គជបចាប់ផ្តើមចុះឈ្មោះបេក្ខជននយោបាយនៅថ្ងៃនេះ (Video Inside)
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ្រោងនឹងចាប់ផ្តើមចុះឈ្មោះបេក្ខជនចូលរួមបោះ ឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់មកពីគណបក្សនយោបាយនានា នៅថ្ងៃសុក្រនេះហើយ។
មន្ត្រីនាំពាក្យគជប លោក ហង្ស ពុទ្ធា បានថ្លែងបញ្ជាក់នៅថ្ងៃនេះជុំវិញការចាប់ផ្តើមទទួល ចុះ ឈ្មោះបេក្ខជនឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណ្ណត្តិទី៥ ឆ្នាំ២០២២ ខណៈគណបក្សនយោបាយចំនួន១១ ស្នើសុំបង្កើតគណនីប្រើប្រាស់ កម្មវិធីរៀបចំបញ្ជីបេក្ខជនរបស់ខ្លួន។
លោក ហង្ស ពុទ្ធា ថ្លែងថា «មុនឈានទៅដល់ដំណើរ ការជាផ្លូវការនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណ្ណត្តិទី៥, គជប បានដំណើរ ការប្រកាសអំពីបញ្ជីឈ្មោះបោះឆ្នោតដំបូងឆ្នាំ២០២១»។ លោកបានបន្តថារហូតមកដល់ ដំណាក់កាលបន្ទាប់នេះ គឺការរៀបចំបញ្ជីបេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយ ដើម្បីចូលរួមការប្រកួតប្រជែងសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់។
លោក បញ្ជាក់ថាការចុះឈ្មោះបេក្ខជនរបស់គណបក្សនយោបាយនានា នឹងដំណើរការចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ខែមីនា ដែលការចុះឈ្មោះបេក្ខជននឹងត្រូវធ្វើឡើងតាមបណ្តាឃុំ-សង្កាត់។ មន្ត្រី គជប បានថ្លែងថា ក្នុងពេលដំណើរការចុះឈ្មោះបេក្ខជននៅថ្ងៃសុក្រស្អែកនេះ លក្ខខណ្ឌ របស់បេក្ខជនឈរឈ្មោះបោះឆ្នោតដែលត្រូវគោរពតាមនីតិវិធី រួមមានត្រូវមានសញ្ជាតិខ្មែរ និងត្រូវបានផ្ទេរសិទ្ធិជាតំណាងត្រឹមត្រូវពីគណបក្សនយោបាយ។
យោងតាមនីតិវិធីគជប, ក្រោយការចុះឈ្មោះបេក្ខជនរួច គជប នឹងផ្តល់ពេលមួយសប្តាហ៍ ដើម្បីពិនិត្យចំពោះការចុះឈ្មោះបេក្ខជន និងទុករយៈពេលចំនួន៥ថ្ងៃ ដើម្បីជូនដំណឹងដល់ គណបក្សនយោបាយក្នុងករណីការចុះឈ្មោះនោះមិនពេញលេញ ឬត្រឹមត្រូវទៅតាមលក្ខ ខណ្ឌរបស់គជប។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២២។ ប្រជាពលរដ្ឋដែលបានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតដំបូងឆ្នាំ២០២១ មានចំនួន ជិត១០លាននាក់ ខណៈការិយាល័យដំណើរការរៀបចំការបោះឆ្នោតនាពេលខាងមុខនៅ ទូទាំងប្រទេសមានសរុបចំនួន១ពាន់៦៥២ឃុំនិងសង្កាត់៕