មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងម៉ាឡេស៊ីជួបពិភាក្សាទ្វេភាគី (Video Inside)
មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងមេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ី បានជួបគ្នា ថ្ងៃនេះដោយភាគីទាំង២បានសម្តែង «ការពេញចិត្តនូវការរីកចំរើននៃទំនាក់ទំនងមិត្តភាពនិង កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង២កម្ពុជា-ម៉ាឡេស៊ីក្នុងវិស័យសំខាន់ៗជាច្រើនរួមទាំង វិស័យការពារជាតិ»។
ការជួបគ្នារវាងលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាមួយនឹងនាយឧត្តមសេនីយ៍តាន់ស្រ៊ី ដាតូស្រ៊ី ហ្សាមរ៉ូស ប៊ីន ម៉ូដ ហ្សេន បានធ្វើឡើងក្នុងឳកាសដែល មេបញ្ជាការកងទ័ពជើងគោកម៉ាឡេស៊ីនិងគណៈប្រតិភូ កំពុងបំពេញទស្សនកិច្ចផ្លូវការ២ថ្ងៃក្នុង ប្រទេសកម្ពុជា។
សេចក្តីប្រកាសព័ត៌មានរបស់កងទ័ពជើងគោកកម្ពុជាពាក់ព័ន្ធនឹងកិច្ចសហប្រ តិបត្តិការទ្វេភាគីក្នុងកម្រិតកងទ័ពជើងគោក «ភាគីទាំង២បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលនៃ ដំណើរទស្សនកិច្ចនេះដែលជាការបើកទំព័រថ្មីនៃទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកងទ័ព ជើងគោកនៃប្រទេសទាំង២ឱ្យកាន់តែសកម្ម ស៊ីជម្រៅនិងរឹងមាំ»។
សេចក្តីប្រកាសព័ត៌មាន បានបន្តថា «ភាគិទាំង២ បានពិភាក្សាគ្នាលើគោលគំនិតនិងទិសដៅសហប្រតិបត្តិការមួយ ចំនួនដែលមានសារៈសំខាន់និងផ្តល់ប្រយោជន៍ទៅវិញទៅមករួមមាន៖ ទី១/ ការបង្កើនសកម្ម ភាពកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសក្នុងផ្នែកហ្វឹកហ្វឺនបណ្តុះបណ្តាលធនធានមនុស្ស និងផ្នែកសន្តិសុខព័ត៌មាន, ទី២/ ការលើកកម្ពស់កម្រិតនៃទំនាក់ទំនងកាន់តែខ្ពស់ឡើងជាង ពេលបច្ចុប្បន្នតាមរយៈការសម្រេចឱ្យក្រុមការងារចាប់ផ្តើមពិនិត្យនិងសិក្សាអំពីការរៀបចំ យន្តការ Army to Army Talks និងទី៣/ ការរួមគ្នាសម្លឹងមើលកាលានុវត្តភាព, ការពង្រីកកិច្ច សហប្រតិបត្តិការលើផ្នែកសក្តានុពលផ្សេងៗទៀតក្នុងពេលអនាគត។
កិច្ចពិភាក្សាដដែល បានផ្តោតលើបញ្ហាសន្តិសុខអន្តរជាតិ, បញ្ហាជម្ងឺរាតត្បាត, ការបង្កើនទំនាក់ទំនងកិច្ចសហប្រ តិបត្តិការទ្វេភាគីរវាងកងទ័ពជើងគោកនៃប្រទេសទាំង២កម្ពុជា ម៉ាឡេស៊ីនិងការបន្តគាំទ្រ សកម្មភាពនានានាំទៅដល់ការថែរក្សាសន្តិភាពនិងស្ថិរភាពក្នុងតំបន់។