អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយក្រុងស្វាយរៀង ជំរុញចលនាកៀរគរសមាជិកថ្មី

ស្វាយរៀង៖ ឯកឧត្តម ជុក មុន្នី អនុប្រធានទី១ គណៈពង្រឹងគណបក្សប្រជាជនកម្ពុជា ចុះជួយក្រុងស្វាយរៀង បានជំរុញឱ្យធ្វើចលនាកៀរគរយុវជនចូលរួមសកម្មភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ស្របតាមគោលនយោបាយបក្ស «ពង្រឹងចាស់ ពង្រីកថ្មី» ឆ្ពោះទៅរកការទទួលបានជ័យជម្នះក្នុងព្រឹត្តិការណ៍បោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ ឆ្នាំ២០២២នេះ។

ការថ្លែងជំរុញរបស់ឯកឧត្តម ជុក មុន្នី បានធ្វើឡើងក្នុងពិធីសំណេះសំណាល និងបញ្ចូលសមាជិកបក្សថ្មី នៅក្នុងសង្កាត់ស្វាយរៀង ១០១នាក់ នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២។ ក្នុងពិធីនោះ មានការចូលរួមពីឯកឧត្តមបណ្ឌិត កែរ រដ្ឋា ប្រធានក្រុមការងារ ចុះជួយសង្កាត់ស្វាយរៀង និងលោក លោកស្រី ជាក្រុមការងារជាច្រើនរូបទៀត។

ឯកឧត្តមជុក មុន្នី បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះសមាជិកថ្មីចំនួន ១០១នាក់ ដែលចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា។ លោកចាត់ទុកការចូលរួមនេះ គឺជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ពីព្រោះគណក្សប្រជាជនកម្ពុជា ជាបក្សនយោបាយ ដែលបានសាងស្នាដៃជាច្រើនសម្រាប់សង្គមជាតិ និងមានគោលនយោបាយច្បាស់លាស់ក្នុងការកសាងជាតិ។

ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកឡើងអំពីការអភិវឌ្ឍនៅខេត្តស្វាយរៀង ក៏ដូចជាក្រុងស្វាយរៀង ដោយមានរោងចក្រសហគ្រាសជាច្រើន ជាពិសេសរោងចក្រផលិតសំបកកង់រថយន្តខ្នាតអន្តរជាតិ ដែលអាចស្រូបយកកម្មករ កម្មាការិនី មកបម្រើការងាររាប់ម៉ឺននាក់ ដោយមិនចាំបាច់ចំណាកស្រុកនោះទេ។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត កែរ រដ្ឋា ក៏បានឧបត្ថម្ភថវិកាមួយចំនួន និងអាវគណបក្សដល់ក្រុមប្រឹក្សាសង្កាត់ និងសមាជិកគណបក្សដែលទើបបញ្ចូលថ្មីផងដែរ ៕ ប្រភព ស្វាយរៀង

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner