សំណង់នៃអាគារគម្រោងខុនដូកម្រិតផ្កាយ៥ The Flora Suites ដែលមានកំពស់៣៨ជាន់ នឹងបង្ហាញខ្លួននាពេលឆាប់ៗនៅក្នុងសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន
ភ្នំពេញ៖ គម្រោងអាគារខុនដូរដ៏ប្រណិតលំដាប់ផ្កាយ៥ The Flora Suites ដែលមានកំពស់៣៨ជាន់ មានទីតាំងស្ថិតនៅកណ្តាលនៃសង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ នឹងលេចចេញ ជារូបរាងក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ ដែលវិនិយោគឡើងដោយក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ The Flora ដែលជាក្រុមហ៊ុនខ្មែរក្នុងស្រុក ខណៈគំរោងថ្មីនេះ ត្រូវបានបើកលក់សំរាប់អតិថិជនកម្រិត វីអាយភី ឬ (លំដាប់អ្នកមាន) នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលពិធីនេះ បានធ្វើឡើងនៅ សណ្ឋាគារ Rosewood នៃអាគារវឌ្ឍនៈ ក្នុងរាជធានីភ្នំពេញ ។
លោកឧកញ៉ា លីម កុកឡុង នាយកប្រតិបត្តិ នៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ The flora បានមានប្រសាសន៍ថា គំរោង The Flora Suites ដែលជាគម្រោងថ្មី ប្រណិត ស៊ីវិល័យ ដោយយកលំនាំ បែបលោកខាងលិចនេះ នឹងចាប់ផ្តើមសាងសង់នៅពាក់កណ្តាលឆ្នាំក្រោយ ដែលមានទំហំអគារសរុប ២០.៧៨៦ម៉ែត្រការ៉េ ដោយប្រើពេលសាងសង់ប្រមាណ២ទៅ៣ឆ្នាំ មានកំពស់៣៨ជាន់ និងមាន១៩៨ យូនីត រចនាម៉ូតបែបទំនើប បំពាក់ទៅដោយកញ្ចក់ហ៊ុពទ្ធ័ជុំវិញអគារ ដែលអាចឲ្យអ្នករស់នៅមើលឃើញនូវទេសភាពជុំវិញទីក្រុងបានយ៉ាងល្អ ពិសេសទេសភាពទីក្រុងភ្នំពេញ ពេលថ្ងៃរៀបលិចយ៉ាង ច្បាស់ទៀតផង។
បើតាមលោកឧកញ៉ា លីម កុកឡុង គម្រោង The Flora Suites នេះ គឺជាផលិតផលថ្មីស្រឡាង នៃការខិតខំប្រឹងប្រែងរបស់ឌឹផ្លរ៉ា សម្រាប់បំពេញនូវតម្រូវការទីផ្សាររបស់ព្រះរាជាណាចក្រកម្ពុជា ហើយ នេះជាឱកាសរបស់គ្រួសារដឹផ្លរ៉ា ក្នុងការបំពេញស្នាដៃ ក៏ដូចជាបម្រើប្រជាជនកម្ពុជា និងជាការលើក មុខមាត់របស់ប្រទេសយើងផងដែរ ។
លោកឧកញ៉ាបញ្ជាក់ថា ក្នុងនាមជាក្រុមហ៊ុនវិនិយោគលើអចលនទ្រព្យក្នុងស្រុកមួយ ដែលធ្វើការផ្គត់ផ្គង់ផ្ទះទៅតាមតម្រូវការជាក់ស្តែងរបស់អតិថិជនគ្រប់ស្រទាប់វណ្ណៈ ក្នុងព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងការសាងសង់អគារលំនៅដ្ឋាន តាមរយៈបុរីដ៏ទំនើបបំផុត ដែលមានការរចនាម៉ូតបែបខ្មែរ និងអឺរ៉ុបរួមបញ្ចូលគ្នានោះ យើងបានយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការវិនិ យោគបែបអឺរ៉ុប ភ្ជាប់នូវបច្ចេកវិទ្យាចុងក្រោយ ដែលផ្តល់ឲ្យអតិថិជនយើងទទួលបាននូវផលិតភាព ក្នុង ការរស់នៅដោយសម្បូរបែប ដោយនៅជាន់ទី៧ នៃខុនដូឌឹផ្លរ៉ាស្វីត មានក្លឹបហាត់ប្រាណ អាងហែលទឹក កន្លែងស្ទីម សោណា យូហ្គា និងកន្លែងសម្រាប់ក្មេងលេង ។
នៅជាន់ទី៣៦ មាន Sky Club ដែលមាន ជាភោជនីយដ្ឋានលំដាប់អន្តរជាតិ ហាងកាហ្វេ បន្ទប់ប្រជុំ ដែលអតិថិជនដែលស្នាក់នៅ អាចពិភាក្សា ការងារផ្សេងបាន ដោយមិនចាំបាច់ចេញក្រៅ ។ ចំណែកឯនៅជាន់ទី៣៧ មាន Sky Bar ដែលអាច ទទួលទានអាហារ ខណះនៅជាន់ទី៣៨ មាន Sky Restaurant គឺជាភោជនីយដ្ឋាន ដែលស្ថិតនៅជាន់ កំពូលនៃអាគារ ដែលអាចមើលទេសភាពរាជធានីភ្នំពេញ និងទន្លេមេគង្គ និងគយគន់ទេសភាពថ្ងៃលិច បានយ៉ាងស្អាត ។
ជាមួយគ្នានេះ លោក សាំង សុភក្រ្ត័រ៉ាឌី នាយកផ្នែកលក់ និងជំនួយការអគ្គនាយិការ រងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ The Flora បានបន្ថែមដែរថា ចំណុចពិសេស The Flora Suites នេះគឺបញ្ជាក់ពីភាពអភិជន ភាពទាន់សម័យ និង ការរស់នៅដ៏សម្បូរបែប ។ គំរោងនេះ នឹងបើកលក់ ជាផ្លូវការសម្រាប់អតិថិជនទូទៅក្នុងពេលឆាប់ៗខាងមុខនេះ ដោយបែងចែកជាយូនីតខុសៗគ្នា មានតំលៃ ចាប់ពី១០ម៉ឺនដុល្លាឡើងទៅ ។
សូមបញ្ជាក់ថា ខុនដូទំនើបបែបស៊ីវីល័យ និងទាន់សម័យនៅកម្ពុជា ជាពិសេសរាជធានីភ្នំពេញ កំពុងមានតម្រូវការខ្ពស់ ដោយសារកម្ពុជាបច្ចុប្បន្នសម្បូរអ្នកមកវិនិយោគ ដែលជាកត្តាលីករជំរុញធ្វើឲ្យ សេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើន និងស្របពេលប្រជាជនមានជីវភាពកាន់តែធូរធា ដែលធ្វើឲ្យពួកគាត់ ចង់បានការស្នាក់នៅកម្រិតខ្ពស់ ។ ហើយយោងតាមរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានោះនៅក្នុងវិស័យវិនិយោគ កម្ពុជាសម្រេចបាននូវលទ្ធផលយ៉ាងល្អប្រសើរ ដោយគិតចាប់តាំងពីឆ្នាំ២០១៦ មកដល់ខែសីហា ឆ្នាំ២០១៩ បានសម្រេចលើគម្រោងវិនិយោគចំនួន៨៣១គម្រោង ដែលមានទុនវិនិយោគសរុបប្រមាណជាង២២,៥ប៊ីលានដុល្លារអាមេ៉រិក ៕ធ.ដ