រដ្ឋបាលក្រុងសៀមរាប ដាំកូនឈើព្រៃលិចទឹក ចំនួន ៥០០ដើម នៅតំបន់បឹងពារាំង មាត់បឹងទន្លេសាប
សៀមរាប ៖ កូនឈើព្រៃលិចទឹកប្រភេទ កូនរាំង កូនកន្សែង និង កូនត្រស ចំនួន ៥០០ដើម ត្រូវបានរដ្ឋបាលក្រុងសៀមរាប សហការជាមួយរដ្ឋបាលជលផលខេត្ត មន្ទីរបរិស្ថានខេត្ត និង សហគមន៍ទេសចរណ៍បឹងពារាំង ក្រោមការជួយឧបត្ថម្ភ របស់ក្រុមហ៊ុន Foodpanda នាំយកទៅដាំនៅក្នុងតំបន់បឹងពារាំង ស្ថិតក្នុងសង្កាត់ជ្រាវ ក្រុងខេត្តសៀមរាប ក្រោមការដឹកនាំរបស់ លោក ប៊ូ ម៉េងទ្រី អភិបាលរងនៃគណៈអភិបាលក្រុងសៀមរាប ដោយមានអ្នកចូលរួមចំនួន ១០០នាក់ ។
![](https://asset.ams.com.kh/central/media/photo_2022-03-03_17-08-27-1024x682.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-03_17-08-28-1024x682.jpg)
លោក គង់ មង្គល ប្រធានសហគមន៍ទេសចរណ៍ បឹងពារាំង បានបញ្ជាក់ថា កូនឈើដែលបានយកមកដាំនៅទីកន្លែងដែលរងការរុករានទន្ទ្រាន ឈូសឆាយ ហ៊ុព័ទ្ធយកជាកម្មសិទ្ធិខុសច្បាប់ ដោយជនខិលខូចនាពេលកន្លងមក ដោយតំបន់នេះជាព្រៃលិចទឹក ដែលមានសារៈប្រយោជន៍ជាច្រើនដល់មច្ឆជាតិ សត្វ និង មនុស្ស ។
![](https://asset.ams.com.kh/central/media/photo_2022-03-03_17-08-30-1024x682.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-03_17-08-31-1024x682.jpg)
លោក ប៊ូ ម៉េងទ្រី ក៏បានបញ្ជាក់ថា ដើមី្បអនុវត្តបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដែលថ្លែងកាលពីថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០២១ ឲ្យក្រសួងគ្រប់ស្ថាប័នពាក់ព័ន្ធ និង ខេត្តទាំង៥ ជាប់តំបន់ទំនាបព្រៃលិចទឹកនៃបឹងទន្លេសាប ត្រូវធ្វើការទប់ស្កាត់ និងបង្រ្កាបជាបន្ទាន់ ចំពោះការលួចកាន់កាប់ ព្រៃលិចទឹក និង វាទទីយកដីនៅតាមបឹងទន្លេសាប រដ្ឋបាលក្រុងសៀមរាប បានធ្វើការដាំកូនឈើចម្រុះ នៅដីតំបន់៣ ក្នុងបឹងទន្លេសាប លើផ្ទៃដីដែល រដ្ឋបានដកហូតពីជនខិលខូចកន្លងមក ហើយក៏ជាលើកទី៥ផងដែរ ។
![](https://asset.ams.com.kh/central/media/photo_2022-03-03_17-08-33-1024x682.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-03_17-08-34-1024x682.jpg)
លោកបានឲ្យដឹងទៀតថា ក្នុងពេលកន្លងមក រដ្ឋបាលក្រុងសៀមរាបក៏បានធ្វើការដាំត្នោត ចំនួន ៦ម៉ឺនគ្រាប់ នៅតាមព្រំប្រទល់តំបន់៣ ក្នុងភូមិសាស្ត្រក្រុងសៀមរាប មានប្រវែង ២៨គីឡូម៉ែត្រ ។ ម៉្យាងទៀតថ្ងៃនេះ ក្រោមការជួយឧបត្ថម្ភរបស់ក្រុមហ៊ុន Foodpanda យើងបានដាំកូនឈើចម្រុះចំនួន ៥០០ ដើម នៅលើផ្ទៃដី ២ហិចតា ក្នុងតំបន់បឹងពារាំង មាត់បឹងទន្លេសាប ៕ ដោយ ៖ ម៉ី សុខារិទ្ធ
![](https://asset.ams.com.kh/central/media/photo_2022-03-03_17-08-39-1024x682.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-03_17-08-42-1024x682.jpg)
![](https://asset.ams.com.kh/central/media/photo_2022-03-03_17-08-44-1024x682.jpg)