ប្រមុខអង្គការសហប្រជាជាតិ៖ ការប្រយុទ្ធគ្នានៅអ៊ុយក្រែនត្រូវតែបញ្ឈប់ជាបន្ទាន់
ញូយ៉ក ៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អាន់តូនីញ៉ូ ហ្គូដទែរ៉េស នៅថ្ងៃចន្ទដើមសប្តាហ៍នេះ បានធ្វើការអំពាវនាវឱ្យបញ្ចប់ប្រតិបត្តិការយោធានៅក្នុងប្រទេសអ៊ុយក្រែនជាបន្ទាន់។
ក្នុងកំឡុងសម័យប្រជុំពិសេសបន្ទាន់ នៃមហាសន្និបាតអង្គការសហប្រជាជាតិស្តីពីវិបត្តិអ៊ុយក្រែន លោក ហ្គូដទែរ៉េស បានបញ្ជាក់ដូច្នេះថា ការប្រយុទ្ធគ្នានៅអ៊ុយក្រែនត្រូវតែបញ្ឈប់… វាកំពុងឆាបឆេះពេញប្រទេស តាំងពីផ្លូវអាកាស ដីគោក និងសមុទ្រ។ វាត្រូវតែបញ្ឈប់ឥឡូវនេះ… គ្រប់គ្រាន់គឺគ្រប់គ្រាន់ហើយ… ទាហានត្រូវរើត្រឡប់ទៅបន្ទាយវិញ… មេដឹកនាំត្រូវផ្លាស់ទីទៅរកសន្តិភាព… ជនស៊ីវិលត្រូវតែត្រូវបានការពារ… ច្បាប់មនុស្សធម៌ និងសិទ្ធិមនុស្សអន្តរជាតិត្រូវតែរក្សា។
លោកបានសង្កត់ធ្ងន់ទៀតថា អធិបតេយ្យភាព ឯករាជ្យ និងបូរណភាពទឹកដីនៃប្រទេសអ៊ុយក្រែន ដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិ គឺត្រូវតែគោរព។
លោកបានព្រមានថា យើងកំពុងប្រឈមមុខនឹងសោកនាដកម្មមួយសម្រាប់អ៊ុយក្រែន ប៉ុន្តែក៏ជាវិបត្តិក្នុងតំបន់ដ៏ធំមួយ ដែលមានផលប៉ះពាល់ជាមហន្តរាយសម្រាប់យើងទាំងអស់គ្នា។
កាលពីម្សិលមិញ កងកម្លាំងនុយក្លេអ៊ែររុស្ស៊ីត្រូវបានដាក់ឱ្យមានការប្រុងប្រយ័ត្នក្នុងកម្រិតខ្ពស់។ នេះគឺជាការវិវឌ្ឍន៍ដ៏ត្រជាក់មួយ។ យ៉ាងណាមិញ លោកបានសម្តែងក្តីសង្ឃឹមថា កិច្ចចរចាផ្ទាល់ដែលធ្វើឡើងនាពេលនេះ រវាងគណៈប្រតិភូអ៊ុយក្រែន-រុស្ស៊ី នឹងមិនត្រឹមតែអាចបញ្ឈប់ការប្រយុទ្ធគ្នាភ្លាមៗប៉ុណ្ណោះទេ ប៉ុន្តែក៏ជាផ្លូវឆ្ពោះទៅរកដំណោះស្រាយការទូតផងដែរ៕ ប្រភព៖ ស៊ីនហួរ ដោយ៖ ឈឹម ទីណា



