ទីប្រឹក្សាក្រសួងអប់រំយុវជន និងកីឡា ថ្លែងថា មុខវិជ្ជាអប់រំកាយបែបថ្មី គឺជាមុខវិជ្ជាបង្ហាញទិសសម្រាប់សិស្សចាប់យកកីឡាជំនាញជាអាជីពប្រចាំជីវិត
ឯកឧត្តម ព្រំ បុណ្ណយី ទីប្រឹក្សាក្រសួងអប់រំយុវជន និងកីឡា បានថ្លែងលើកឡើងថា មុខវិជ្ជាអប់រំកាយ និងកីឡាបែបថ្មី ដែលចងក្រងដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស សម្រាប់កម្មវិធីសិក្សា ក្នុងគ្រឹះស្ថានសិក្សា ចាប់ពីថ្នាក់បឋមសិក្សា មធ្យមសិក្សា និងមធ្យមសិក្សាទុតិយភូមិ គឺជាមុខវិជ្ជាបង្ហាញទិសដល់សិស្សានុសិស្ស ដើម្បីចាប់យកជំនាញកីឡាក្លាយជាអាជីព និងកីឡាប្រចាំជីវិត ស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលប្រជាពលរដ្ឋម្នាក់ត្រូវចេះលេងកីឡាមួយមុខប្រចាំជីវិត ។ ការថ្លែងលើកឡើងបែបនេះ ក្នុងពិធីបិទសិក្ខាសាលា ស្តីពីការអនុវត្តន៍ផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយ នៅក្នុងគ្រឹះស្ថានសិក្សា នៅវិទ្យាល័យបាក់ទូក ។
ឯកឧត្តម គូបញ្ជាក់ទៀតថា ដើមឡើយមុខវិជ្ជាអប់រំកាយ និងកីឡាមិនមានមូលដ្ឋានគ្រឹះ ចងក្រងជាសៀវភៅសម្រាប់គ្រូៗ នៅតាមសាលាយកទៅអនុវត្ត ក្នុងការបង្ហាត់សិស្សដូចពេលបច្ចុប្បន្ននេះឡើយ ពោល ការបង្ហាត់គ្រាន់តែឲ្យសិស្សតម្រង់ជួរលើកដៃលើកជើងចំនួននាទី១០ និងលេងកីឡាមួយចំនួន ដូចជា បាល់ទាត់ បាល់ទះ បាល់បោះ ប៉ុន្តែបច្ចុប្បន្ននេះ មុខវិជ្ជាអប់រំកាយបែបថ្មី បានចងក្រងចេញជាសៀវភៅ ដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស មានមូលដ្ឋានគ្រឹះគ្រប់គ្រាន់សម្រាប់គ្រូយកទៅអនុវត្តន៍ ក្នុងការបង្រៀនដល់សិស្ស ហើយធ្វើឲ្យសិស្សបានយល់ដឹងកាន់តែច្បាស់ពីកីឡា ពិសេសអាចធ្វើឲ្យសិស្សចាប់យកប្រភេទកីឡាណាមួយ ដែលគេចូលចិត្តហ្វឹកហាត់អភិវឌ្ឍខ្លួនក្លាយជាកីឡាករអាជីពបាននាពេលអនាគត ។ ឯកឧត្តម អះអាងថា តាមរយៈសិក្ខាសាលាស្តីពីការអនុវត្តន៍ផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយនៅក្នុងគ្រឹះស្ថានសិក្សា រយៈពេល៣ថ្ងៃ ដែលរៀបចំដោយអង្គការក្រៅរដ្ឋាភិបាលបេះដូងមាស ចែករំលែកដល់លោកគ្រូ អ្នកគ្រូ ស្តីអំពីរបៀបវាយតម្លៃ និងរបៀបរៀបចំដឹកនាំសម្រាប់ថ្នាក់អប់រំកាយ ចាប់ពី បឋមសិក្សា មធ្យមសិក្សា និងមធ្យមសិក្សាទុតិយភូមិ នឹងក្លាយជាធាតុចូលដ៏សំខាន់ក្នុងការដឹកនាំអនុវត្តន៍ដោយប្រសិទ្ធិភាព ដើម្បីវិស័យអប់រំកាយ និងកីឡា នៅក្នុងគ្រឹះស្ថានសិក្សាកាន់តែរីកចំរើន ។
លោក ប៉ាង ស៊ុយ នាយករង វិទ្យាល័យបាក់ទូក បានលើកឡើងថា មុខវិជ្ជាអប់រំកាយបែបថ្មីនេះ ពិតជាមានសំខាន់ខ្លាំងសម្រាប់សិស្ស ដើម្បីយល់ដឹងពីតួនាទីភារៈកិច្ចអំពីគ្រូបង្រៀនអប់រំកាយ និងកីឡា ពិសេសគឺការបង្កើតផែនការ និងការបង្កើតផែនការមេរៀនអប់រំកាយប្រចាំឆ្នាំ ។
សូមបញ្ជាក់ថា សិក្ខាសាលា ស្តីពីការអនុវត្តន៍ផែនការអភិវឌ្ឍមុខវិជ្ជាអប់រំកាយ នៅក្នុងគ្រឹះស្ថានសិក្សា សម្រាប់ថ្នាក់បឋមសិក្សា មធ្យមសិក្សា និងមធ្យមសិក្សាទុតិយភូមិ រៀបចំដោយអង្គការបេះដូងមាស សម្រាប់រាជធានីភ្នំពេញនេះ សិក្ខាកាមដែលចូលរួម គឺជាមន្រ្តី មន្ទីរអប់រំកាយ និងកីឡា និង ការិយាល័យ ខណ្ឌ ស្រុក ៕ អត្ថបទ៖ ជាវ ចន្ធូ









