រដ្ឋមន្ត្រីការបរទេសអាស៊ានអំពាវនាវឱ្យមានបទឈប់បាញ់ នៅអ៊ុយក្រែន

ភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសអាស៊ាន មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះស្ថានការណ៍ដែលកាន់តែធ្ងន់ធ្ងរ និងស្ថានភាពមនុស្សធម៌ដែលធ្លាក់ចុះកាន់តែដុនដាប ដែលបណ្តាលមកពីអរិភាពយោធាដែលកំពុងបន្តនៅក្នុងប្រទេសអ៊ុយក្រែន។ ដូច្នេះហើយ យើងសូមអំពាវនាវឱ្យមានបទឈប់បាញ់ជាបន្ទាន់ ឬកិច្ចព្រមព្រៀងឈប់បាញ់ និងការបន្តការសន្ទនានយោបាយដែលនឹងនាំទៅរកសន្តិភាព ប្រកបដោយចីរភាពនៅអ៊ុយក្រែន។ យើងគូសបញ្ជាក់ពីសារៈសំខាន់នៃបទឈប់បាញ់ ដើម្បីបង្កើតបរិយាកាសអំណោយផលសម្រាប់ការចរចា ដើម្បីដោះស្រាយវិបត្តិបច្ចុប្បន្ន និងជៀសវាងការឈឺចាប់របស់ប្រជាជនស្លូតត្រង់ ដែលកាន់តែកើនទ្បើង។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអាស៊ាន នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២។

ដោយរំលឹកឡើងវិញនូវសេចក្តីថ្លែងការណ៍ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ រដ្ឋមន្ត្រីការបរទេសអាស៊ានសូមបញ្ជាក់នូវការជឿជាក់ថា នៅតែមានឱកាសនៃការសន្ទនាដោយសន្តិវិធី ដើម្បីគ្រប់គ្រងបាននូវស្ថានការណ៍ និងបញ្ឈប់ការកើនឡើងនៃការបាត់បង់ជីវិត និងរបួសជនស៊ីវិល និងយោធា ព្រមទាំងផលប៉ះពាល់អវិជ្ជមានដែលកើតមាននៅទូទាំងពិភពលោក។ ក្នុងន័យនេះ អាស៊ានបានត្រៀមខ្លួនរួចជាស្រេចក្នុងការសម្របសម្រួលកិច្ចសន្ទនាដោយសន្តិវិធីក្នុងចំណោមភាគីពាក់ព័ន្ធ តាមគ្រប់មធ្យោបាយដែលអាចធ្វើទៅបាន៕
ដោយ៖ពលជ័យ

ads banner