អភិបាលខេត្តកំពតនឹងរៀបចំកែលម្អផ្សារដងទង់ឲ្យមានសោភ័ណ្ឌភាព អនាម័យ និងងាយស្រួលលក់ដូរជាងមុន
កំពត ៖ ដើម្បីសម្រួលដល់ការលំបាករបស់អាជីវករ ប្រជាពលរដ្ឋទូទៅឲ្យមានភាពងាយស្រួលក្នុងការយកទំនិញ និងកសិផលផ្សេងៗមកលក់នៅផ្សារដងទង់ ស្រុកដងទង់ ខេត្តកំពត អភិបាលខេត្តកំពតបានអះអាងថា នឹងរៀបចំសណ្តាប់ធ្នាប់ ជួសជុលកែលម្អសោភ័ណ្ឌភាព និងអនាម័យផ្សារឲ្យល្អប្រសើរជូនអាជីវករ និង ប្រជាពលរដ្ឋ។
នៅព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត ក្នុងដំណើរចុះជួបសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យស្ថានភាពលក់ដូររបស់អាជីវករនៅផ្សារដងទង់ ស្រុកដងទង់ ខេត្តកំពត។ ក្រោយពីបានបានពិនិត្យស្ថានភាពផ្សាររួច និងដោយមានសំណូមពរពីអាជីវករ និងប្រជាពលរដ្ឋផងនោះ ឯកឧត្តមអភិបាលខេត្តបានអះអាងទទួលរៀបចំកែលម្អ ហេដ្ឋារចនាសម្ព័ន្ធទាំងខាងក្នុង និងជុំវិញផ្សារ មានដូចជាការស្ថាបនាផ្លូវបេតុងជុំវិញផ្សារ ការចាក់សាបក្នុងផ្សារ ការរៀបចំដំបូលផ្សារ ការដាក់ប្រព័ន្ធលូបង្ហូរទឹកកក្វក់ ការរៀបចំកន្លែងឲ្យសមរម្យសម្រាប់ប្រជាពលរដ្ឋលក់ដូរជាលក្ខណៈកញ្ច្រែងកញ្ជើល្អី ការរៀបចំប្រព័ន្ធខ្សែរភ្លើងឲ្យមានសណ្តាប់ធ្នាប់ ការរៀបចំឲ្យមានសន្តិសុខយាមការពារផ្សារនៅពេលយប់ និងការគ្រប់គ្រប់ងសំរាមឲ្យបានល្អផងដែរ ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា ការធ្វើដំណើរមកដល់ផ្សារដងទង់ដោយមិនបានប្រាប់ទុកមុននេះ ព្រោះឯកឧត្តមចង់ដឹងពីស្ថានភាពពិតជាក់ស្តែងរបស់បងប្អូនអាជីវករលក់ដូរនៅទីនេះដើម្បីទទួលបានធាតុចូល និងព័ត៌មានជាក់លាក់អំពីតម្រូវការ ការលំបាកក្នុងការប្រកបរបររកទទួលទានប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ក្នុងនាមរដ្ឋបាលខេត្ត ពិសេសក្នុងនាមសមាជិកនៃក្រុមគ្រួសារក្នុងខេត្តកំពត ឯកឧត្តមអភិបាលខេត្ត បានស្នើដល់អាជ្ញាធរ មន្ត្រីជំនាញពាក់ព័ន្ធ អ្នកដេញភាស៊ីផ្សារ និងអាជីវករទាំងអស់ ត្រូវសហការគ្នារៀបចំ ឡើងប្លង់មេដែលត្រូវស្ថាបនាជួសជុល កែលម្អផ្សារឲ្យបានលឿន ដើម្បីកុំឲ្យអាជីវករពិបាក និងរង់ចាំយូរ។
ក្នុងឱកាសថ្ងៃនេះដែរ មុនអញ្ជើញចុះពិនិត្យផ្សារ ឯកឧត្តមអភិបាលខេត្តកំពតក៏បានចុះជួបសំណេះសំណាលសួរសុខទុក្ខ និងពិនិត្យស្ថានភាពនៃការចាក់វ៉ាក់សាំងការពារកូវីដ១៩ជូនប្រជាពលរដ្ឋនៅមណ្ឌលសុខភាព ដងទង់ និងជួបសំណេះសំណាល់ប្រជាពលរដ្ឋនៅតាមខ្នងផ្ទះផងដែរ ៕Sila Sarin