រដ្ឋមន្ត្រីក្រសួងកសិកម្ម ណែនាំដល់មន្ត្រីគ្រប់អង្គភាពក្រោមឱវាត បង្កើនការយចិត្តទុកដាក់ខ្ពស់ ផ្សព្វផ្សាយអំពីហានីភ័យ នៃការប្រើប្រាស់គ្រឿងញៀន

នាទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ កាលពីព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដមរដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពី “ការចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងដែនសមត្ថកិច្ចរបស់ក្រសួងកសិកម្ម ។

ឯកឧត្តម វេង សាខុន បានលើកយកបីចំណុចសំខាន់មកជម្រាបជូនអង្គប្រជុំមាន៖ ទី១- និន្នាការនៃការផលិត ការចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀននៅកម្ពុជា។ ទី២- ផលប៉ះពាល់ដោយត្រង់ និងដោយប្រយោលនៃការប្រើប្រាស់គ្រឿងញៀន ហានីភ័យ និងវិបត្តិដល់សង្គមគ្រួសារ យ៉ាងមហន្តរាយ និងទី៣- វិធានការការពារទាំងវិធានការច្បាប់ រដ្ឋបាល និងបច្ចេកទេស ដែលត្រូវអនុវត្តឲ្យខាងតែបាន ដើម្បីរួមគ្នាដោះស្រាយបញ្ហានេះឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់បំផុត។

ក្នុងនាមស្ថាប័នជំនាញបច្ចេកទេស ដែលមានតួនាទី និងភារកិច្ចទទួលខុសត្រូវចំពោះមុខរាជរដ្ឋាភិបាល ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការណែនាំ ដល់គ្រប់អង្គភាពក្រោមឱវាតក្រសួង ដែលជាប្រធាន អនុប្រធាន និងសមាជិក សមាជិកា ឲ្យបង្កើនការយចិត្តទុកដាក់ខ្ពស់ ដោយត្រូវធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយតាមគ្រប់រូបភាពអំពីហានីភ័យនៃការផលិត ការចរាចរ ការជួញដូរ និងការប្រើប្រាស់គ្រឿងញៀន ដល់មន្ត្រី សហគមន៍កសិកម្ម សហគមន៍ព្រៃឈើ សហគមន៍វារីវប្បកម្ម និសិ្សត ក្រុមហ៊ុនដែលបាននិងកំពុងធ្វើអាជីវកម្មទាក់ទងនឹងវិស័យកសិកម្ម ជាពិសេសវត្ថុធាតុដើមផ្សំ ផលិតជី និងថ្នាំកសិកម្ម វត្ថុធាតុដើមផ្សំ និងផលិតបសុឱសថ ថ្នាំការពារជំងឺសត្វ និងសារធាតុផ្សំ ឬបន្ថែមក្នុងចំណីសត្វជាដើម ។

អគ្គលេខាធិការក្រសួង ច្រកចេញចូលតែមួយ លេខាធិការដ្ឋានសម្បទានដីសេដ្ឋកិច្ច រដ្ឋបាលព្រៃឈើ រដ្ឋបាលជលផល អគ្គនាយកដ្ឋានកសិកម្ម អគ្គនាយកដ្ឋានកៅស៊ូ និងនាយកដ្ឋានកសិ-ឧស្សាហកម្មត្រូវពិនិត្យតាមដានឲ្យបានជាប់ជាប្រចាំនូវរាល់សកម្មភាពនាំចេញ នាំចូលនូវរាល់សារធាតុគីមី ថ្នាំកសិកម្ម និងសារធាតុផ្សំ មកប្រើក្នុងក្រុមហ៊ុន។

ត្រូវចាត់វិធានការផ្លូវច្បាប់ឲ្យបានម៉ឺងម៉ាត់ ខ្ជាប់ខ្ជួន និងត្រូវបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ និងត្រូវចូលរួមអនុវត្តឲ្យមានប្រសិទ្ធភាពលើផែនការលេខ០១ ស្តីពីយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៧ សម្រាប់អនុវត្តចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា។ ចំពោះស្ថាប័នអប់រំមាន សកលវិទ្យាល័យភូមិន្ទកសិកម្ម វិទ្យាស្ថានជាតិកសិកម្មព្រែកលៀប និងកំពង់ចាម ត្រូវរៀបចំបញ្ជ្រាបក្នុងកម្មវិធីសិក្សា និងត្រូវចៀសឲ្យផុតពីបញ្ហានេះ ។

ឯកឧត្តម វេង សាខុន បានណែនាំឲ្យឯកឧត្តមប្រធានក្រុមការងារត្រូវបង្កើនកិច្ចសហការឲ្យបានទូលំទូលាយ និងស៊ីជម្រៅ ជាមួយអាជ្ញាធរគ្រឿងញៀន ដើម្បីឲ្យការអនុវត្តផែនការសកម្មភាពសម្រេចទទួលបានជោគជ័យ ៕ ដោយ ៖ក្រសួងកសិកម្ម

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner