ជនសង្ស័យចំនួន ២នាក់ ត្រូវបានចាប់ឃាត់ខ្លួនដោយកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត

ព្រះវិហារ៖ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ខេត្តព្រះវិហារ កាលពីវេលាម៉ោង១៤.០០នាទី រសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ម្សិលមិញ បានឆ្មក់ចុះបង្ក្រាបករណីរក្សាទុកគ្រឿងញៀន និងធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ នៅចំណុច ភូមិកោងយោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ។

លោកអនុសេនីយ៍ឯក ជុន បូរ៉ា មេបញ្ជាការ ស្នាក់ការមូលដ្ឋានកងរាជអាវុធហត្ថស្រុកជាំក្សាន្ត បានឲ្យដឹងនៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះថា៖ ក្រោយទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុហត្តខេត្ត ក្រោមការសម្របសម្រួល ពីលោក ទី សុវិនថាល់ ព្រះរាជអាជ្ញា នៃសាលាដំបូងខេត្តព្រះវិហារ។ កម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ចំនួន ០៧នាក់ រថយន្តចំនួន ០២គ្រឿង អាវុធAK47ចំនួន ០២ដើម ដឹកនាំបញ្ជាផ្ទាល់ដោយលោកអនុសេនីយ៍ឯក ជុន បូរ៉ា បានឆ្មក់ចុះបង្ក្រាបករណីរក្សាទុក ប្រើប្រាស់ និងចែកចាយ បន្តនូវសារធាតុញៀនខុសច្បាប់មួយកន្លែង ក្នុងភូមិសាស្ត្រខាងលើ និងធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន ២នាក់ មានឈ្មោះ កែវ គីមឡា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ ទាហានឆ័ត្រយោង៩១១ រស់នៅភូមិកោងយោង ឃុំយាង ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ, ឈ្មោះ ដុស ចាន់រី ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ ទាហានឆ័ត្រយោង៩១១ រស់នៅភូមិកំពេញ ឃុំយាង ស្រុកជាំក្សាន្ត ។

ចាប់យកវត្ថុតាងរួមមាន៖ ១.ម្សៅក្រាមពណ៏សថ្លាសង្ស័យថ្នាំញៀនចំនួន១២កញ្ចប់ (កញ្ចប់ធំចំនួន០៣ និង០៩កញ្ចប់តូច) ទម្ងន់ស្មើ៤៧.១០ក្រាម, ទូរស័ព្វដៃចំនួន០៤គ្រឿង, លុយខ្មែរចំនួន៤០១៥០០៛, កាំភ្លើងកែច្នៃប្រើហ្គាសចំនួន០១ដើម, គ្រាប់កាំភ្លើងAK.47ចំនួន០៩គ្រាប់, ខ្សែក ធ្វើពីលោហៈធាតុ(ផ្លាទីន)ចំនួន០១ខ្សែ, ខ្សែដៃ ធ្វើពីលោហៈធាតុ(ផ្លាកទីន)ចំនួន០១ខ្សែ, ជញ្ជៀនធ្វើពីលោហៈធាតុ(ផ្លាកទីន)ចំនួន០១វង់, ដាវចំនួន០១, គ្រាប់ពីដាងកង់ចំនួន០១ប្រអប់, កាបូបស្ពាយចំនួន០១, កាបូបដាក់លុយចំនួន០២, និងសម្ភារៈសម្រាប់វេចខ្ចប់ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនមួយចំនួនទៀត ។

លោកថា៖ បច្ចុប្បន្នជនសង្ស័យ ព្រមជាមួយនឹងវត្ថុតាង ត្រូវបានកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកជាំក្សាន្ត ធ្វើការបញ្ជូនបន្តទៅកងរាជអាវុធហត្ថខេត្តព្រះវិហារ ដើម្បីចាត់ការតាមច្បាប់៕ សួន លីណា

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner