ពិភពលោកប្រារព្ធទិវាសត្វព្រៃ និងខណៈដែលកម្ពុជាបើកយុទ្ធនាការ អន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិ
ភ្នំពេញ៖នៅថ្ងៃទី ៣ ខែមីនានេះ ពិភពលោកទាំងមូលបានប្រារព្ធ ទិវាសត្វព្រៃពិភពលោក ក្រោមប្រធានបទ៖ «ការស្រោចស្រង់ ឡើងវិញនូវប្រភេទសត្វសំខាន់ៗដើម្បីស្តារបហរព័ន្ធអេកូឡូស៊ី»ដែលជាផ្នែកមួយនៃ ការទាញចំណាប់អារម្មណ៍ពិភពលោកលើស្ថានភាព នៃការអភិរក្សនៃប្រភេទសត្វព្រៃនិងជីវៈចម្រុះមួយចំនួនដែលកំពុងរងគ្រោះថ្នាក់ខ្លាំងជាសកល និងដើម្បីពិភាក្សានិងរកដំណោះស្រាយ ព្រមទាំងអនុវត្តវិធានាការចាំបាច់ និងបន្ទាន់នានាដើម្បីជួយការពារ អភិរក្សសត្វព្រៃទាំងនេះឱ្យបានស្ថិតស្ថេរគង់វង្ស។
ក្រសួងបរិស្ថានបានឱ្យដឹងថា ក្នុងក្របខ័ណ្ឌនេះ ក្រសួងបរិស្ថាន ក្នុងនាមសេនាធិការឱ្យរាជរដ្ឋាភិបាលកម្ពុជា និងក្រសួង ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ ក្រោមជាតិ អង្គការដៃគូរបស់ក្រសួងបរិស្ថាន ដែលធ្វើកិច្ចការលើការងារអភិរក្សបានចូលរួមសហការជាមួយក្រសួង បរិស្ថាន រៀបចំយុទ្ធនាការមួយដើម្បីបង្កើនសុវត្ថិភាពកាន់តែខ្ពស់ ដល់ សត្វព្រៃគ្រប់ប្រភេទ ជាពិសេសប្រភេទសត្វកម្រដែលកំពុងទទួល ប្រឈមនឹងគ្រោះថ្នាក់។ យុទ្ធនាការនោះមានឈ្មោះថា «យុទ្ធនាការ អន្ទាក់សូន្យក្នុងតំបន់ការពារធម្មជាតិកម្ពុជា» ដែលយើងទាំងអស់គ្នា កំពុង ចូលរួមបើកជាផ្លូវការនៅពេលនេះ។
គួរបញ្ជាក់ថា «យុទ្ធនាការអន្ទាក់សូន្យនៅក្នុងតំបន់ការពារ ធម្មជាតិ កម្ពុជា» ត្រូវបានផ្តួចផ្តើមគំនិត និងដឹកនាំរៀបចំដោយក្រសួង បរិស្ថានដោយមានការចូលរួមសហការពីសំណាក់អង្គការជាតិនិងអន្តរជាតិដៃគូក្នុងកិច្ចការអភិរក្សធនធានធម្មជាតិរបស់ក្រសួងបរិស្ថាន។ ចាប់ផ្តើមជាផ្លូវការនៅថ្ងៃទី៣ ខែមីនានេះ យុទ្ធនាការអន្ទាក់ សូន្យ នឹង ប្រព្រឹត្តទៅសម្រាប់រយៈពេលប្រាំមួយ ខែនៅក្នុងបណ្តាខេត្ត ខាងកើតទន្លេមេគង្គរួមមាន៖ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ និង ខេត្តកំពង់ធំ។
យុទ្ធនាការនេះនឹងមិនបញ្ឈប់ត្រឹមខេត្តប្រាំមួយនេះទេ យុទ្ធនាការ អន្ទាក់សូន្យវគ្គទី២ ក្រសួងបរិស្ថាននិងអង្គការដៃគូនឹងផ្តោតលើ បណ្តា ខេត្តដែលមានតំបន់ការពារធម្មជាតិផ្សេងទៀត ក្នុងនោះមាន តំបន់ជួរភ្នំក្រវាញនៃប្រទេសកម្ពុជាដែលរួមមាន៖ខេត្តកំពង់ស្ពឺ កោះកុង ពោធិ៍សាត់ បានត់ដំបង ប៉ៃលិននិង កំពង់ឆ្នាំងផងដែរ។
ជាមួយគ្នានេះ ក្រសួងបរិស្ថានបានថ្លែងអំណរ គុណអង្គការដៃ គូសហការការពារនិងអភិរក្សតំបន់ការពារធម្មជាតិឃាមួយក្រសួងបរិស្ថានរួមមានអង្គការមូលនិធិសកលសម្រាប់អភិរក្សធនធានធម្មជាតិ (WWF) សមាគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អង្គការជីវិត សត្វស្លាបអន្តរជាតិ (Birdlife International) អង្គការអភិរក្ស អន្តរជាតិ (CI) អង្គការ Fauna and Flora International (FFI) អង្គការ Wild Earths Allies គម្រោងព្រៃឡង់បៃតង USAID Green Prey Lang។
ក្រសួងបរិស្ថានបានធ្វើការចោទសួរថា តើហេតុអ្វីបានជាយើង ទាំងអស់ គ្នាត្រូវចូលរួមក្នុងយុទ្ធនាការអន្ទាក់សូន្យ? ការបើក យុទ្ធនាការ អន្ទាក់សូន្យនៅថ្ងៃទី៣ ខែមីនាស្របពេលដែលពិភព លោកប្រារព្ធទិវាសត្វព្រៃពិភពលោកនេះមានគោលបំណងសំខាន់រួមមាន៖ ការផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ដោយសារអន្ទាក់ ទៅ លើជីវិត សត្វ និងជីវិតមនុស្ស ពង្រឹងការអនុវត្តច្បាប់ ការផ្លាស់ ប្តូរឥរិយាបថពលរដ្ឋឱ្យបង្កើនការប្រតិបត្តិមេត្រីបរិស្ថាន ស្រឡាញ់ សត្វព្រៃជីវៈចម្រុះ និងការលុបបំបាត់ការបរបាញ់សត្វ ការដាក់អន្ទាក់ ខុសច្បាប់ និងការលុបបំបាក់ការជួញដូរសាច់សត្វព្រៃ ក៏ដូចជាបង្កើន សុវត្ថិភាពដល់សត្វព្រៃគ្រប់ប្រភេទ និងការបង្កើនធនធានសម្រាប់ ការងារ ការពារនិងអភិរក្សធម្មជាតិ៕ដោយ៖ម៉ាដេប៉ូ