រថយន្តដឹកឥដ្ឋ ១គ្រឿង បេីកបរខ្វះការប្រុងប្រយ័ត្ន បុកម៉ូតូពេញទំហឹង បណ្តាលឱ្យនារីម្នាក់ស្លាប់ភ្លាមៗ

ភ្នំពេញ៖ រថយន្តដឹកឥដ្ឋ ១គ្រឿង បេីកបរដោយខ្វះការប្រុងប្រយ័ត្ន ជ្រុលបុកម៉ូតូ ១គ្រឿងពេញទំហឹង រួចកិនចំដងខ្លួនបែកខ្ទេចដងខ្លួនស្ទើរដាច់ជាពីកំណាត់ បណ្តាលឱ្យនារីម្នាក់ ជាម្ចាស់ម៉ូតូស្លាប់បាត់បង់ជីវិតភ្លាមៗនៅនឹងកន្លែង។ ហេតុការណ៍គ្រោះថ្នាចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីព្រឹក ថ្ងៃទី០១ ខែមិនា ឆ្នាំ២០២២ ស្ថិតនៅតាមផ្លូវណតប្រ៊ីដ ខាងត្បូងភ្លើងស្តុប២០០៤ ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

សពមានឈ្មោះ លាង ពេជ្ររស្មី ភេទស្រី អាយុ ២២ឆ្នាំ ជាបុគ្គលិកផ្នែកការពារ និងការបាត់បង់នៃនាយកដ្ឋានផ្នែកផ្សារទំនើប មានទីលំនៅ ផ្ទះលេខ ៤៧Eo ផ្លូវលេខ២២៣ ភូមិ៤ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ បណ្តាញអប្សរាព័ត៌មាន (AMS) ឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញនារីម្នាក់ ជិះម៉ូតូ ១គ្រឿង ម៉ាក HONDA ZOOMER.X ពណ៌ខ្មៅលាយទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 1GO-3065 បានធ្វើដំណើរតាមបណ្តោយផ្លូវណតប្រ៊ីដ ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនយឺតល្មម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានបត់ត្រឡប់ក្រោយវិញ វាងសួនច្បារទ្រូងផ្លូវ រួចឆ្លងផ្លូវ ក៏ស្រាប់តែមានរថយន្តដឹកឥដ្ឋ ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាកស្លាកលេខ ភ្នំពេញ 3C-3531 ធ្វើដំណើរមកតាមបណ្តោយផ្លូវណតប្រ៊ីដ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ជ្រុលបុកពីក្រោយម៉ូតូពេញទំហឹង ដួលអូសជាច្រើនម៉ែត្រ រួចកិនចំដងខ្លួនបែកខ្ទេចដងខ្លួនស្ទើរដាច់ជាពីកំណាត់ បណ្តាលឱ្យនារីម្នាក់ ជាម្ចាស់ម៉ូតូស្លាប់បាត់ជីវិតភ្លាមនៅនឹងកន្លែងកើតហេតុតែម្តង។

បន្ទាប់ពីបង្កគ្រោះថ្នាក់ភ្លាមៗនោះ រថយន្តបានបើកទៅមុខប្រមាណ ១០០ម៉ែត្រ រួចឈប់តៃកុងរថយន្តក៏បានចុះរត់គេចខ្លួនបាត់ នៅសល់តែកម្មករ និងព្រូ ដែលជាអ្នករួមដំណើរចំនួន ៣នាក់ (ស្រី២ ប្រុស១) ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួន ដើម្បីយកទៅសាកសួរបន្ត។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់ទីតាំងកន្លែងកើតហេតុ រួចធ្វើការទំនាក់ទំនងទៅខាងសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទាំង ២គ្រឿង យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ។ ចំណែកឯ សពត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចរាល់ ក៏ប្រគល់សពឱ្យក្រុមគ្រួសារសាច់ញាតិ យកទៅឈាបនដ្ឋានវត្តទួលទំពូង ដើម្បីយកធ្វើបុណ្យតាមប្រពៃណី៕ ដោយ ឆៃហួត

ងីម ឆៃហួត
ងីម ឆៃហួត
ជាអ្នកយកព័តមានសន្តិសុខសង្គម នៅស្ថានីយទូរទស្សន៍អប្សរា ចាប់ពីឆ្នាំ២០១៥ រហូតមកដល់ ឆ្នាំ២០២២ បច្ចប្បន្ននេះ ដោយធ្លាប់បានឆ្លងកាត់បទពិសោធន៍ និងការលំបាក ព្រមទាំងបានចូលរួមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈអ្នកសារព័ត៌មានជាច្រើនលើកផងដែរ។
ads banner
ads banner
ads banner