹងបើកកិច្ចប្រជុំចរចាស្តីពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដើម្បីបើកចំហរឱ្យកាន់តែទូលាយក្នុងការធ្វើពាណិជ្ជកម្មកាន់តែប្រសើរថែមទៀតរវាងកម្ពុជា-ចិន និង សម្រេចជោគជ័យក្នុងរយៈពេលដ៏ខ្លី ។

នេះជាប្រសាសន៍របស់ឯកឧត្តម លៀម សុដា អភិបាលរងខេត្តព្រះសីហនុ ធ្វើឡើងក្នុងកម្មវិធីសន្និសីទសហគ្រិនពាណិជ្ជកម្មជនជាតិចិនខេត្តព្រះសីហនុ កាលពីល្ងាចថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅខេត្តព្រះសីហនុ ដោយឯកឧត្តមបានបញ្ជាក់ទៀតថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះ នឹងផ្តល់ឱកាស និងលំហូទីផ្សារកាន់តែច្រើនដល់កម្ពុជា បន្ថែមលើអ្វីដែលសម្រេចបានតាមរយៈកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងអាស៊ាន និងចិន ។

ទន្ទឹមគ្នា រដ្ឋបាលខេត្តព្រះសីហនុសូមលើកទឹកចិត្ត និងបន្តគាំទ្រដល់វិនិយោគិនចិននៅខេត្តព្រះសីហនុ ដើម្បីលើកកម្ពស់កំណើនសេដ្ឋកិច្ច និងបង្កើតការងារជូនប្រជាពលរដ្ឋ ជាពិសេសយុវជន ។
ឯកឧត្តមបន្តថា ការជួបជុំសមាគមពាណិជ្ជកម្មជនជាតិចិននៅកម្ពុជាប្រចាំខេត្តព្រះសីហនុនេះដែរ ក៏ជាឱកាសដ៏ល្អក្នុងការផ្លាស់ប្តូរព័ត៌មាន មតិយោបល់ បទពិសោធន៍ និងពិភាក្សារកដំណោះស្រាយល្អៗ ក្នុងការធ្វើពាណិជ្ជកម្មក្នុងខេត្តព្រះសីហនុ និងបង្កើតជាបណ្តាញ ក៏ដូចជាពង្រឹងពង្រីកចំណងទំនាក់ទំនងក្នុងធ្វើអាជីវកម្ម ។

ឯកឧត្តមអភិបាលរងបានជម្រាបជូនវិនិយោគិនចិនថា ខេត្តព្រះសីហនុ ជាតំបន់ប៉ូលអភិវឌ្ឍជាតិមួយដ៏សំខាន់នៅតំបន់ឆ្នេរសមុទ្រកម្ពុជា និងជាខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ក្នុងការទាក់ទាញវិនិយោគិន និងភ្ញៀវទេសចរជាមួយនឹងការកម្សាន្តតាមឆ្នេរសមុទ្រ និង កោះដ៏ស្រស់ស្អាត កំពង់ផែអន្តរជាតិអាកាសយានដ្ឋានអន្តជាតិ និង ធនធានធម្មជាតិដ៏សំបូរបែប ។ ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានស្វាគមន៍ និងអំពាវនាវដល់អ្នកវិនិយោគទុនចិនមកបណ្តាក់ទុនកាន់តែច្រើននៅកម្ពុជា ជាពិសេសនៅ ខេត្តព្រះសីហនុ ។

លោក លាំង ឈីលាំង ប្រធានសមាគមពាណិជ្ជកម្មជនជាតិចិននៅកម្ពុជាប្រចាំខេត្តព្រះសីហនុបានមានប្រសាសន៍ថា ដោយឈរលើកិច្ចសហប្រតិបត្តិការផ្លូវមួយខ្សែក្រវាត់មួយ និងទំនាក់ទំនងជិតស្និទ្ធរវាងប្រទេសទាំងពីរ នឹងជួយឱ្យខេត្តព្រះសីហនុទទួលបានការអភិវឌ្ឍ និងរីកចម្រើនរុងរឿង ។ លោកបានគូសបញ្ជាក់ថា សមាគមពាណិជ្ជកម្មជនជាតិចិន នឹងខិតខំទាក់ទាញវិនិយោគិនចិនមកវិនិយោគនៅខេត្តព្រះសីហនុឱ្យកាន់តែច្រើន ដើម្បីអភិវឌ្ឍន៍ និង ជំរុញសេដ្ឋកិច្ចខេត្តឆ្នេរសមុទ្រមួយនេះ ។

នាឱកាសនោះដែរ លោកឧកញ៉ា ជា សឿន អនុប្រធានអចិន្ត្រៃយ៍នៃសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជាបានថ្លែងផងដែរថា ជំនួបសហគ្រិនពាណិជ្ជកម្មជនជាតិចិនខេត្តព្រះសីហនុនេះ គឺជាឱកាសមួយបានទទួលការពិភាក្សា ការផ្លាស់ប្តូរគំនិតយោបល់ ការចាប់ដៃគូពាណិជ្ជកម្ម រវាងអ្នកបណ្តាក់ទុនចិន ។ លោកឧកញ៉ារីករាយ និង ស្វាគមចំពោះវត្តមានវិនិយោគិនចិននៅខេត្តព្រះសីហនុ ហើយរំពឹងថា ទីក្រុងឆ្នេរសមុទ្រដ៏ស្រស់ស្អាតមួយនេះ នឹងក្លាយជាទីក្រុងខ្នាតអន្តរជាតិមួយដែលមានការអភិវឌ្ឍខ្ពស់ ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner