លោក ញឹក ប៊ុនឆៃ រម្លឹកពីការបែកបាក់មេដឹកនាំបក្សប្រឆាំង និងហ៊្វុនស៊ិនប៉ិច ដល់អ្នកគាំទ្រ

ភ្នំពេញ៖ លោក ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានរម្លឹកអំពីការបែកបាក់មេដឹកនាំបក្សប្រឆាំង និងហ៊្វុនស៊ិនប៉ិច ដល់តំណាងកម្មករ កម្មការិនី រចនាសម្ព័ន្ធ និងបេក្ខភាពក្រុមប្រឹក្សាសង្កាត់ ឆ្នាំ២០២២ នៅភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី២៧ ខែកុម្ភ:នេះ។

នៅក្នុងឱកាសនោះ លោក ញឹក ប៊ុនឆៃ បានជម្រាបជូនតំណាងកម្មករ កម្មការិនី រចនាសម្ព័ន្ធ និងបេក្ខភាពក្រុមប្រឹក្សាសង្កាត់ ឆ្នាំ២០២២ អំពីគោលនយោបាយរបស់គណបក្សខ្មែររួបរួមជាតិ និងគោលជំហររបស់គណបក្ស រួមទាំងបានរម្លឹកពីការដែលលោកបានចាកចេញពីគណបក្សហ៊្វុនស៊ិនប៉ិច មកបង្កើតគណបក្សខ្មែររួបរួមជាតិ។ ក្រៅពីនេះ លោក ញឹក ប៊ុនឆៃ ក៏បានលើកឡើងពីការដែលតុលាការកំពូលរំលាយអតីតគណបក្សសង្គ្រោះជាតិផងដែរ។ ការរំលាយនេះ ក៏ដោយសារថ្នាក់ដឹកនាំគណបក្សអតីតគណបក្សសង្គ្រោះជាតិ បានធ្វើសកម្មភាពខុសច្បាប់ ញុះញង់កម្មករធ្វើបាតុកម្មនៅផ្លូវវ៉េងស្រេង បង្កអសន្តិសុខ អស្ថេរភាព បង្កឱ្យមានអំពើហិង្សា និងប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល។

លោក ញឹក ប៊ុនឆៃ បានបន្តថា ផ្ទៃក្នុងរបស់អតីតមេដឹកនាំបក្សប្រឆាំងកំពុងតែបែកបាក់រវាងក្រុមលោកកឹម សុខា និងលោក សម រង្ស៊ី ដោយវ៉ៃប្រហារហែកហួរគ្នាតាមបណ្តាញសង្គម។ ការបែកបាក់នេះ គឺមកដល់ពេលនេះលោក កឹម សុខា និងលោក សម រង្ស៊ី មិនមែនជាមនុស្សតែមួយទៀតទេ ពីព្រោះមនុស្សរបស់អតីតមេដឹកនាំបក្សប្រឆាំងទាំងពីររូបនេះ បានសុំសិទ្ធិធ្វើនយោបាយឡើងវិញ និងបានបង្កើតគណបក្សនយោបាយ មានដូចជា គណបក្សកែទម្រង់កម្ពុជា ដែលមានលោក ប៉ុល ហំម ជាប្រធាន។ គណបក្សកម្ពុជានិយម លោក យ៉ែម បុញ្ញឬទ្ធិ ជាប្រធាន។ គណបក្សខ្មែរអភិរក្ស លោក រៀល ខេមរិន្ទ្រ ប្រធាន។ គណបក្សខ្មែរស្រឡញ់ជាតិ លោក ជីវ កត្តា ប្រធាន។ ចុងក្រោយនេះ គណបក្សភ្លើងទៀន បានធ្វើសកម្មភាពដែលមានការគាំទ្រពីលោកសម រង្ស៊ី។

លោក ញឹក ប៊ុនឆៃ បានបញ្ជាក់ថា មកដល់ពេលនេះ មានមន្ត្រីអតីតគណបក្សប្រឆាំង និងគណបក្សហ៊្វុនស៊ិនប៉ិច រួមទាំងសមាជិកមកពីគណបក្សនយោបាយផ្សេងទៀត បានមកចូលរួមជាមួយគណបក្សខ្មែររួបរួមជាតិ ជាបន្តបន្ទាប់៕
ដោយ:ពលជ័យ

ads banner