រោងចក្រថាមពលនុយក្លេអ៊ែរ អ៊ុយក្រែនដ៏ធំបំផុតនៅទ្វីបអឺរ៉ុបត្រូវអគ្គិភ័យឆាបឆេះ បន្ទាប់ពីរងការវាយប្រហារដោយរុស្ស៊ី

កៀវ៖ រោងចក្រថាមពលនុយក្លេអ៊ែរ ហ្សាប៉ូរីសហ្ស៊ីយ៉ា (Zaporizhzhia) របស់ប្រទេសអ៊ុយក្រែន ដែលជារោងចក្រនុយក្លេអ៊ែរដ៏ធំបំផុតនៅទ្វីបអឺរ៉ុប ត្រូវបានអគ្គីភ័យឆាបឆេះនៅព្រឹកថ្ងៃសុក្រនេះ (ម៉ោងក្នុងតំបន់) ក្រោយទទួលរងការវាយប្រហារពីកងកម្លាំងរុស្ស៊ី។

អភិបាលក្រុង Enerhodar លោក Dmytro Orlov បានឱ្យដឹងថា អគ្គិភ័យនេះ ទំនងជាបង្កឡើងដោយការបាញ់ផ្លោងរបស់សត្រូវជាបន្តបន្ទាប់លើរោងចក្រ។ លោក Orlov ធ្លាប់បានរាយការណ៍អំពីការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងកងកម្លាំងអ៊ុយក្រែន និងរុស្ស៊ីនៅជាយក្រុងរបស់គាត់ ដែលស្ថិតនៅភាគអាគ្នេយ៍។ ទាហានរុស្ស៊ីបានព្យាយាមចូលទៅក្នុងទីក្រុងនេះដោយរថក្រោះ និងរឹបអូសយករោងចក្រ ប៉ុន្តែប្រជាពលរដ្ឋ និងកម្មករត្រូវបានគេឃើញប្រមូលផ្តុំគ្នាជុំវិញរោងចក្រ និងផ្លូវជុំវិញនោះ កាលពីថ្ងៃពុធសប្តាហ៍នេះ។

ថ្លែងនៅក្នុងសារមួយបង្ហោះលើ Twitter រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក ឌីមីត្រូ គូលេបា បាននិយាយថា កងទ័ពរុស្ស៊ីកំពុងបើកការវាយប្រហារចេញពីគ្រប់ទិសលើរោងចក្រ ហ្សាប៉ូរីសហ្ស៊ីយ៉ា ដែលជារោងចក្រថាមពលនុយក្លេអ៊ែរធំបំផុតនៅក្នុងតំបន់អឺរ៉ុប អគ្គីភ័យកំពុងឆាបឆេះរួចទៅហើយ។ បើតាមអាជ្ញាធរអ៊ុយក្រែន ក្រុមអ្នកពន្លត់អគ្គិភ័យមិនទាន់អាចធ្វើប្រតិបត្តិការរបស់ពួកគេបានឡើយទេ ខណៈកងទ័ពរុស្ស៊ីនៅតែបន្តការវាយប្រហារ៕ ប្រភព៖ CNA ដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner