ប្រតិភូអន្តរក្រសួងកម្ពុជានឹងចូលរួមការពាររបាយការណ៍ជាតិនៅគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ
ភ្នំពេញ៖ ឯកឧត្តម ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង ជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ នឹងដឹកនាំប្រតិភូនៃគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងប្រតិភូអន្តរក្រសួងចូលរួមការពាររបាយការណ៍ជាតិពាក់ព័ន្ធ នឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនយោបាយចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ក្នុង សម័យប្រជុំលើកទី១៣៤ នៃគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលកម្ពុជាបានដាក់របាយការណ៍ជាតិ លើកទី៥ កាលពីខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ។
សេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី៤ ខែមីនានេះបានបញ្ជាក់ថា ឯកឧត្តម ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និង ជារដ្ឋលេខាធិការក្រសួងយុត្តិធម៌នឹងដឹកនាំប្រតិភូនៃ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងប្រតិភូអន្តរក្រសួងរួមមាន ក្រសួងមហាផ្ទៃ ក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ ក្រសួងយុត្តិធម៌ ក្រសួងកិច្ចការនារី ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងព័ត៌មាន ចូលរួមការពាររបាយការណ៍ជាតិពាក់ព័ន្ធនឹងការអនុវត្តកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនយោបាយ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២ ក្នុងសម័យប្រជុំលើកទី១៣៤ នៃគណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ដែលកម្ពុជាបាន ដាក់របាយការណ៍ជាតិ លើកទី៥ កាលពីខែមេសា ឆ្នាំ២០១៩ កន្លងទៅនេះ។
ប្រភពដដែលបានបន្តថា ការការពាររបាយការណ៍ជាតិរបស់កម្ពុជានឹងប្រព្រឹត្ត ទៅក្នុង ទម្រង់ Hybrid ដោយគណៈ ប្រតិភូកម្ពុជាចូលរួម តាមប្រព័ន្ធវីដេអូ និង តម្រូវឲ្យឯកអគ្គរាជទូត និងតំណាង អចិន្ត្រៃយ៍កម្ពុជានៅទីក្រុងហ្សឺណែវ មានវត្តមាន នៅក្នុងសាលប្រជុំជាមួយរបស់គណៈកម្មាធិការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ។ ការការពាររបាយការណ៍នេះ ជាយន្តការមួយរបស់គណៈកម្មាធិការសិទ្ធិមនុស្ស អង្គការសហប្រជាជាតិ ដែលត្រូវ ធ្វើ ឡើងនៅរៀងរាល់ ៤ឆ្នាំម្តង សម្រាប់តាមដាននិងធ្វើ ឲ្យប្រសើរឡើងនូវស្ថានភាពសិទ្ធិមនុស្សនៅក្នុង ប្រទេសទាំងអស់ ដែល ជាសមាជិក អង្គការសហប្រជាជាតិ ។
ឯកឧត្តម ជិន ម៉ាលីន បានឲ្យដឹងថា លោកនឹងដឹកនាំប្រតិភូអន្តរក្រសួងចូលរួមក្នុងវេទិកាសិទ្ធិមនុស្សអន្តរជាតិរបស់ អង្គការសហប្រជាជាតិតាមប្រព័ន្ធវីដេអូ ដើម្បីការពារនូវសមិទ្ធិផល កិច្ចខិតខំប្រឹងប្រែង និងវិធានការរបស់រដ្ឋាភិបាល ក្នុងកិច្ចការពារនិងលើកស្ទួយសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយនៅកម្ពុជា ដោយត្រូវធ្វើការបំភ្លឺ ពន្យល់បកស្រាយ និងឆ្លើយតបទៅនឹងការចោទប្រកាន់មួយចំនួនមកលើកម្ពុជាដែលខុសពីការពិតជាក់ស្តែង៕ ដោយៈ ពលជ័យ