អាជ្ញាធរស្រុកឆែប កំពុងរៀបចំទីធ្លាចាក់សម្រាមមួយឲ្យបានសមរម្យ ដើម្បីលើកកម្ពស់អនាម័យ និងការរក្សាបានបរិស្ថានល្អ
ខេត្តព្រះវិហារ ៖ ផ្ទៃដីបម្រុងទុករបស់រដ្ឋមួយកន្លែង ដែលមានទំហំប្រមាណ ៣៦ហិចតា ត្រូវបានអាជ្ញាធរស្រុកឆែប កំណត់យកមកធ្វើជាទីធ្លាសម្រាប់ស្តុកទុក នូវកាកសំណល់រឹង ក្នុងគោលបំណងបញ្ជៀសភាពកង្វក់ ជួយលើកកម្ពស់ការអនាម័យ រក្សាបាននូវបរិស្ថានស្អាត និងធ្វើឲ្យប្រជាប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន រស់នៅប្រកបដោយផាសុខភាពខ្ពស់។
អភិបាលស្រុកឆែប លោក សុខ សានតារា នៅថ្ងៃទី៣ មីនានេះ បានដឹកនាំក្រុមការងារជំនាញ ចុះពិនិត្យទីតាំងមួយកន្លែង ដែលអាជ្ញាធរស្រុកបានគ្រោងទុក និងកំពុងដំណើរការកសាងទីធ្លារចាក់សម្រាម (កាកសំណល់រឹង) ឲ្យបានសមរម្យ ដែលមានចម្ងាយប្រមាណជិត ៣គីឡូម៉ែត្រ ពីទីប្រជុំជនស្រុក ស្ថិតនៅក្នុងភូមិឆែបលិច ឃុំឆែប១ ស្រុកឆែប ខេត្តព្រះវិហារ ។
![](https://asset.ams.com.kh/central/media/photo_2022-03-03_17-00-36-1.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-03_17-00-37-1.jpg)
តំណាងមេឃុំឆែប១ លោក ខាំ ភាន បានប្រាប់ឲ្យដឹងថា ផ្ទៃដីចាក់សម្រាមនេះ មានទំហំ ៣៦ហិចតា គឺអាជ្ញាធរភូមិ ឃុំ និងស្រុក បានសហការគ្នារក្សាទុកជាយូរមកហើយ ដើម្បីយកទីតាំងនេះ មកធ្វើជាទីចាក់សម្រាម។ លោកបន្តថា នៅពេលដែលអាជ្ញាធរចុះអនុវត្តគម្រោង ផ្ទៃដីទាំងនេះមានភាពចម្រូងចម្រាស់ខ្លះៗ ជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន និងពលរដ្ឋមកពីស្រុកផ្សេងៗទៀត ប្រមាណ ២៥គ្រួសារ ដោយសារពួកគាត់បានលួចចូលកាប់រុករានទន្ទ្រានកាន់កាប់ជាកម្មសិទ្ធិ ដោយខុសច្បាប់។
លោក ខាំ ភាន បានបញ្ជាក់ថា ផ្ទៃដីបម្រុងទុក និងប្រជាពលរដ្ឋបានលួចកាប់ទន្ទ្រាននេះ ភាគច្រើនអាជ្ញាធរមិនបានទទួលស្គាល់ពីការកាន់កាប់នោះទេ តែមានចំនួនតិចតួចគ្រួសារណាស់ ដែលអាជ្ញាធរភូមិ ឃុំដឹងឭ ដោយសារពួកគាត់បានដាំដុះដំណាំកសិកម្មរួចហើយ…។
ប្រជាពលរដ្ឋម្នាក់ ក្នុងចំណោមគ្រួសារផ្សេងទៀត ដែលមានការពាក់ព័ន្ធនឹងការចូលទន្ទ្រានកាន់កាប់យកដីរដ្ឋជាកម្មសិទ្ធ នៅក្នុងមូលដ្ឋាននោះ លោក ឡឹក សារុន បានបញ្ជាក់ ដោយទទួលស្គាល់ថា ផ្ទៃដីដែលលោកបានចូលកាប់ទន្ទ្រានយកនោះ មានទំហំ ១៦ហិចតា ហើយដីព្រៃទាំងនេះ លោកមិនបានទិញដូរពីប្រជាពលរដ្ឋ ឬមន្ត្រីណាមួយឡើយ។ ប៉ុន្តែ ពេលនេះអាជ្ញាធរត្រូវការអភិវឌ្ឍតំបន់នេះ លោកបានសម្រេចចិត្តប្រគល់ជូនជាសម្បត្តិរដ្ឋវិញ ដោយមិនទាមទាសំណងអ្វីឡើយ…។
![](https://asset.ams.com.kh/central/media/photo_2022-03-03_17-00-35-1.jpg)
លោកអភិបាលស្រុកឆែប បានបញ្ជាក់ទៀតថា ការរៀបចំទីចាក់សម្រាមឲ្យបានត្រឹមត្រូវនាពេលនេះ គឺមានក្រុមហ៊ុនមកវិនិយោគ ស្របទៅនឹងគោលការរបស់ក្រសួងបរិស្ថាន ដែលបានដាក់ចេញ និងធ្វើការផ្សព្វផ្សាយ។ ដូច្នេះ រយៈកាលកន្លងមកនេះ អាជ្ញាធរស្រុកបានកំណត់យកតំបន់នេះទាំងស្រុង ធ្វើជាទីលានចាក់សម្រាម ដែលស្របទៅនឹងគោលការ បទដ្ឋានគតិយុត្តិទាំងឡាយ និងសេចក្តីណែនាំរបស់ក្រសួងបរិស្ថាន ៕ ដោយ៖ឡុង សំបូរ